Ad Code

បោះឆ្នោត​ ជូន​គណបក្ស​ប្រជាជន​កម្ពុជា​ គឺ​ធានា​ដល់​ការ​អភិវឌ្ឍ​ និង​បន្ត​រក្សា​សន្តិភាព​



កណ្ដាល​ ៖ ​អគ្គនាយក​ក្រុមហ៊ុន​អេង ឌី ប៉ូ អភិវឌ្ឍន៍ និង​ជា​សមាជិក​របស់​គណបក្ស​ប្រជាជន​កម្ពុជា បាន​អំពាវនាវ​ដល់​បុគ្គលិក ក្រុមហ៊ុន​ទាំងអស់ អញ្ជើញ​ទៅ​ចូលរួម​ការបោះឆ្នោត​ឲ្យ​បាន​គ្រប់ៗ​គ្នា និង​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​បន្ត​ឲ្យ សម្តេច​តេ​ជោ ហ៊ុន សែន ធ្វើជា​នាយករដ្ឋមន្ត្រី និង​ការ​បន្ត​ថែរក្សា​សន្តិភាព ជាពិសេស​ធានា​ដល់​ការអភិវឌ្ឍ​​ឲ្យ​មានការ​រីកចម្រើន​ឥតឈប់ឈរ។

លោក​ឧកញ៉ា ឌី ប៉ូ អគ្គនាយក​ក្រុមហ៊ុន​អេង ឌី ប៉ូ អភិវឌ្ឍន៍ បាន​ថ្លែង​លើកឡើង​បែបនេះ​នៅក្នុង​ពិធី​ជួប​សំណេះសំណាល ជាមួយ​បុគ្គលិក​កម្មករ​របស់​ក្រុមហ៊ុន ស្ថិតក្នុង​ឃុំ​កំពង់​អូស ស្រុក​ពញាឮ ខេត្តកណ្តាល ​នៅ​ថ្ងៃទី​២ ខែមិថុនា ឆ្នាំ​២០១៨។ លោក​អគ្គនាយក​បា​ន​ប​ន្ត​ថា សេរីភាព ដែល​យើង​ទទួលបាន​ជាង​៣០​ឆ្នាំ​មកនេះ គឺ​មានតែ​គណបក្ស​ប្រជាជន​កម្ពុជា ដែលមាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន​នាយករដ្ឋមន្ត្រី​តែមួយគត់ បាន​អភិវឌ្ឍ​​​ប្រទេសជាតិ​ពី​បាតដៃ​ទទេ​ ដោយ​ចាប់​ផ្តើម​កសាង ស្តារ និង​ជំរុញ​ការអភិវឌ្ឍ​​ឱ្យមាន ការ​រីកចម្រើន មិន​សន្យា​ខ្យល់ ដូច​អ្នកនយោបាយ​ប្រថុយប្រថាន​មួយចំនួន​នោះ​ឡើយ។

លោក​ឧកញ៉ា​ឌី ប៉ូ​បន្តថា ដោយមាន​គោលការណ៍ និង​យុទ្ធសាស្ត្រ​ដឹកនាំ​ដ៏​ត្រឹមត្រូវ​ប្រកបដោយ​គតិ​​​បណ្ឌិត​របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ជាពិសេស​ក្នុង អាណត្តិ​ទី​៥​នេះ បាន​ជំរុញ​អភិវឌ្ឍន៍​គ្រប់​ហេដ្ឋារចនាសម្ព័ន្ធ គឺ​ទទួល​បាន​សមិទ្ធផល​ជាច្រើន​កើតឡើង​ជា​ហូរហែ ដូចជា ផ្លូវ ស្ពាន សាលារៀន វត្ត​អារាម ជាក់ស្តែង​ការ​ផ្តល់​ឱកាស​ឲ្យ​ក្រុមហ៊ុន​អេង ឌី ប៉ូ អភិវឌ្ឍន៍ បាន​ចូលរួមចំណែក​អភិវឌ្ឍន៍ លើ​វិស័យ​កសិកម្ម​ដាំដុះ​ដំណាំ​ស្រូវ​ធម្មជាតិ​មកដល់ពេលនេះ គឺជា​ផ្នែក​មួយ​ក្នុង​ការ​ចូលរួម​ចំណែក​ជាមួយ​រាជរដ្ឋាភិបាល​ផង​ដែរ។

នៅក្នុង​ឱកាស​នេះ​ផង​​​ដែរ លោក លី សា​ម៉េ​ត​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា ក៏បាន​លើកឡើងថា ក្រោយពី​ប្រទេសជាតិ​រួច​ផុតពី​សង្គ្រាម ដោយ បានចាប់ផ្តើម​អភិវឌ្ឍន៍​ប្រទេស​ពី​ចំណុចសូន្យ គឺ​មានតែ​គណបក្ស​ប្រជាជន​កម្ពុជា​តែមួយគត់ ដែលជា​ខ្នងបង្អែក​ធានា​បាន នូវ​សុខ​សន្តិភាព និង​ជំរុញ​ការអភិវឌ្ឍ​ប្រទេស ឱ្យមាន​ការ​អភិវឌ្ឍ​រីកចម្រើន​រហូតមកដល់​បច្ចុប្បន្ន ដោយបាន​ឆ្លងកាត់ ឧបសគ្គ​គ្រប់​ដំណាក់កាល តាំងពី​ប្រជាពលរដ្ឋ​មិនមាន​បាយ​ហូប​គ្រប់គ្រាន់ រហូតមកដល់​សព្វថ្ងៃ​មាន​ជីវភាព​សមរម្យ កា​រស់នៅ​ប្រកបដោយ​សុខ​សាន​ត្រាណ ក្រោម​តម្លៃ​សន្តិភាព​តែមួយ​របស់​សម្តេច​តេ​ជោ។

លោក បន្តថា ដើម្បី​បន្ត​រក្សា​សន្តិភាព ជាពិសេស​ធានា​ដល់​ការអភិវឌ្ឍ​​ឲ្យ​មានការ​រីកចម្រើន​ឥតឈប់ឈរ សូម ឲ្យ​បងប្អូន​ទាំងអស់ ទៅ​ចូលរួម​ការបោះឆ្នោត​ឲ្យ​បាន​គ្រប់ៗ​គ្នា និង​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា លេខ​រៀង​ទី​២០​ដែល​នឹង​ជិត​មកដល់​នា​ថ្ងៃ​២៩ ខែកក្កដា ២០១៨ ខាងមុខនេះ ដើម្បី​បន្ត​ឲ្យ​សម្តេច​តេ​ជោ ហ៊ុន សែន ធ្វើជា​នាយករដ្ឋមន្ត្រី ក្នុងការ​ដឹកនាំ នាវា​កម្ពុជា ឆ្ពោះទៅកាន់​ត្រើយ​វិបុលភាព និង​វឌ្ឍនភាព​។​

​តំណាង​បុគ្គលិក​ក្រុមហ៊ុន​អេង ឌី ប៉ូ អភិវឌ្ឍន៍​ជាច្រើន បានលើកឡើង​ស្រដៀង​គ្នា​ថា ពួកគាត់ មានការ​សង្ឃឹម​ជឿជាក់​លើ​គណបក្ស​ប្រជាជន​កម្ពុជា​យ៉ាងខ្លាំង ព្រោះ​ក្រោយ​ថ្ងៃ​រំដោះ​៧ មករា ១៩៧៩ គឺ​មានតែ​គណបក្ស ប្រជាជន​កម្ពុជា​តែមួយគត់ បានធ្វើ​ឲ្យ​ពួកគាត់​​​ចៀស​ផុតពី​សេចក្តីស្លាប់ ដោយបាន​អភិវឌ្ឍ​​ប្រទេសជាតិ ជាពិសេស​ការ​ជំរុញ អភិវឌ្ឍន៍​នៅ​តាម​មូលដ្ឋាន​ ឲ្យ​មាន​ផ្លូវ មាន​ស្ពាន សាលារៀន វត្ត​អារាម និង​ការ​ផ្តល់នូវ​សុវត្ថិភាព​នៅតាម​មូលដ្ឋាន​ជាដើម ដូចនេះ​ពួកគាត់​ទាំងអស់គ្នា នឹង​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​គាំទ្រ​សម្តេច​តេ​ជោ ធ្វើជា​នាយករដ្ឋមន្ត្រី៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu