រតនគិរី ៖ លោក ប៊ូ ឡាំ អ្នកតំណាងរាស្ត្រមណ្ឌលរតនគិរី អមដំណើរដោយអភិបាលក្រុងបានលុង រួមជាមួយថ្នាក់ដឹកនាំមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត រួមទាំងសប្បុរសជនមួយចំនួនទៀត កាលពីពេលថ្មីៗនេះ បានចុះពិនិត្យ និងជួយជួសជុលផ្លូវលំ ១ខ្សែ ស្ថិតក្នុងភូមិអូរកន្តិល សង្កាត់បឹងកន្សែង ក្រុងបានលុង ដែលរងការខូចខាតដោយសារមេឃបង្អោរភ្លៀងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ជាប់ៗគ្នា។
ការចុះពិនិត្យ និងជួយជួសជុលផ្លូវលំ ១ខ្សែនេះរបស់ លោក ប៊ូ ឡាំ គឺបានធ្វើឡើងនៅថ្ងៃទី៤ ខែមិថុនានេះ បន្ទាប់ពីលោកមើលឃើញពីស្ថានភាពជាក់ស្តែងពីបញ្ហាលំបាកក្នុងការធ្វើដំណើរក្នុងរដូវវស្សានេះ របស់បងប្អូនប្រជាពលរដ្ឋនៅចំណុចនោះ។
ថ្លែងក្នុងឱកាសនោះផងដែរ អ្នកតំណាងរាស្ត្រមណ្ឌលរតនគិរីរូបនេះ ក៏បានធ្វើការសំណូមដល់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅតំបន់នេះ សូមអោយជួយចូលរួមថែរក្សាផ្លូវលំ ១ខ្សែនេះទាំងអស់គ្នា ដើម្បីជាប្រយោជន៍ដល់បងប្អូនប្រជាពលរដ្ឋក្នុងភូមិនេះ ជាពិសេសចំពោះសិស្សានុសិស្ស ងាយស្រួលដល់ការធ្វើដំណើរទៅមក បន្ទាប់ពីក្រុមការងារមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ចុះមកជួយជួសជុលផ្លូវនេះអោយបានល្អ ស្អាត ក្នុងរយៈពេលដ៏ខ្លីនាពេលខាងមុខនេះ ពោលគឺក្រោយមេឃភ្លៀងធ្លាក់។
ជាមួយគ្នានោះ លោក ប៊ូ ឡាំ ក៏បានបញ្ជាក់ថា ការដែលលោក ចុះមកពិនិត្យ និងជួយជួសជុលផ្លូវលំ ១ខ្សែ នាពេលនេះ គឺមិនមែនមកឃោសនា សុំសំឡេងឆ្នោតពីប្រជាពលរដ្ឋនោះទេ ប៉ុន្តែនេះជាការមើលឃើញពីការលំបាកធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋក្នុងភូមិនេះជាក់ស្តែង៕
Source: Kampuchea Thmey Daily
0 Comments