Ad Code

គណៈក​ម្មា​ធិ​ការ​ អាយ​ស៊ី​ស៊ី​-​អង្គរ​នឹង​បើក​កិច្ចប្រជុំ​បច្ចេកទេស​លើក​ទី​៣០​របស់ខ្លួន​នៅ​ថ្ងៃទី​០៥-០៦ ខែមិថុនា ឆ្នាំ​២០១៨



សៀមរាប ​៖ ​គណៈកម្មាធិការ​អន្តរជាតិ​ដើម្បី​សម្របសម្រួល​កិច្ច​គាំពារ​និង​អភិវឌ្ឍន៍​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​អង្គរ​ហៅ​កាត់​ថា អាយ​ស៊ី​ស៊ី​-​អង្គរ (International Coordination Committee for the Safeguarding and Development of Historic Site of Angkor : ICC-Angkor) នឹង​បើក​កិច្ចប្រជុំ​បច្ចេកទេស​លើក​ទី​៣០​របស់ខ្លួន នៅ​ថ្ងៃទី​០៥​និង​ទី​០៦ ខែមិថុនា ឆ្នាំ​២០១៨ នា​សាលសន្និសីទ​អង្គរ នៅ​មជ្ឈមណ្ឌល​អាជ្ញាធរ​ជាតិ​អប្សរា​។



កិច្ចប្រជុំ​អាយ​ស៊ី​ស៊ី​-​អង្គរ នឹង​ប្រារព្ធ​ឡើង​ក្រោម​អធិបតីភាព​លោកជំទាវ ភឿង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ និង​ជា​ប្រធាន​អាជ្ញាធរ​ជាតិ​អប្សរា រួម​ជា​មួយ​សហប្រធាន​ទាំងពីរ គឺ​លោក Guillaume NARJOLLET ទីប្រឹក្សា​ផ្នែក​សហប្រតិបត្តិការ​និង​កិច្ចការ​វប្បធម៌ នៃ​ស្ថានទូត​បារាំង​ប្រចាំ​កម្ពុជា និង​លោក Kenichi BESSHO អនុប្រធាន​បេសកកម្ម​នៃ​ស្ថានទូត​ជប៉ុន​ប្រចាំ​ប្រទេស​កម្ពុជា​។



របៀបវារៈ​នៃ​កិច្ចប្រជុំ​ពេលនេះ នឹង​ផ្តោត​ទៅ​លើ​ចំណុច​សំខាន់ៗ​មួយចំនួន​ដូចជា តាមដាន​របាយការណ៍​នៃ​ការងារ​អភិរក្ស ជួសជុល និង​ការងារ​ស្រាវជ្រាវ ការ​អភិវឌ្ឍ​ដោយ​ចីរភាព ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ ដែល​បាន​ពី​ការ​ផ្តល់​អនុសាសន៍​នៅក្នុង​កិច្ច​ប្រជុំពេញអង្គ​ពី​ឆ្នាំ​២០១៧ និង​ឆ្នាំកន្លងមក​។



គណៈកម្មាធិការ​អាយ​ស៊ី​ស៊ី​-​អង្គរ​(ICC-Angkor) បាន​បង្កើត​ឡើង​នៅ​ឆ្នាំ​១៩៩៣ ក្រោយ​សន្និសីទ​អន្តរជាតិ​លើក​ទី​១​ស្តីពី​អង្គរ​នៅ​ទីក្រុង​តូ​ក្យូ ប្រទេស​ជប៉ុន តាម​សំណូមពរ​របស់​គណៈកម្មាធិកា​រ​បេតិកភណ្ឌ​ពិភពលោក ពេល​ទទួល​ចុះ​អង្គរ​ទៅក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​។ ការបង្កើត​យន្តការ​អន្តរជាតិ ICC សម្រាប់​អង្គរ ជា​លក្ខខណ្ឌ​មួយ​ក្នុងចំណោម​លក្ខខណ្ឌ​ទាំង​៥ ដែល​តម្រូវ​ឲ្យ​អាជ្ញាធរ​កម្ពុជា​បំពេញ​ក្នុង​រយៈពេល​៣​ឆ្នាំ (១៩៩៣-១៩៩៦)​។ សមាជិក​នៃ​អាយ​ស៊ី​ស៊ី (ICC) មាន​ចំនួន​៣៧​ប្រទេស មកពី​ទ្វីប​៥ និង​មាន​អង្គការ​អន្តរជាតិ​ចំនួន​១៣​ទៀត​ចូលរួម​ជា​សមាជិក​ដែរ​៕

  



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu