រតនគិរី ៖ លោកចាន់ ប៊ុនធឿន ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តរតនគិរី បានឲ្យដឹងថា ប្រព័ន្ធធារាសាស្ត្រអូរត្រក បានចាប់ផ្ដើមស្តារឡើងវិញជាជំហានទី១ សម្រាប់បម្រើឲ្យការងារបង្កបង្កើនផលដល់ប្រជាកសិករនៅក្នុងឃុំសោមធំ ស្រុកអូរយ៉ាដាវ នៅដើមឆ្នាំ២០១៨។
ចំណែកប្រព័ន្ធធារាសាស្ត្រត្រពាំងច្រេស ស្ថិតនៅភូមិ៣ ឃុំត្រពាំងច្រេស ស្រុកកូនមុំ បានចាប់ផ្ដើមស្តារឡើងវិញនៅក្នុងឆ្នាំ២០០៨ ដោយបានបម្រើឲ្យការងារបង្កបង្កើនផលដល់ប្រជាកសិកររយៈពេល១០ឆ្នាំកន្លងមកហើយ។
លោកប្រធានមន្ទីរបានបន្តទៀតថា ប្រព័ន្ធធារាសាស្ត្រទាំង២នេះទី១ ប្រព័ន្ធធារាសាស្ត្រ អូរត្រក មានលទ្ធភាពស្រោចស្រពលើផ្ទៃដីស្រូវវស្សា ចំនួន ២០០ ហិកតា និងស្រូវប្រាំងចំនួន៨០ហិកតា និងប្រព័ន្ធធារាសាស្ត្រត្រពាំងច្រេស មានលទ្ធភាពស្រោចស្រពលើផ្ទៃដីស្រូវវស្សាចំនួន៣០០ ហិកតា និងស្រូវប្រាំងចំនួន១០០ហិកតា។
ប្រធានមន្ទីរដដែលបានបន្ថែមទៀតថា ការជួសជុល និងស្តារឡើងវិញជាបន្តបន្ទាប់ នូវប្រព័ន្ធធារាសាស្ត្រនៅក្នុងខេត្តរតនគិរី បាន និងកំពុងផ្តល់អត្ថប្រយោជន៍ជាច្រើន ដល់ការងារបង្កបង្កើនផលរបស់បងប្អូនប្រជាកសិករ ជាពិសេសផ្ដល់អត្ថប្រយោជន៍ជូនដល់ប្រជាពលរដ្ឋជាច្រើនក្នុងការធ្វើដំណើរដឹកកសិផលនៅលើខ្នងទំនប់អូរត្រក និង ខ្នងទំនប់ត្រពាំងច្រេសជាច្រើនពាន់គ្រួសារ។
ការចាប់ផ្តើមធ្វើការជួសជុល និងស្តារឡើងវិញនូវប្រព័ន្ធធារាសាស្ត្រទាំងនេះ ក៏មានការចូលរួមពីបងប្អូនប្រជាកសិករក្នុងតំបន់ផងដែរ។
ប្រជាពលរដ្ឋម្នាក់ឈ្មោះ ឡុង សុចិត្រ ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ រស់នៅក្បែរទំនប់ប្រព័ន្ធធារាសាស្ត្រត្រពាំងច្រេស ស្ថិតនៅភូមិ៣ ឃុំត្រពាំងច្រេស ស្រុកកូនមុំ បានឲ្យដឹងដែរថា សព្វថ្ងៃប្រព័ន្ធធារាសាស្ត្រត្រពាំងច្រេស បានកំពុងក្លាយជាកន្លែងទេសចរណ៍ដ៏ពេញនិយម ដែលមានភ្ញៀវជាតិ និងអន្តរជាតិមកមុជទឹកកម្សាន្តលេងនៅរៀងរាល់ចុងសប្ដាហ៍ និងរៀងរាល់ថ្ងៃបុណ្យទានជាតិធំៗ។
ប្រជាពលរដ្ឋដដែលបានបន្ថែមទៀតថា ចាប់តាំងពីមន្ទីរបានស្ដារ និងលើកខ្នងទំនប់មក ធ្វើឲ្យប្រជាពលរដ្ឋក្នុងភូមិងាយស្រួលក្នុងការធ្វើដំណើរ ហើយប្រព័ន្ធធារាសាស្ត្រត្រពាំងច្រេសបានផ្គត់ផ្គង់ទឹកស្រោចស្រពដំណាំស្រូវ និងដំណាំផ្សេងៗទៀតជាច្រើន។
ទន្ទឹមនឹងការផ្ដាំផ្ញើរបស់ប្រជាពលរដ្ឋឈ្មោះ ឡុង សុចិត្រ លោកលោក ចាន់ ប៊ុនធឿន ក្នុងនាមប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តរតនគិរី ក៏បានអំពាវនាវផងដែរដល់ប្រជាពលរដ្ឋទាំងអស់សូមបន្ដជួយចូលរួមថែរក្សា។
លោកប្រធានមន្ទីរធនធាន និងឧតុនិយម បានបញ្ជាក់ទៀតថា កាលពីសម័យសង្គមរាស្ដ្រនិយមប្រព័ន្ធធារាសាស្ត្រនៅទូទាំងខេត្តរតនគិរីមានចំនួន៦៣កន្លែង។ ប៉ុន្តែត្រូវរងការខូចខាតស្ទើរទាំងស្រុងក្នុងរបបខ្មែរក្រហម តែរហូតមកដល់បច្ចុប្បន្ននេះ មន្ទីរបានកសាងឡើងវិញក្រោមកញ្ចប់ថវិការបស់រដ្ឋាភិបាល តាំងពីឆ្នាំ២០០១រហូតមកដល់ឆ្នាំ២០១៨នេះ បានចំនួន១៧កន្លែង លើកជាខ្នងទំនប់បានប្រវែងប្រមាណជាង២០គីឡូម៉ែត្រ អាចស្រោចស្រពផ្ទៃដីស្រែរដូវវស្សា និងរដូវប្រាំង បូករួមនឹងដំណាំផ្សេងៗ បានចំនួន២៧០០ហិកតាក្នុង១ឆ្នាំៗ៕
Source: Kampuchea Thmey Daily
0 Comments