Ad Code

ពេជ្រ សីហា សន្លប់​ក្រោម​ទម្ងន់​ជើង Khamlaipetch ក្នុង​ទឹក​២ ខ​ណៈ​ចាន់ សាន់ ផ្តួល Petchshunthorn អោយ​សន្លប់​ក្នុង​ទឹក​៣



ពេជ្រ សីហា អ្នក​ប្រដាល់​ជើងចាស់​នៃ​ក្លិប​ប្រកួត​គុន​ខ្មែរ បាន​ប្រកួត​ចាញ់​ថៃ​ក្នុង​ទឹក​ទី​២ ខ​ណៈ​ដែល ចាន់ សាន់ អ្នក​ប្រដាល់​ស្រករ​ក្រោយ​នៃ​ក្លិប​និរោធ​មានជ័យ បាន​ផ្តួល​ថៃ​អោយ​សន្លប់​ទឹក​ទី​៣ នៅក្នុង​ការជួប​ប្រកួត​គ្នា លើស​ង្វៀន​បាយ័ន​ស្ទឹងមានជ័យ កាលពី​យប់​ថ្ងៃ​សុក្រ​ទី​០១ ខែ​មិថុនា​ ឆ្នាំ២០១៨។

ពេជ្រ សីហា ត្រូវ​សន្លប់​ក្រោម​ទម្ងន់​ជើង​ទាត់​របស់​Khamlaipetch Phakthungchai ដែល​គេ​ទាត់​មួយ​ជើងឆ្វេង​ត្រូវចំ​ក្បាល​របស់​សីហា បណ្តាល​ឲ្យ​សីហា​ដួល​ដេក​លើ​រេញ​លែង​ក្រោក ទោះ​អាជ្ញាកណ្ដាល​រាប់​ដល់​ដប់​ក៏ដោយ ។ ពួកគេ​ទាំងពីរ បាន​ជួប​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៧០​គីឡូក្រាម។

Khamlaipetch អ្នក​ប្រដាល់​ថៃ​រូបនេះ មក​ប្រកួត​នៅ​ស្រុក​ខ្មែរ កម្រ​មាន​អ្នកយក​ឈ្នះ​បាន​ណាស់ ។ គេ​ធ្លាប់​វាយ​ឈ្នះ​រឿង សោ​ភ័​ណ្ឌ​ពីរលើក ឈ្នះ​ឡុង សុ​ភី​មួយ​លើក ឈ្នះ​ឡុង សុវណ្ណ​ឌឿ​ន​មួយ​លើក ឈ្នះ​ផុន ផាន់​ណាមួយ​លើក​និង​មកលើ​មុនគេ​បាន​យកឈ្នះ​វង្ស ណ​យ ដោយ​ពិន្ទុ​ទៀត​។ តែ​គេ​ក៏​ធ្លាប់​ចាញ់​មឿ​ន សុខ​ហ៊ុ​ចមួយ​លើក ចាញ់​ព្រំ សំណាង ពីរលើក​ផងដែរ។

ដូច្នេះហើយ​ទើប​មុន​ប្រកួត គេ​ថា ពេជ្រ សីហា​ពិបាក​សង្ឃឹម​ឈ្នះ Khamlaipetch ណាស់ ។ យ៉ាងណា ពេជ្រ សីហា ចាញ់ Khamlaipetch មែន ហើយ​ចាញ់​សន្លប់​ថែមទៀត ។ សីហា គេ​ចាញ់​ពីរ​ប្រកួត​ជាប់ៗ​គ្នា ដែល​មុននេះ​គេ​វាយ​ចាញ់​អ្នក​ប្រដាល់​ថៃ Watcharalek ក្នុង​ទឹក​ទី​២ ដែរ។

ចំពោះ​អ្នក​ប្រដាល់​ជើង​ខ្លាំង​ស្រករ​ក្រោយ ចាន់ សាន់ ក្លិប​និរោធ​មានជ័យ គេ​វាយ​បាន​យ៉ាង​ល្អ ដោយ​អាច​ផ្តួល អ្នក​ប្រដាល់​ថៃ​Petchshunthorn Singhamarsnussak អោយ​សន្លប់​ក្នុង​ទឹក​ទី​៣ ។ ពីរ​នាក់​នេះ ប្រកួត​គ្នា​ក្នុង​ទម្ងន់​៥៤​គីឡូក្រាម។

Petchshunthorn គេ​ចិត្ត​តូច​ដែរ​ទេ ព្រោះ​ពីរ​ទឹក​ដំបូង​គេ​មានប្រៀប​ឈ្នះ​លើ​ចាន់ សាន់​ទៅហើយ ដោយសារ​គេ​ខ្ពស់​ទាត់ និង​អុក​ជង្គង់​ត្រូវ​ចាន់​សាន់​ច្រើន​គួរសម​ដែរ ។​ប៉ុន្តែ​ចាន់ សាន់ ដែលមាន​ចិត្ត​ប្រដាល់​ធំ ហើយ​ព្យាយាម​វាយ​សន្ធាប់​ដោយ​កណ្តាប់ដៃ កែង និង​ជង្គង់​ត្រូវ​ច្រើនពេក​នោះ ធ្វើ​ឲ្យ​គេ​(Petchshunthorn)​គាំង ដែលជា​ឪ​កាស​ហុច​អោយ​ចាន់ សាន់ រឹតតែ​សម្រុកចូល​អោយ​វាយ​កែង និង​ជង្គង់ ចូល​ពោះ​ទឹក រហូត​ទាល់តែ​ដួល​ស្រុត​លើ​រេញ លែង​ក្រោក​តែម្តង។

ចាន់ សាន់ គេ​ចាញ់​កម្ពស់ Petchshunthorn ចង់​ជិត​មួយ​តឹក​ឯណោះ គឺ​១,៦៣​ម៉ែត្រ ទល់នឹង​១,៧០​ម៉ែត្រ តែដោយសារ​គេ​មានចិត្ត​ធំ​មិន​ព្រម​ចុះចាញ់ ផ្ទុយទៅវិញ​គេ​រឹតតែ​ដើរចូល​វាយ​សម្រុករ​ហូ​ត​ទាល់តែ Petchshunthorn ដួលសន្លប់។

ចាន់ សាន់ គេ​មាន​កំនត់ត្រា​ប្រកួត​ចំនួន​៦៦​លើក ឈ្នះ​៤៦​លើក ចាញ់​តែ ១៨ លើក និង​ស្មើ​០២​លើក​។​ចំណែក Petchshunthorn វិញ គេ​មាន​កំនត់ត្រា​ប្រកួត​ចំនួន​៦៧​លើក ឈ្នះ​៦១ លើក ចាញ់​តែ​០៤​លើក និង​ស្មើ​០២​លើក​។​

ចំពោះ​ការប្រកួត​រវាង​អ្នក​ប្រដាល់​រួម​ជាតិ​វិញ ហូ សុភា អ្នក​ប្រដាល់​ក្លិប​ឃ្លាំងមឿង​កីឡា​ខេត្តពោធិសាត់ បាន​ប្រកួត​ឈ្នះ អេ សា​រ័ត្ន អ្នក​ប្រដាល់​ក្លិប​អេ​ភូ​ថង​កីឡា​ដោយ​ពិន្ទុ បន្ទាប់ពី​ប្រកួត​គ្នា​៥​ទឹក​ពេញ​នោះ ។

ហូ សុភា គេ​មាន​ស្នៀត​ប្រដាល់​ល្អ ដោយ​វាយ​អេ សា​រ័ត្ន អោយ​បែក​ឈាម​លើ​ភ្នែក​ខាងស្តាំ​ក្នុង​ទឹក​ទី​៣ ។​ពួកគេ​ទាំងពីរ ប្រកួត​គ្នា​ក្នុង​ទម្ងន់​៥៤ គីឡូក្រាម ។​

​អ្នក​ប្រដាល់ ឡេង ម៉ៅ ក្លិប​ម៉ៃ​ទី​ក្រាំង​យ៉ូ​វ ប្រកួត​ចាញ់​អ្នក​ប្រដាល់​សំ ភក្តី ក្លិប​រ៉ា​ហាប់​ស្វាយប៉ាក ដោយ​ពិន្ទុ បន្ទាប់ពី​វាយ​គ្នា​ប្រាំ​ទឹក​ពេញ​នោះ ។​ពួកគេ​ទាំងពីរ ប្រកួត​គ្នា​ក្នុង​ទម្ងន់​៦៣,៥០០​គីឡូក្រាម៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu