Ad Code

សម្តេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​សម្ពោធ​អគារ​ទីស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា​នៅក្នុង​ស្រុក​ត្បូងឃ្មុំ និង សំណេះសំណាល​ជាមួយ សមាជិក​បក្ស​ក្នុង​ខេត្ត​ត្បូងឃ្មុំ



ត្បូងឃ្មុំ ៖ នៅវេលា​ម៉ោង​៨​និង​១៥​នាទី​ព្រឹក ​ថ្ងៃទី​០២ ខែមិថុនា ឆ្នាំ​២០១៨​នេះ សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បាន​អញ្ជើញ​សម្ពោធ​ដាក់​ឲ្យ​ដំណើរការ​ជា​ផ្លូវការ​អគារ​ទីស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា​នៅក្នុង​ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ​។​

អគារ​ទីស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា​ស្រុក​ត្បូងឃ្មុំ​នេះ ជា​អំណោយ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដឹកនាំ​កសាង​ដោយ លោក ជា សុផារ៉ា សមាជិក​គណៈកម្មាធិការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​អនុប្រធាន​ទី​១ ចុះជួយ​ខេត្ត​ត្បូងឃ្មុំ និង​ជា​ប្រធាន​ក្រុមការងារ​ចុះ​ជួយ​ស្រុក​ត្បូងឃ្មុំ។

អគារ​ទីស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា​ស្រុក​ត្បូងឃ្មុំ​នេះ មាន​បណ្តោយ ៨០​ម៉ែត្រ គុណ​នឹង ៥៤​ម៉ែត្រ មាន​កម្ពស់​២​ជាន់​។ សំណង់​ធ្វើ​ពី​បេតុង ដែក ឥដ្ឋ និង​ដំបូល​ប្រក់​ក្បឿងស្រកាលេញ និង​ស័ង្កសី ស្ថិត​នៅលើ​ផ្ទៃដី​សរុប ១៥,២០២​ម៉ែត្រការ៉េ។

អគារ​ទីស្នាក់ការ​គណបក្ស​ប្រជាជន​មួយ​នេះ ជាទី​ស្នាក់ការ​ធំជាងគេ ដែលមាន​សាលប្រជុំ​អាចដាក់​មនុស្ស​បាន​ជាង ២៥០០​នាក់​។ មាន​រចនាប័ទ្ម​ស្ថាបត្យកម្ម​ខ្មែរ​ល្អ​សមស្រប និង​មានការ​តុបតែង​លម្អ​ផ្នែក​ខាងក្នុង និង​ខាងក្រៅ​ប្រកបដោយ​សោភ័ណភាព និង​គុណ​ភាពល្អ​ប្រណិត ដើម្បី​លើកស្ទួយ​អត្តសញ្ញាណ​ជាតិ។

គម្រោង​សាងសង់​អគារ​នេះ ​បាន​គោរព​តាម​បទដ្ឋាន​បច្ចេកទេស​សំណង់​កម្រិត​ខ្ពស់ ទាំង​គុណភាព សុវត្ថិភាព ដោយ​រៀបចំ​ប្រព័ន្ធ​ពន្លត់អគ្គិភ័យ​។ នៅក្នុង​បរិវេណ​ផ្នែក​ខាងមុខ​អគារ​មាន​សួនច្បារ​បង្ហាញ​ពី​ក្តី​ស្រឡាញ់​ចំពោះ​កម្ពុជា (I lOVE CAMBODIA) សម្រាប់​លម្អ​អគារ​។ បរិវេណ​ខាងមុខនេះ អាច​ចត​រថយន្ត​បាន​ជាង ១៥០​គ្រឿង​, របង និង ក្លោងទ្វារ​ធំ​ទូលាយ សសរ​ក្លោង​ពីរ កម្ពស់​៩​ម៉ែត្រ លម្អ​ដោយ​ម្កុដ​ទេវតា និង​មាន​ក្បាច់រចនា​បែប​ស្ថាបត្យកម្ម​ខ្មែរ​ល្អ​ប្រណិត៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu