Ad Code

នាយិកា​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា នឹង​ចូលខ្លួន​ឆ្លើយ​បំភ្លឺ​ជា​សាក្សី​ក្នុង​សំណុំរឿង​លោក កឹម សុខា



ភ្នំពេញ​ ៖ ​អ្នកស្រី ចក់ សុភាព នាយិកា​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា នឹង​ចូលខ្លួន​ឆ្លើយបំភ្លឺ​ជា​សាក្សី​ក្នុង​សំណុំរឿង​លោក កឹម សុខា អតីត​ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដែល​រង​ការ​ចោទ​ពីបទ​សន្ទិដ្ឋភាព​ជាមួយ​បរទេស នេះ​បើ​យោង​តាម​សេចក្ដីថ្លែងការណ៍​របស់​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា ដែល​បាន​ចេញ​ផ្សាយ​កាលពី​ថ្ងៃទី​៣១ ខែឧសភា​។​

ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក គី ឫទ្ធី កាលពី​ថ្មីៗ​នេះ បានចេញ​ដីកា​កោះហៅ​សាក្សី​៨​រូប ឱ្យចូល​ខ្លួន​ឆ្លើយបំភ្លឺ​ករណី​លោក កឹម សុខា ហើយ​អ្នក​ទាំង​៨​នោះ រួមមាន​នាយិកា​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា គឺ​អ្នកស្រី ចក់ សុភាព ផងដែរ ហើយ​តាម​ដីកាកោះ នឹង​តម្រូវឱ្យ​អ្នកស្រី​ចូលខ្លួន​ឆើ្លយ​បំភ្លឺ​នៅ​ចំពោះមុខ​តុលាការ​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃទី​៧ ខែមិថុនា ខាងមុខ វេលា​ម៉ោង​៨ និង​៣០​នាទី​ព្រឹក​។​

លោកស្រី ចក់ សុភាព នាយិកា​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា (CCRH) បាន​អះអាងថា ដោយសារ​ឯករាជ្យ​ដាច់ខាត​របស់​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា ពី​គណបក្ស​នយោបាយ​ទាំងអស់ ហើយដោយ​សារ​មានការ​បញ្ជាក់​យ៉ាងច្បាស់​ថា មជ្ឈមណ្ឌល​នេះ ពុំបាន​ប្រព្រឹត្ត​កំហុស លោកស្រី​ជឿជាក់ថា ការស៊ើបអង្កេត​នេះ​នឹងមិន​ប៉ះពាល់​ដល់​ប្រតិបត្តិការ​របស់​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​នោះទេ​។ លោកស្រី​អះអាងថា គោរព​តាម​ដីកាកោះ​របស់​តុលាការ នឹង​ចូលខ្លួន​ឆ្លើយបំភ្លឺ ពាក់ព័ន្ធ​នឹង​សំណុំ​រឿងក្តី​របស់លោក កឹម សុខ ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​។​

សូមបញ្ជាក់ថា សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​១៧ ខែឧសភា ឆ្នាំ​២០១៨ បានចេញ​ដីការ​ផ្សេងៗ​គ្នា កោះហៅ​សាក្សី​ចំនួន​៨​នាក់​ទៀត ដើម្បី​សាកសួរ​ពាក់ព័ន្ធ​ពាក់ព័ន្ធ​សំណុំរឿង​ព្រហ្មទណ្ឌ​លេខ​៥៦៤២ ចុះ​ថ្ងៃទី​៣ ខែកញ្ញា ឆ្នាំ​២០១៧ របស់​ជន​ត្រូវ​ចោទ កឹម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ជាប់ចោទ​ពីបទ​សន្ទិដ្ឋភាព​ជាមួយ​បរទេស ចាប់ពី​ថ្ងៃទី​៥ ខែមិថុនា ឆ្នាំ​២០១៨ ខាងមុខ ហើយ​តាម​ដីកា​ចេញ​ដោយ​របស់លោក គី ឫទ្ធី គឺ​បាន​កោះហៅ​សាក្សី​ចំនួន​៨​នាក់ ឲ្យ​ចូល​តាម​ពេលវេលា​ផ្សេងៗ​គ្នា រួមមាន ទី​១, អ្នកស្រី ចក់ សុភាព ចូលខ្លួន​នៅ​ថ្ងៃទី​៧ ខែមិថុនា ទី​២, លោក ប៉ា ងួនទៀង ចូលខ្លួន​នៅ​ថ្ងៃទី​៩ ខែមិថុនា ទី​៣, លោក គ្រី សុង ចូលខ្លួន​នៅ​ថ្ងៃទី​៥ ខែមិថុនា ទី​៤, លោក សៀ ភារ​ម្យ ចូលខ្លួន​នៅ​ថ្ងៃទី​១២ ខែមិថុនា ទី​៥, លោក កែវ រតនា ចូលខ្លួន​នៅ​ថ្ងៃទី​១៥ ខែមិថុនា ទី​៦, លោក ខឿន វី​រ៉ាត់ ចូលខ្លួន​នៅ​ថ្ងៃទី​១៣ ខែមិថុនា ទី​៧, លោក មាស គឹម​សេង ចូលខ្លួន​នៅ​ថ្ងៃទី​៧ ខែមិថុនា ទី​៨, លោក ហេង ពិសិដ្ឋ ចូលខ្លួន​នៅ​ថ្ងៃទី​១៣ ខែមិថុនា​។​

បើតាម​ដីកា​បានបញ្ជាក់​ទៀតថា សាមី​ខ្លួន​ត្រូវ​អញ្ជើញ តាម​ដីកាកោះ​នេះ​ឲ្យ​ទាន់ពេលវេលា និង​យក​លិខិត​ផ្សេងៗ ដែល​ទាក់ទិន​នឹង​រឿង​ខាងលើ​ទៅជា​មួយ​ប្រសិន​មាន​។ ជាមួយគ្នានេះ អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ បាន​ចុះ​អនុវត្តន៍​ប្រគល់​ដីកា​កោះហៅ ដល់​សាក្សី​ទាំង​៨​នាក់ រួចហើយ។

លោក កឹម សុខា ត្រូវ​បាន​ចោទប្រកាន់​ពី​បទ សន្ទិដ្ឋភាព​ជាមួយ​បរទេស តាម​មាត្រា​៤៤៣​ នៃ​ក្រមព្រហ្មទណ្ឌ។ បទ​សន្ទិដ្ឋភាព​ជាមួយ​បរទេស គឺជា​អំពើ​ត្រូវរ៉ូវ​គ្នា​ដោយ​សម្ងាត់​ជាមួយ​រដ្ឋ​បរទេស ឬ​ភ្នាក់ងារ​បរទេស ដើម្បី​បង្កើត​ឲ្យ​មាន​អំពើ​ប្រទូសរ៉ាយ ឬ​ឲ្យ​មាន​អំពើ​ឈ្លានពាន​ប្រឆាំង​នឹង​ព្រះរាជាណាចក្រ​កម្ពុជា​។ បទល្មើស​នេះ ត្រូវ​ជាប់ពន្ធនាគារ​ពី ១៥​ឆ្នាំ​ដល់​៣០​ឆ្នាំ​។ លោក​ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន នៅ​ពាក់​កណ្តាល​អធ្រាត្រ ឈាន​ចូល​ថ្ងៃទី​៣ ខែកញ្ញា ឆ្នាំ​២០១៧​។ ក្រោយ​ឃាត់ខ្លួន សមត្ថកិច្ច​បាន​បញ្ជូន​លោក កឹម សុខា ទៅ​ឃុំ​បណ្ដោះអាសន្ន​នៅ​ពន្ធនាគារ​ត្រពាំង​ផ្លុ​ង ខេត្ត​ត្បូងឃ្មុំ នៅ​ថ្ងៃទី​៤ ខែកញ្ញា ឆ្នាំ​២០១៧៕


Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu