Ad Code

ដាក់​គោលដៅ​ឆែក​អាវុធ​ជាតិ​ផ្ទុះ និង​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍ ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ ពាក់ព័ន្ធ​​​គ្រឿងញៀន



ភ្នំពេញ​ ៖​ ជនសង្ស័យ​២​នាក់ ​ត្រូវបាន​កម្លាំង​នគរបាល​ខណ្ឌទួលគោក​ធ្វើការ​ឃាត់ខ្លួន ខណៈដែល​ជនសង្ស័យ​ជិះ​ម៉ូតូ​ឆ្លងកាត់​គោលដៅ​ឆែក​អាវុធ​ជាតិផ្ទុះ និង​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក ហើយ​ប៉ូលិស​បាន​ឆែក​រក​ឃើញ​សារធាតុ​ញៀន​ដោយ​ខុសច្បាប់​នៅ​ជាប់​ខ្លួន​នោះ។

ជនសង្ស័យ​ត្រូវបាន​ឃាត់ខ្លួន​កាល​វេលា​ម៉ោង​១០​និង​៣០​នាទី​យប់ ថ្ងៃ​សុក្រ ៣​រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃទី​១ ខែមិថុនា ឆ្នាំ​២០១៨​ចំណុច​មុខ​ផ្សារ​ហេង​លី ផ្លូវ​២៧១ ស្ថិតក្នុង​សង្កាត់​ទឹកល្អក់​៣ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។​

ជនសង្ស័យ​ទី​១ មានឈ្មោះ សែ ឌី ភេទ​ប្រុស អាយុ​១៦​ឆ្នាំ មុខរបរ​កម្មករ​សំណង់ ស្នាក់នៅ​ផ្សារ​ស្ទឹងមានជ័យ ខណ្ឌមានជ័យ មាន​ស្រុកកំណើត​នៅ​ខេត្តកំពង់ធំ និង​ជនសង្ស័យ​ទី​២ មានឈ្មោះ ជុំ សី​ហៃ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មុខរបរ​កម្មករ​សំណង់ ស្នាក់នៅ​ភូមិ​ឫស្សី ខណ្ឌមានជ័យ ​មាន​ស្រុកកំណើត​នៅ​ខេត្តកំពង់ធំ​។​

មន្ត្រី​ប៉ូលិស​ខណ្ឌទួលគោក បានអោយ​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ កម្លាំង​នគរបាល​ខណ្ឌទួលគោក បានដាក់​គោលដៅ​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក ស្រាប់តែ​លេចមុខ​ជនសង្ស័យ​មាន​គ្នា​៣​នាក់ ជិះ​ម៉ូតូ​មួយគ្រឿង មិន​ចាំ​ម៉ាក ពី​ត្បូង​ទៅ​ជើង​។ ខណៈ​មកដល់​ចំណុចកើតហេតុ ដោយ​អ្នកបើក​ម៉ូតូ​ដឹងខ្លួន​មុន បាន​បើក​ម៉ូតូ​គេចខ្លួនបាត់​។ ចំណែក​២​នាក់ ដែល​ជិះ​ខាងក្រោយ ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​យកមក​ត្រួតពិនិត្យ​លើ​ខ្លួនប្រាណ ស្រាប់តែ​រក​ឃើញ​ថ្នាំញៀន​១​កញ្ចប់ ក៏​ធ្វើការ​ឃាត់ខ្លួន​តែម្ដង។

បច្ចុប្បន្ន​ជនសង្ស័យ​ទាំងពីរ​នាក់ រួមទាំង​វត្ថុតាង ត្រូវបាន​នាំខ្លួន​មក​អធិការដ្ឋាន​ខណ្ឌទួលគោក ដើម្បី​សាកសួរ និង​ធ្វើ​កំណត់ហេតុ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ចាត់ការ​បន្ត​ទៀត​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu