Ad Code

ពលរដ្ឋ​រស់នៅ​តំបន់​ដាច់ស្រយាល​ក្នុង​ខេត្តរតនគិរី​ សាទរ​ចំពោះ​វត្តមាន​ថ្នាក់ដឹកនាំ​ខេត្ត ដែល​បាន​ចុះ​សួរ​សុខទុក្ខ​ផ្ទាល់​ដល់​តំបន់​រស់នៅ​របស់​ពួកគាត់



រតនគិរី ​៖​ ប្រជាពលរដ្ឋ​ជាច្រើន​រយ​នាក់ មាន​ទាំង​វ័យ​ចំណាស់ និង​ក្មេង រួម​ទាំង​កុមារា កុមារី ដែល​ជា​សិស្សានុសិស្ស បាន​សម្តែង​ការ​សាទរ និង​សប្បាយរីករាយ​ចំពោះ​វត្តមាន លោក ប៊ូ ឡាំ អ្នក​តំណាងរាស្ត្រ​មណ្ឌល​រតនគិរី រួម​ទាំង​ថ្នាក់ដឹកនាំ​តាម​បណ្ដា​មន្ទីរ និង​ស្រុក ដែល​បាន​ចុះ​សួរសុខទុក្ខ​ដល់​មូលដ្ឋាន​រស់នៅ​របស់​ពួកគាត់ ដែលជា​តំបន់​ជនជាតិដើម​ភាគតិច កា​វ៉ែត​រស់នៅ ក្នុងភូមិ​កង​ណ​ក ឃុំ​វើ​ន​សៃ ស្រុក​វើ​ន​សៃ ខេត្តរតនគិរី នា​ថ្ងៃទី​៣ ខែមិថុនា ឆ្នាំ​២០១៨។

តាម​ការ​ឲ្យ​ដឹង​ពី​ប្រជាពលរដ្ឋ បងប្អូន​ជនជាតិដើម​ភាគតិច កា​វ៉ែត រស់នៅក្នុង​ភូមិ​កង​ណ​ក ឃុំ​វើ​ន​សៃ ស្រុក​វើ​ន​សៃ ព្រមទាំង​បងប្អូន​ជនជាតិ​ជាតិ​ដើម​ភាគតិច ដែល​មកពី​ច្រើន​ភូមិ​ទៀត បាន​ឲ្យ​ដឹងថា ពួកគាត់​មានចិត្ត​រំភើប​ជា​ពន់ពេក គ្រា​ដែលមាន​ថ្នាក់​ដឹក​ខេត្ត បាន​យកចិត្តទុកដាក់ ចុះ​សួរ​សុខ​ទុក​ដល់​ភូមិ​ពួកគាត់ ដែលជា​តំបន់​ដាច់ស្រយាល ធ្វើ​ឲ្យ​អោយ​ពួកគាត់​មាន​ភាព​សប្បាយ​រីករាយ និង​ភាព​កក់ក្ដៅ ហើយ​ពួកគាត់​ចង់​ឃើញ និង​ចង់​ស្គាល់​ថ្នាក់ដឹកនាំ​ដោយ​ផ្ទាល់​ហ្នឹង​ភ្នែក ព្រោះ​អី​តំបន់​ដែល​ពួកគាត់​កំពុង​រស់នៅ គឺ​ស្ថិតនៅ​តំបន់​ដាច់ស្រយាល​ឆ្ងាយ​ពី​ទី​រួម​ខេត្ត មិន​ងាយ​មាន​ថ្នាក់ដឹកនាំ​ធំៗ មកដល់​ទេ ហើយ​ពេល​ដែល​ធ្វើដំណើរ​មកដល់​តំបន់​នេះ គឺ​ត្រូវ​ឆ្លងទន្លេ​ទៀត​ទើប​មកដល់។

ម្យ៉ាងវិញទៀត ពួកគាត់​​​សុខចិត្ត​ផ្អាក​ការងារ​ស្រែចម្ការ​ទុកចោល ហើយ​មក​ទាំង​មេឃ​កំពុង​ធ្លាក់​ភ្លៀង​ទៀត គឺ​ដើម្បី​ចង់​ឃើញ និង​ចង់​ស្គាល់​ថ្នាក់ដឹកនាំ​ខេត្ត ដោយ​ផ្ទាល់​នឹង​ភ្នែក ដើម្បី​បាន​បង្ហាញ​ពី​សុខទុក្ខ និង​មានឱកាស​សំណូមពរ​ដល់​ថ្នាក់ដឹកនាំ អោយ​ជួយ​ដោះស្រាយ​អំពី​បញ្ហា និង​ការ​លំបាក​របស់​ពួកគាត់​មួយចំនួន​ទៀត​ផង។

ពួកគាត់​បាន​បន្ត​ទៀត​ដែរ​ថា នៅក្នុង​ឱកាស​ដែល​ពួកគាត់​បាន​ជួប​ជាមួយ​ថ្នាក់ដឹកនាំ​ខេត្ត​នា​ពេល​នេះ ពួកគាត់​បាន​សំណូមពរ​ដល់​ថ្នាក់ដឹកនាំ ឲ្យ​ជួយ​ស្ថាបនា​ផ្លូវ​ក្នុងភូមិ​របស់​ពួកគាត់ អោយបាន​ល្អ ស្អាត ដើម្បី​ជួយ​សម្រួល​ដល់​ការធ្វើដំណើរ រួមទាំង​ការ​សំណូមពរ​ផ្សេងទៀត ទាក់ទង​ទៅ​នឹង​ការផ្តល់​សេវា​សាធារណៈ ក៏ដូចជា​ការ​ធ្វើ​សៀវភៅ​អត្រានុកូលដ្ឋាន រួម​ទាំង​ការ​សំណូមពរ​ផ្សេងៗ​ទៀត។

ថ្លែង​ក្នុង​ឱកាស​សំណេះសំណាល​សួរសុខទុក្ខ​បងប្អូន​ប្រជាពលរដ្ឋ​នៅ​តំបន់​ដាច់ស្រយាល​នេះ លោក ប៊ូ ឡាំ អ្នកតំណាងរាស្ត្រ​មណ្ឌល​រតនគិរី បាន​ទទួល​យក​នូវ​ការ​សំណូមពរ​របស់​បងប្អូន​ប្រជាពលរដ្ឋ ដែល​ភាគច្រើន គឺជា​បងប្អូន​ជន​ជាតិដើម​ភាគតិច កា​វ៉ែត ដើម្បី​យក​ទៅ​ពិភាក្សា​ជាមួយ​អាជ្ញាធរ ខេត្ត និង​ស្រុក ក៏ដូចជា​បណ្តា​អង្គភាព​ពាក់ព័ន្ធ ដើម្បី​ពន្លឿន​ក្នុង​ការ​ដោះស្រាយ​រាល់​សំណូមពរ ក៏ដូចជា​រាល់​ការ​លំបាក​របស់​បងប្អូន​ប្រជាពលរដ្ឋ​។​

ទន្ទឹម​និង​នោះដែរ អ្នកតំណាងរាស្ត្រ ក៏បាន​លើកឡើង​អំពី​សមិទ្ធផល​នានា ដែល​រាជរដ្ឋាភិបាល​សម្រេចបាន​នាពេល​កន្លងមក និង​កំពុង​បន្ត​ការអភិវឌ្ឍ​បន្ថែមទៀត ជាពិសេស​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​តែងតែ​គិតគូរ​អំពី​សុខទុក្ខ និង​ជីវភាព​រស់នៅ​របស់បង​ប្អូន​ប្រជាពលរដ្ឋ។

បន្ទាប់ពី​លោក បួ ឡាំ បាន​សំណេះសំណាល សួរ​សុខ​ទុក្ខ​ប្រជាពលរដ្ឋ​រួចមក ​លោក​ក៏បាន​ពិសា​​បាយ​ថ្ងៃត្រង់​ជាមួយ​ប្រជាពលរដ្ឋ ដើម្បី​បង្កើន​ភាព​ជិតស្និទ្ធ និង​ផ្ដល់​ភាព​កក់ក្ដៅ​ដល់​ប្រជាពលរដ្ឋ​ក្នុង​ឱកាស​នោះ​ផង​ដែរ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu