ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានទទួលស្គាល់សញ្ញាបត្រវេជ្ជបណ្ឌិត របស់និស្សិតខ្មែរសិក្សានៅប្រទេសចិនចំនួន១០៥រូប បន្ទាប់ពីមានសំណើពីសមាគមនិស្សិតកម្ពុជាប្រចាំប្រទេសចិនរួចមក។
យោងតាមលិខិតរបស់លោកសាស្ត្រាចារ្យម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលដែលចេញផ្សាយកាលពីពេលថ្មីៗនេះបានឲ្យដឹងថា ក្រសួងសុខាភិបាលនឹងទទួលស្គាល់សញ្ញាបត្រដែលចេញផ្សាយដោយគ្រឹះស្ថានបណ្តុះបណ្តាលក្នុងវិស័យសុខាភិបាលស្របច្បាប់ពីសាធារណរដ្ឋប្រជាមានិតចិនទៅតាមសមត្ថភាពនិងកម្រិតជំនាញដែលក្មួយៗមាន។
លិខិតដដែលបានឲ្យដឹងទៀតថា ក្រសួងសុខាភិបាលសូមលើកទឹកចិត្តដល់និស្សិតដែលកំពុងសិក្សារៀនសូត្រនៅសាធារណរដ្ឋប្រជាមានិតចិនបន្តការខិតខំរៀនសូត្រឲ្យបានពូកែដើម្បីយកចំណេះដឹងមកបម្រើការងារជួនមានតុប្រទេសវិញ។
ចំណែកលោក អ៊ុ វុទ្ធទី ប្រធានសមាគមនិស្សិតកម្ពុជាប្រចាំប្រទេសចិន បានចេញលិខិតថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះក្រសួងសុខាភិបាល ដែលមានលោក សាស្ត្រាចារ្យម៉ម ប៊ុនហេង ជារដ្ឋមន្ត្រី បានចេញលិខិតក្នុងការទទួលសញ្ញាបត្ររបស់និស្សិតកម្ពុជា ដែលរៀនខាងជំនាញវេជ្ជបណ្ឌិតនៅប្រទេសចិន ជាពិសេសយុវជននិស្សិតកម្ពុជា នៅប្រទេសចិនទាំងអស់ និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលតែងតែការយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះយុវជននិស្សិតនៅប្រទេសចិន។
លោកបានមានប្រសាសន៍ថានិស្សិតកម្ពុជានៅប្រទេសចិន បានត្រៀមខ្លួនជាសម្រេចទៅចូលរួមបោះឆ្នោត នៅថ្ងៃទី២៩ ខែកក្កដា ខាងនេះ គឺបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីបន្តគាំទ្រសម្តេចតេជោ ហ៊ុន សែន ធ្វើជានាយករដ្ឋមន្ត្រី នៅអាណត្តិបន្តបន្ទាប់ ក្នុងការថែរក្សាសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិ៕
Source: Kampuchea Thmey Daily
0 Comments