Ad Code

លោក​ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​ជា​គណៈអធិបតី​ក្នុង​ពិធី បុណ្យ​បញ្ចុះ​ខណ្ឌសីមា​ព្រះវិហារ និង​សម្ពោធ​សមិទ្ធផល​នានា​ក្នុង​វត្ត​បរិវាស



កំពត​ ៖ ​លោក​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត តំណាង​ដ៏​ខ្ពង់ខ្ពស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី​០២​ ខែមិថុនា ឆ្នាំ​២០១៨ បាន​អញ្ជើញ​ជា​គណៈអធិបតី ក្នុង​ពិធី បុណ្យ​បញ្ចុះ​ខណ្ឌសីមា​ព្រះវិហារ និង​សម្ពោធ​សមិទ្ធផល​នានា​នៅ​វត្ត​បរិវាស ស្ថិត​ក្នុងភូមិ​បរិវាស ឃុំ​សំរោង​លើ ស្រុក​បន្ទាយមាស ខេត្តកំពត។

មានមតិ​ស្វាគមន៍ លោក ជាវ តាវ​អភិបាល​នៃ​គណៈ​អភិបាល​ខេត្តកំពត បាន​ឱ្យដឹងពី​សមិទ្ធផល​រីកចម្រើន​នានា​នៅក្នុង​ខេត្តកំពត​នាបច្ចុប្បន្ន ពិសេស​វិស័យ​ព្រះពុទ្ធសាសនា​ដែលជា​សាសនា​របស់​រដ្ឋ ដែលជា​ទូទៅ​ប្រជាពលរដ្ឋ​តែងតែ​នាំគ្នា​គោរព​សក្ការបូជា​។​



ទន្ទឹមនឹងនេះ លោក ជាវ តា​យ ក៏បាន​ថ្លែងអំណរគុណ​កោតសរសើរ​និង​បានចាត់ទុក​កិច្ច​សំណេះសំណាល​នាពេលនេះ​ ពិតជា​មានតម្លៃ​ឆ្លុះបញ្ចាំង​ពី​ការយកចិត្តទុកដាក់​ខ្ពស់​ផ្សារភ្ជាប់​មនោសញ្ចេតនា​ស្វែងយល់​នូវ​សុខទុក្ខ​រវាង ថ្នាក់ដឹកនាំ ក៏ដូចជា​មន្ត្រីរាជការ ព្រះសង្ឃ​និង​ប្រជាពលរដ្ឋ​ក្នុងស្រុក​បន្ទាយមាស​ទាំង​មូល ដោយ​ផ្ទាល់​ពី​សំណាក់ លោក​ហ៊ុន ម៉ា​ណែ​ត ផងដែរ​។​

ថ្លែង​សំណេះសំណាល​ក្នុងឱកាស​នោះ លោក​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែង​ការ​កោតសរសើរ​ចំពោះ​សប្បុរសជន ថ្នាក់ដឹកនាំ​គ្រប់​លំដាប់​ថ្នាក់ ដែល​បាន​ចូលរួម​ចំណែក​ក្នុង​ការ​កសាង​បាន​នូវ​សមិទ្ធផល​ជាច្រើន​រាប់មិនអស់ ពិសេស​ទី​អារាម​នានា​ដែល​ជា​ការ​ផ្តួចផ្តើម​ពី​សំណាក់​សប្បុរសជន​ជិត​ឆ្ងាយ ព្រមទាំង​អាជ្ញាធរ​ដែនដី​គ្រប់​ស្រទាប់ និង​ប្រជាពលរដ្ឋ​ផងដែរ​។​



ជាមួយគ្នានេះ លោក ហ៊ុន ម៉ា​ណែ​ត ក៏បាន​បញ្ជាក់ថា ៖ លទ្ធិប្រជាធិបតេយ្យ​ស្តែងចេញ​ដំបូងបង្អស់ តាមរយៈ​ការប្រើ​សិទ្ធិ​របស់​ប្រជាពលរដ្ឋ ទៅ​បោះឆ្នោត ជ្រើសរើស​មេដឹកនាំ ដែល​ខ្លួន​ស្រលាញ់​ពេញចិត្ត មិនមែន​តាមរយៈ​ការបង្ក​ចលាចល ការបះបោរ ការធ្វើ​បដិវត្តន៍​ពណ៌ និង​ការធ្វើ​បាតុកម្ម​នោះទេ ហើយ​ថា​ទង្វើ​ទាំងនោះ​ផ្ទុយ​ទាំងស្រុង​ទៅនឹង​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ ជាពិសេស​ជា​ទង្វើ​ខុសច្បាប់​ត្រូវ​ទទួល​ទោសទណ្ឌ​។​



លោក​ ហ៊ុន ម៉ា​ណែ​ត បានលើកឡើង​ទៀតថា ការបង្ក​ចលាចល ការបះបោរ ការផ្លាស់ប្តូរ​អំណាច​តាមរយៈ​ការធ្វើ​បដិវត្ត​ពណ៌​និង​ការធ្វើ​បាតុកម្ម​ទាមទារ​ទម្លាក់ រដ្ឋាភិបាល​ពីមុខ​តំណែង​ពី​សំណាក់​មេដឹកនាំ​គណបក្សប្រឆាំង គឺ មិនមែនជា​មធ្យោបាយ​ល្អប្រសើរ ក្នុងការ​អនុវត្ត​សិទ្ធិ​របស់​ពលរដ្ឋ​ទេ ហើយ​ចលនា​ទាំងអស់​ហ្នឹង គឺ​របៀប​ចង់បាន​អំណាច ដោយ​មិន​គោរព​គោលការណ៍​ប្រជាធិបតេយ្យ ដែល​វា​នាំទៅដល់​ការបាត់បង់​សុខសន្តិភាព កើត​ចលាចល​នៅក្នុង​សង្គម ហើយ​នាំទៅដល់​ការផ្ទុះ​សង្គ្រាម នាំមក​នូវ​ជម្លោះផ្ទៃក្នុង ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ក្លាយជា​អ្នក​រង​ទុក្ខ ជា​អ្នករងគ្រោះ​នៅ​ទីបំផុត ដោយសារ​សង្គ្រាម និង​ភាពចលាចល​ទាំងឡាយ​នៅក្នុង​សង្គម​នេះឯង​។

លោក បន្តថា ការចូលរួម​កិច្ចដំណើរការ​ប្រជាធិបតេយ្យ គឺ​យើងទាំងអស់គ្នា​ត្រូវ​ទៅ​បោះឆ្នោត ជ្រើសរើស​អ្នកដឹកនាំ​ដែល​យើង​ស្រលាញ់ ដែល​យើង​ចង់បាន ដោយ​គោរព​តាម​គោលការណ៍​ច្បាប់ និង​គោលការណ៍​នៃ​លទ្ធិប្រជាធិបតេយ្យ​។​ការបោះឆ្នោត​ជាការ​ងារ​ដែល​សំខាន់​សម្រាប់​យើង​គ្រប់ៗ​រូប សម្រាប់​សង្គមជាតិ​ទាំងមូល ហើយ​ជាការ​ចូលរួម​ចំណែក ក្នុង​ការ​ការពារ រក្សាសុខ​សន្តិភាព ស្ថិរភាព​នយោបាយ និង​ការធានា​នូវ​លក្ខខណ្ឌ ចាំបាច់​ដើម្បី​ការអភិវឌ្ឍន៍​ប្រទេសជាតិ​យើង តទៅទៀត។



លោក​ហ៊ុន ម៉ា​ណែ​ត​ក្រើនរំលឹក​ដល់ លោកយាយ លោកតា ប្រជាពលរដ្ឋ​ក្នុងស្រុក​បន្ទាយមាស ទាំងមូល សូម​អញ្ជើញ​ទៅ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦​ ដែល​ប្រព្រឹត្តទៅ នៅ​ថ្ងៃអាទិត្យ​ទី ២៩ ខែកក្កដា ឆ្នាំ ២០១៨ ខាងមុខ ឲ្យ​បាន​គ្រប់ៗ​គ្នា ហើយ​បោះឆ្នោត​ជ្រើសរើស​អ្នកដឹកនាំ ឬ​បក្ស​ដែល​យើង​ស្រលាញ់ ពិសេស​ត្រូវ​ចេះ​ជ្រើសរើស​អ្នកដឹកនាំ​ណា ដែល​ផ្តល់ សុខ​សន្តិភាព ស្ថិរភាព និង​ការអភិវឌ្ឍន៍ រីកចម្រើន​ដល់​ប្រទេសជាតិ​ដូច​សព្វថ្ងៃនេះ​។​

លោក​ក៏បាន​ផ្តាំផ្ញើ​ដែរ​ថា​ ៖ បើ​អ្នក​ទាមទារ​ទាំងឡាយណា​ស្រែកថា​ដូរ ប៉ុន្តែ​ដូរ​តាមរយៈ​បាតុកម្ម ប្រព្រឹត្ត​អំពើ​ខុសច្បាប់ ហើយ​បែរមក​ប្រកាស​ខ្លួនឯង ថា​ស្រលាញ់​លទ្ធិប្រជាធិបតេយ្យ ចង់បាន​នូវ​ប្រជាធិបតេយ្យ ចង់​ផ្តល់នូវ​សិទ្ធិ​ដល់​ប្រជាពលរដ្ឋ ហើយ​អំពាវនាវ​ថា កុំ​ឲ្យ​ទៅ​បោះឆ្នោត​នោះ សូម​លោកយាយ លោកតា កុំ​ស្តាប់​ឲ្យ​សោះ ព្រោះ​ពួក​នោះ​សុទ្ធតែ​ពួក​ល្មោភ​អំណាច គិតតែ​ពី​ផលប្រយោជន៍​ផ្ទាល់ខ្លួន ហើយ​ជា​ទង្វើ​ផ្ទុយ​ទាំងស្រុង​ទៅនឹង​គោលការណ៍​ប្រជាធិបតេយ្យ​។

សរុប​ឲ្យ​ខ្លី​យើង​ត្រូវ​ប្រើស​ប្រាស់​សិទ្ធិ លើកតម្កើង​លទ្ធិប្រជាធិបតេយ្យ ប៉ុន្តែ​ទន្ទឹមនេះ​ការពារ សុខ​សន្តិភាព ធានាបាន​នូវ​លក្ខខណ្ឌ​ល្អប្រសើរ​ក្នុងការ​អភិវឌ្ឍ​ និង​ការ​រីកចម្រើន​តទៅទៀត ដើម្បី​យើង​និង​កូនចៅ​យើង​ទាំងអស់គ្នា​ទទួលបាន ភាព​សុខដុមរមនា រស់នៅ​ក្នុង​ការ​ជួបជុំ​គ្នា ដោយ​សុខ​សប្បាយ និង​ទទួល​បាន​ការរីកចម្រើន​ទាំងអស់គ្នា​តរៀង​ទៅ​។​

ក្នុងឱកាស​នោះ លោក ហ៊ុន ម៉ា​ណែ​ត ក៏បាន​ឧបត្ថម្ភ​នូវ​សម្ភារៈ និង​ថវិកា​ដល់​លោកយាយ លោកតា លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និង​ប្រគេន​ថវិកា​ដល់​ព្រះចៅអធិការ​វត្ត​បរិវាស សម្រាប់​ចាត់ចែង​ក្នុង​កម្មវិធី​ផ្សេងៗ និង​កាត់​ខ្សែបូ​ដាក់ឱ្យ​ប្រើប្រាស់​នូវ​សមិទ្ធផល​ក្នុង​វត្ត​បរិវាស ឃុំ​សំរោង​លើ ស្រុក​បន្ទាយមាស ខេត្តកំពត ចាប់ពី​ពេលនេះ​តទៅ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu