Ad Code

អ៊ឹម ជីវ៉ា គាំទ្រ​ចំណាត់ការ​លោក​​ជួន ណារិន ​ដែល​បញ្ជា​ឲ្យ​ប្រធាន​គណនី​កាស៊ីណូ​Queenco​សុំទោស​ម្តាយ​បុគ្គលិក​ម្នាក់



អ៊ឹម ជីវ៉ា គាំទ្រ​ចំណាត់ការ​លោក​​ជួន ណារិន ​ដែល​បញ្ជា​ឲ្យ​ប្រធាន​គណនី​កាស៊ីណូ​Queenco​សុំទោស​ម្តាយ​បុគ្គលិក​ម្នាក់
ភ្នំពេញ ​៖ ​ថ្មីៗ​នេះ​មានការ​បែកធ្លាយ ​និង​ផ្ទុះ​ការរិះគន់​លើ​ឃ្លី​ប​វីដេអូ​មួយ​រវាង​បុគ្គលិក​ និង​ប្រធាន​គណនី​កាស៊ីណូ​Queenco​នៅ​ខេត្ត​ព្រះសីហនុ​ ដែល​បាន​ជេរប្រមាថ​រហូត​រាលដាល​ដល់​ម្តាយ​បុគ្គលិក​ម្នាក់​នោះ។ មិនតែប៉ុណ្ណោះ​ថែមទាំង​តាម​ចាប់ខ្លួន​ឲ្យ​បុគ្គលិក​ខាងលើ​មក​សុំ​ទោស​នៅ​ប៉ុស្តិ៍ប៉ូលីស​រួម​ទាំង​ម្តាយ​ផង​ដែរ។

ទង្វើ​នេះ​ បានធ្វើ​ឲ្យ​មហាជន​និង​អ្នកលេង​បណ្តាញ​សង្គម​ជាច្រើន​សម្តែង​ការមិន​ចិត្ត​រហូត​ផ្ទុះ​ការរិះគន់​ និង​ស្នើ​​ឲ្យ​ប្រធាន​គណនី​កាស៊ីណូ​Queenco​រូបនេះ​ ក៏ត្រូវ​តែ​ចេញមុខ​មកសុំ​ទោស​លើ​កំហុស​របស់ខ្លួន​ដែល​បាន​ជេរប្រមាថ​ម្តាយ​បុគ្គលិក​ម្នាក់នេះ​ដូចគ្នា​។​ ប៉ុន្តែ​ភ្លាមៗ​នោះ​ ពុំមាន​ការ​ចេញមុខ​សុំ​ទោស​នោះ​ឡើយ។

ដោយ​មើលឃើញ​ពី​ទង្វើ​​ខ្វះ​សីលធម៌​របស់​ប្រធាន​គណនី​កាស៊ីណូ​Queenco​នៅ​ខេត្ត​ព្រះសីហនុ​រួមទាំង​មតិ​រិះគន់​ពី​មហាជន​ផង​នោះ​ លោក​ឧត្ដមសេនីយ៍ទោ​ជួន ណារិន​ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ​ បានប្រកាស​ចេញ​បញ្ជា​​ឲ្យ​ស្នងការ​រង​ទទួលបន្ទុក​ព្រហ្មទណ្ឌ​កោះហៅ​ប្រធាន​គណនី​ឈ្មោះ​ខេន ដា​រិ​ន និង​បុគ្គលិក​សណ្ឋាគារ​និង​កាស៊ីណូ​Queenco​នៅ​ខេត្ត​ព្រះសីហនុ​មក​ដោះស្រាយ​និង​សុំទោស​គ្នា​ជាថ្មី​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ។ ក្រោយ​ពី​មាន​ការ​ចេញ​បញ្ជា​បែប​នេះ ​ទីបំផុត​ នៅ​រសៀល​ថ្ងៃ​ទី​២ ​ខែ​មិថុនា ​នេះ លោក​ ខេន​ ដារិន​ ប្រធាន​គណនី​កាស៊ីណូ​ Queenco បាន​ធ្វើ​ការ​សុំ​ទោស​ម្ដាយ​របស់​បុគ្គលិក​នៅ​កាស៊ីណូ ​ចំណែក​យុវជន​ជា​បុគ្គលិក ​ក៏​បាន​សុំ​ទោស​លោក​ ខេន​ ដារិន​ ​វិញដែរ។

ជាមួយគ្នានេះ​ បានធ្វើ​ឲ្យ​មហាជន​មួយចំនួនធំ​បាន​គាំទ្រ​លើ​ចំណាត់ការ​របស់លោក​ឧត្ដមសេនីយ៍ទោ ជួន ណារិន ​​​ខណៈ​ដែល​តារា​សម្តែង​ប្រុស​រូប​សង្ហា​លោក អ៊ឹម ជីវ៉ា ក៏បាន​បង្ហាញ​អារម្មណ៍​សាទរ​រួមទាំង​អរគុណ​ចំពោះ​លោក​ឧត្ដមសេនីយ៍ទោ ជួន ណារិន ទៀតផង​។​

លោក អ៊ឹម ជីវ៉ា បាន​សរសេរ​ថា​ ជូន​លោក​មេ​សណ្ឋាគារ​នៅ​ខេត្ត​ព្រះសីហនុ​លោក​ធ្វើ​ខុស​ហើយ​អោយគេ​មកសុំ​ទោស​ទៀត ដូចនេះ​លោក​ត្រូវ​សុំទោស​ម្តាយ​គេ​ផង​ បើ​លោក​មិន​សុំទោស​លោក​ជា​មេ​ដ៏​សែន​កំសាកញី​និង​ថោកទាប​ជាទីបំផុត​សូម​មើល​ច្បាប់​ផង​ លោក​សួរ​ថា​ក្មេង​នឹង​សម​នឹង​លោក​ហៅ​ទៅ​ប៉ុស្តិ៍​ប៉ូលិស​ទេ ?​។​ តែ​ទោះជា​យ៉ាងណា​ពេលនេះ​ត្រូវបាន​លោកពូ ជួន ណារិន ចេញ​បញ្ជា​​មកហើយ​។​

តារា​សម្តែង​លោក អ៊ឹម ជីវ៉ា បាន​បន្ថែមថា​ សូម​គាំទ្រ​នូវ​ចំណាត់ការ​របស់​លោក​ឧត្ដមសេនីយ៍ទោ ជួន ណារិន ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ ​ដែល​បាន​រក​យុត្តិធម៌​អោយ​ម្ដាយ​បុគ្គលិក​ដែល​រង​ការ​ជេរប្រមាថ​ពី​ឈ្មោះ ខេន ដា​រិ​ន ប្រធាន​គណនី​កាស៊ីណូ​Queenco​នៅ​កំពង់សោម៕ ចាន់ ដា​រ៉ា





Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu