Ad Code

អាមេរិក​ ផ្តល់​ជំនួយឥតសំណង​ចំនួន​៤​លាន​ដុល្លារ​សម្រាប់​បោសសំអាត​គ្រប់​បែក​ចង្កោម​នៅ​កម្ពុជា



ភ្នំពេញ ​៖ អាមេរិក​បាន​ផ្តល់​ជំនួយ​ឥត​សំណង​ចំនួន​៤​លាន​ដុល្លារ​អាមេរិក​សម្រាប់​បោស​សំអាត​គ្រប់​បែក​ចង្កោម​ដែល​បាន​ទម្លាក់​នៅលើ​ទឹកដី​កម្ពុជា​ដើម្បី​ធានា​ដល់​សុវត្ថិភាព​ដល់​ប្រជាពលរដ្ឋ​។​

ជំនួយឥតសំណង​នេះ ​ត្រូវ​បាន​ចុះ​ហត្ថលេខា​កិច្ចព្រមព្រៀង​កិច្ច​សហប្រតិបត្តិការ​ជា​ដៃគូ​រវាង​ អង្គការ​ជា​ដៃគូ​ជំនួយ​នៃ​ប្រជាជន​ន័រវេស្ស NPA និង​ស៊ីម៉ាក់​កាលពី រសៀល​ថ្ងៃទី​៣១ ខែ​ឧសភា នៅ​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់​មីន​កម្ពុជា។

លោក ហេង រតនា ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា ទទួលបន្ទុក​ជា​អគ្គនាយក នៅ​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់​មីន បាន​មានប្រសាសន៍​នៅក្នុង​ទំព័រ​ហ្វេ​ប៊ុ​ក​របស់​លោក​ថា ថវិកា​៤​លាន​ដុល្លា​នេះ សម្រាប់​យកទៅអនុវត្ត​ន៍ គម្រោង​ស្រាវជ្រាវ​ព័ត៌មាន​និង​កិច្ចប្រតិបត្តិការ​បោសសម្អាត​សំណល់ គ្រាប់បែក​ចង្កោម​នៅ​តំបន់​ខាងកើត នៃ​ប្រទេស​កម្ពុជា ក្នុង​រយៈពេល​២​ឆ្នាំ ដោយ​ចាប់ផ្តើម​ពី​ដើមឆ្នាំ ២០១៨​ដល់​ដើមឆ្នាំ ២០១៩​។​

លោក​បាន បន្តថា ថវិកា​នេះ បាន​បែងចែក​មកដល់​ស៊ីម៉ាក់​ផ្ទាល់​ក្នុង​មួយឆ្នាំៗ​មាន​ទឹកប្រាក់​១​លាន​៦​សែន​ដុល្លារ ខណៈ អង្គការ​NPA ទទួលបាន​ថវិកា​ប្រមាណ​៨​សែន​ដុល្លារ​សម្រាប់​ធ្វើការ​ជាមួយ​គម្រោង​នេះដែរ​។​

លោក​បាន​បន្តទៀតថា សម្រាប់​គម្រោង​ឆ្នាំ​ទី​១​នេះ ស៊ីម៉ាក់​មាន​ភារកិច្ច ស្រាវជ្រាវ​តំបន់​សង្ស័យថា​មាន​គ្រប់​បែក​ចង្កោម​ដែលមាន​ផ្ទៃដី​ប្រមាណ​៣​ពាន់​ហិកតា និង ធ្វើការ​រំដោះ​ផ្ទៃដី​ដែលមាន​គ្រាប់ បែក​ចង្កោម​ចំនួន​២២០០​ហិកតា​នៅក្នុង​ភូមិ​ចំនួន​៦៧៨​ភូមិ ក្នុង ខេត្តកំពង់ចាម ក្រចេះ ត្បូងឃ្មុំ ព្រៃវែង ស្វាយរៀង និង​ខេត្តស្ទឹងត្រែង ដោយ ប្រើ​កម្លាំង​ជំនាញ​ចំនួន​ជិត​២០០​នាក់​។​

លោក​ហេង​រតនា​បាន​បញ្ជាក់ថា កន្លងមក​សហរដ្ឋអាមេរិក​ធ្លាប់​ផ្តល់​ជំនួយ​បោសសំអាត​គ្រាប់​យុទ្ធភណ្ឌ ​មិនទាន់​ផ្ទុះ​នៅ​ភាគ​ខាងលិច និង​ខាងកើត​នៃ​ប្រទេស​កម្ពុ​ជា​មាន​រយៈពេល​១០​ឆ្នាំ​មកហើយ ដោយ​សម្រេច​លទ្ធផល​បោស​សំអាត​កាកសំណល់​ជាតិ​ផ្ទុះ​គ្រប់​ប្រភេទ​ប្រមាណ​២​សែន​២​ម៉ឺន​គ្រាប់​។​

សូម​រម្លឹក​ថា ក្នុង​អំឡុង​សង្គ្រាម​អាមេរិក និង​វៀតណាម ចាប់តាំងពី​ដើមឆ្នាំ​១៩៦៣ ដល់​ឆ្នាំ​ដើមឆ្នាំ​១៩៧៥ សហរដ្ឋអាមេរិក​បាន​ទម្លាក់​គ្រប់​បែក​ចង្កោម​មកដល់​ទឹកដី​កម្ពុ​ជា​មាន​ប្រមាណ​២៨​លាន​ហ្វូង​គ្រាប់​លើ​ផ្ទៃដី​ជាង​៦៥០​គីឡូម៉ែត្រ​ក្រឡា​ ដែល​ត្រូវការ​ពេលវេលា​ពី​៣០​ទៅ​៤០​ឆ្នាំ​សម្រាប់​បោស​សម្អាត​គ្រាប់បែក​ចង្កោម​នេះ។

លោក​អគ្គនាយក​ស៊ីម៉ាក់​បាន​ឲ្យ​ដឹង​ទៀត​ថា ​ក្នុង​ការ​បោសសំអាត​គ្រាប់បែក​ចង្កោម​នេះ​ដែរ​ អង្គការ​NPA​គឺជា​ដៃគូ​ដ៏​សំខាន់​របស់​ស៊ីម៉ាក់​ដែល​មាន​តួនាទី​ត្រួតពិនិត្យ ទៅលើ​គុណភាព​នៃ​ការ​បោសសំអាត​គ្រាប់បែក​ចង្កោម​នេះ ​ដោយ​ដាក់​ក្រុម​ត្រួតពិនិត្យ​នៅ​តាម​តំបន់​នីមួយៗ។ ក្រៅពីនេះ​ការងារ​ត្រួតពិនិត្យ​នេះ​ស៊ីម៉ាក់​ក៏បាន​សហការ​ជាមួយគ្នា​ទៅលើ​ការសិក្សា​ស្រាវជ្រាវ​បច្ចេកទេស​ផង​ដែរ​ព្រោះថា​អង្គការ​នេះ​ បាន​ធ្វើការ​នៅ​លើ​ប្រទេស​ជាង​៣០​នៅ​លើ​សកលលោក​ ដែល​មាន​បទពិសោធន៍​ជាច្រើន​តាមរយៈ​ការ​ធ្វើសិក្ខាសាលា​រួមគ្នា​ដើម្បី​ស្វែងរក​យុទ្ធសាស្ត្រ​ និង​មធ្យោបាយ​នានា​ដើម្បី​បោសសំអាត​គ្រាប់មីន​និង​គ្រាប់​មិនទាន់​ផ្ទុះ​ឲ្យ​បាន​លឿន​និង​មាន​ប្រសិទ្ធភាព៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu