Ad Code

អគ្គនាយកដ្ឋាន​ពន្ធដារ​ប្រកាស​ចាប់ផ្ដើម​ប្រមូល​ពន្ធ​លើ​មធ្យោបាយ​ដឹកជញ្ជូន និង​យានជំនិះ​គ្រប់​ប្រភេទ



ភ្នំពេញ ​៖ ​អគ្គនាយកដ្ឋាន​ពន្ធដារ បាន​ប្រកាស​ចាប់ផ្ដើម​ប្រមូល​ពន្ធ លើ​មធ្យោបាយ​ដឹកជញ្ជូន និង​យានជំនិះ​គ្រប់​ប្រភេទ ចាប់ពី​ថ្ងៃទី​១ ខែមិថុនា ដល់​ដំណាច់ខែ​វិច្ឆិកា​ឆ្នាំ​២០១៨​នេះ​។​

បើតាម​សេចក្តីជូនដំណឹង​របស់​អគ្គនាយកដ្ឋាន​ពន្ធដា​រ​បាន​ឲ្យ​ដឹងថា​ នៅពេល​ដាក់​លិខិត​ប្រកាស និង​បង់ពន្ធ ម្ចាស់​មធ្យោបាយ​ដឹកជញ្ជូន និង​យានជំនិះ​គ្រប់​ប្រភេទ ត្រូវ​ភ្ជាប់​មកជា​មួយ​នូវ​ឯកសារ​ច្បាប់​ថតចម្លង រួមមាន​៖ ប័ណ្ណ​សម្គាល់​យានយន្ត ឬ​វិញ្ញាបនបត្រ​ត្រួតពិនិត្យ​លក្ខណ​បច្ចេកទេស​យានយន្ត (​សម្រាប់​យានយន្ត​ក្រៅពី​ប្រភេទ Pick up) ដែល​ចេញ​ដោយ​អគ្គនាយកដ្ឋាន​ដឹកជញ្ជូន នៃ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ឬ​បង្កាន់ដៃ​បង់ពន្ធ​នាំចូល ឬ​លិខិតបញ្ជាក់​ការប្រើប្រាស់​យានយន្ត​ចេញ​ដោយ ឃុំ​-​សង្កាត់ ចំពោះ​យានយន្ត​កែច្នៃ​ក្នុងស្រុក និង​ច្បាប់​ថតចម្លង​អត្តសញ្ញាណប័ណ្ណ ឬ​លិខិតឆ្លងដែន ឬ​លិខិតបញ្ជាក់​សំបុត្រកំណើត​របស់​ម្ចាស់​យានយន្ត​ចេញ ដោយ​មន្ត្រី​អត្រានុកូលដ្ឋាន​។​

អគ្គនាយកដ្ឋាន​ពន្ធដារ​បាន​បន្តទៀតថា ចំពោះ​យានយន្ត​ដែល​ទទួល​បាន​ប័ណ្ណ​សម្គាល់ការ​បង់ពន្ធ​លើ​មធ្យោបាយ​ដឹកជញ្ជូន និង​យានជំនិះ​គ្រប់​ប្រភេទ​ហើយ​នោះ គឺ​ពុំ​ចាំបាច់​បំពេញ​លិខិត​ប្រកាស​បង់ពន្ធ​ទៀត​ទេ​។​

សេចក្តីប្រកាស​ដដែល​នេះ​បាន​បញ្ជាក់ថា ចំពោះ​មធ្យោបាយ​ដឹកជញ្ជូន និង​យានជំនិះ ដែល​ពុំទាន់​បាន​បង់ប្រាក់​ពន្ធ នៅ​ឆ្នាំកន្លងមក គឺ​តម្រូវ​ឲ្យ​បង់ប្រាក់​ពន្ធ និង​ប្រាក់​ពិន័យ​ជាមុនសិន ទើប​អនុញ្ញាត​ឲ្យ​ប្រកាស​បង់ពន្ធ ឆ្នាំ​បច្ចុប្បន្ន​បាន។

ការបង់ពន្ធ​លើ មធ្យោបាយ​ដឹកជញ្ជូន និង​យានជំនិះ ត្រូវបាន​កំណត់​ទៅតាម​ប្រភេទ​នីមួយៗ ដោយ​មិន​គិត ថា ​ជា​កម្ម​សិទ្ធិ​របស់​រដ្ឋ ឬ​ឯកជន​ទេ លើកលែងតែ រថយន្ត​គិលាន​សង្គ្រោះបន្ទាន់ រថយន្ត​ពន្លត់អគ្គីភ័យ​, យានយន្ត​អង្គភាព​កង​យោធា​ពល​ខេមរភូមិន្ទ​, យានយន្ត​ពាក់​ស្លាក​លេខ ខ​.​ម ឬ ន​.​ប​ដែល​បម្រើការ​លើ​កិច្ច​ការងារ​ការពារ​ជាតិ​ជា​មធ្យោបាយ​សម្រាប់​ដឹក​​ជញ្ជូន​សម្ភារៈ​ទ័ព​ឬ​ដឹក​ជញ្ជូន​កងទ័ព​ក៏ដូចជា​ការពារ​សន្តិសុខ​ និង​សណ្ដាប់ធ្នាប់​សង្គម, យានយន្ត​កម្មសិទ្ធិ​ស្ថានទូត ឬ​ស្ថាន​កុងស៊ុល​បរទេស អង្គការ​អន្តរជាតិ ឬ​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​បច្ចេកទេស​របស់​រដ្ឋាភិបាល​នានា​។​
ម្ចាស់​មធ្យោបាយ​ដឹកជញ្ជូន និង​យានជំនិះ អាច​បង់ពន្ធ​បាន នៅតាម​សាខា​ពន្ធដារ​ខេត្ត​-​ខណ្ឌ ឬ​តាម​ប្រព័ន្ធ​ធនាគារ ដូចជា ធនាគារ​អេស៊ីលីដា​, ធនាគារ​កាណាឌីយ៉ា​, ធនាគារ​កម្ពុជា​សាធារណៈ​, ធនាគារ​វឌ្ឍនៈ និង​ធនាគារ ANZ Royal។

សេចក្តី​ជូន​ដំណឹង​ខាងលើ​បាន​បញ្ជាក់​ថា​ ចាប់ពី​ខែមករា​នៃ​ឆ្នាំ​២០១៩​តទៅ អគ្គនាយកដ្ឋាន​ពន្ធដារ​ នឹង​ចុះ​ត្រួតពិនិត្យ​ការ​បង់ពន្ធ និង​ផាកពិន័យ ចំពោះ​មធ្យោបាយ​ដឹកជញ្ជូន និង​យានជំនិះ​ទាំង​ឡាយណា​ដែល​មិនបាន​បង់ពន្ធ​តាម​ការកំណត់៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu