ភ្នំពេញ ៖ នៅក្នុងរយៈពេល៤ខែដើមឆ្នាំ២០១៨នេះគិតចាប់ពីខែមករា ដល់ខែមេសា ឆ្នាំ២០១៨មាន ប្រជាពលរដ្ឋកម្ពុជាទៅទទួលសេវាថែទាំសុខភាព តាមមណ្ឌលសុខភាព និងមន្ទីរពេទ្យរដ្ឋទូទាំងប្រទេសសរុបចំនួន៤,៣១៧,៦៩១នាក់។
យោងតាមស្ថិតិនៃការប្រើប្រាស់សេវា ថែទាំសុខភាពរបស់ប្រជាពលរដ្ឋ នៃក្រសួងសុខាភិបាល បានឲ្យដឹងថា ក្នុងរយៈពេល៤ខែ ដើមឆ្នាំ២០១៨នេះ ប្រជាពលរដ្ឋបានមកពិនិត្យ និងពិគ្រោះជំងឺក្រៅ មានចំនួនសរុប ៣,៩២៧,៣០៩ករណី ក្នុងចំណោមអ្នកជំងឺជាង៤លាននាក់នេះ។
ក្នុងចំណោមអ្នកមកពិនិត្យ និងពិគ្រោះជំងឺក្រៅ មានចំនួនសរុប ៣,៩២៧,៣០៩ករណីនោះក្នុងនោះការប្រើប្រាស់សេវាដោយប្រជាពលរដ្ឋក្រីក្រដែលគាំទ្រដោយកម្មវិធីមូលនិធិសមធម៌របស់រាជរដ្ឋាភិបាលមានចំនួន៦៥៦៨១៦ករណី។
ចំពោះអ្នកជំងឺសម្រាកពេទ្យក្នុងរយៈ៤ខែនេះមានចំនួន២៩៤៤៥៨នាក់ក្នុងនោះមានអត្រាស្លាប់ចំនួន០,៧៧ភាគរយក្នុងចំណោមអ្នកសម្រាកព្យាបាលសរុប។ ក្នុងអ្នកសម្រាកចំនួន២៩៤៤៥៨នាក់ការសម្រាកព្យាបាលរបស់ប្រជាពលរដ្ឋក្រីក្រដែលគាំទ្រដោយកម្មវិធីមូលនិធិសមធម៌របស់រាជរដ្ឋាភិបាលចំនួន៣៤៦៩១នាក់។
ចំណែកស្ត្រីសម្រាលកូនវិញក្នុងរយៈពេល៤ខែនេះមានចំនួន៩៥៩២៧នាក់ក្នុងនោះមានសម្រាលកូននៅតាមមណ្ឌលសុខភាពចំនួន៤៩៣៥២នាក់។ ក្នុងករណីសម្រាលសរុបខាងលើស្ត្រីក្រីក្រដែលសម្រាលកូនដែលគាំទ្រដោយកម្មវិធីមូលនិធិសមធម៌របស់រាជរដ្ឋាភិបាលចំនួន៦៩២៩នាក់។
បើតាមរបាយការណ៍របស់ក្រសួងសុខាភិបាល បានឲ្យដឹងថា ចាប់ពីខែមករា ដល់ខែមីនា ឆ្នាំ២០១៧នេះ ស្ថិតិនៃការប្រើប្រាស់សេវាថែទាំសុខភាពរបស់ប្រជាពលរដ្ឋ នៅមណ្ឌលសុខភាព និងមន្ទីរពេទ្យរដ្ឋទូទាំងប្រទេស សរុបមានចំនួន២៧៤២៧៧១ ករណី ក្នុងនោះ ករណីថ្មីមាន២៣៩៧៥០១ករណី។
របាយការណ៍ដដែលបន្ថែមថា ក្នុងចំណោម២៧៤២៧៧១ករណី ការប្រើប្រាស់សេវាដោយប្រជាពលរដ្ឋក្រីក្រ គាំទ្រក្រោមកម្មវិធីមូលនិធិសមធម៌ ដែលផ្ដល់មូលនិធិដោយរាជរដ្ឋាភិបាល និងដៃគូអភិវឌ្ឍមាន ៣៧៦១២៩ករណី និងទទួលបានការលើកលែងបង់ថ្លៃសេវា តាមគោលនយោបាយរបស់រាជរដ្ឋាភិបាលមាន ២៦៩៩៥៨ករណី។
រយៈពេល៣ខែនេះដែរ មានអ្នកជំងឺសម្រាកព្យាបាលនៅតាមមណ្ឌលសុខភាពនិងមន្ទីរពេទ្យរដ្ឋចំនួន១៩០៣៤៨នាក់ ក្នុងនោះមានអត្រាស្លាប់០,៩០ភាគរយក្នុងចំណោមអ្នកជំងឺសម្រាកព្យាបាលសរុប៕
Source: Kampuchea Thmey Daily
0 Comments