Ad Code

អាជីវករ​ផ្សារ​ប៉ា​ហ៊ី សប្បាយ​ចិត្ត​ពេល​ឃើញ​មន្ត្រី​សាខា​កាំកុងត្រូល​ខេត្ត​ប៉ៃលិន​ បន្ត​ចុះ​ត្រួតពិនិត្យ​ទំនិញ​ ខូច​គុណភាព



ប៉ៃលិន ​៖ ​នៅ​ព្រឹក​ថ្ងៃទី​០៤ ខែ​មិថុនា ឆ្នាំ​២០១៨ លោក​ឈឹម វាសនា ប្រធាន​សាខា​កាំកុងត្រូល​ខេត្ត​ប៉ៃលិន បាន​ដឹកនាំ​ក្រុមការងារ ដោយ​សហការ​ជាមួយ​មន្ត្រី​នៃ​មន្ទីរ​ពាណិជ្ជកម្ម ខេត្ត ​​បន្ត​ចុះ​ត្រួតពិនិត្យ​ទំនិញ​ម្ហូបអាហារ ដែល​អាជីវករ​ដាក់​តាំង លក់​នៅ​តាម​តូប ព្រមទាំង​ធ្វើការ​ពិសោធន៍​លើ​ម៉ឹក បង្ការ​ ដើម្បី​ស្វែងរក​សារធាតុ​គីមី តែ​ជា​លទ្ធផល​គឺ​ម្ហូបអាហារ​ទាំងនោះ មិន​មាន​ផ្ទុក​នូវ​សារ​ធាតុគីមី នាំ​ឲ្យ​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ទទួលទាន​ឡើយ។ ការ​បន្ត​ចុះ​ត្រួតពិនិត្យ​ទំនិញ​នេះ​ដែរ ប្រព្រឹត្តទៅ​នៅ​ជុំវិញ​ផ្សារ​ប៉ា​ហ៊ី ស្ថិត​ក្នុង​សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន។

អាជីវករ​ម្នាក់​ឈ្មោះ គ​ន្ធា ជា​អ្នកលក់​ម្ហូបអាហារ បាន​ឲ្យ​ដឹង​ថា ​៖​ ពួកគាត់​ពិតជា​សប្បាយ​ចិត្ត​យ៉ាងខ្លាំង ដែល​មន្ត្រី​កាំកុងត្រូល ចុះ​ត្រួតពិនិត្យ​លើ​ទំនិញ​ដែល​គាត់​បានដាក់​តាំង​លក់ ហើយក៏​មិន​មាន​ចិត្ត​ខឹងសម្បា​អ្វី​ជាមួយ​មន្ត្រី​ជំនាញ​នេះ​ឡើយ ព្រោះ​ការធ្វើ​របៀបនេះ​គឺ​ដើម្បី​ឲ្យ​អាជីវករ​ដូច​រូបគាត់ បាន​យល់ដឹង​កាន់តែច្បាស់ ថា​តើ​ទំនិញ​ណា​ដែល​ហួស​ដឺ​ឡេ ហើយ​ទំនិញ​ណា​ដែល​មិន​ហួស​ដឺ​ឡេ​នោះ ហើយ​ជា​លទ្ធផល​នៅពេល​មន្ត្រី​កាំកុងត្រូល​ចុះមក​ពិនិត្យ​នៅ​កន្លែង​គាត់ គឺ​មិន​មានមុខ​ម្ហូបអាហា​ណា ដែលមាន​ផ្ទុក​នូវ​សារធាតុ​គីមី​នោះ​ដែរ។

ពាក់ព័ន្ធ​បញ្ហា​នេះដែរ លោក ឈឹម វាសនា ប្រធាន​សាខា​កាំកុងត្រូល​ខេត្ត​ប៉ៃលិន មានប្រសាសន៍​ឲ្យ​ដឹងថា ​​៖​ សាខា​កាំកុងត្រូល​ខេត្ត តែងតែ​បន្ត​ចុះ​ត្រួតពិនិត្យ​ទំនិញ ដែល​ប្រជាពលរដ្ឋ និង​អាជីវករ ដាក់តាំង​លក់​នៅ​តាម​ផ្សារ​នានា​ទូទាំង​ខេត្ត ហើយ​សកម្មភាព​នេះ​ គឺ​ធ្វើជា​រៀងរាល់​ខែ ក្នុង​គោលបំណង​ផ្សព្វផ្សាយ និង​បញ្ជ្រាប​ការ​យល់ដឹង​ដល់​ប្រជាពលរដ្ឋ នៅ​តាម​មូលដ្ឋាន​នានា ឲ្យ​ចេះ​ពិនិត្យ​មើល​នូវ​ទំនិញ​ខូចគុណភាព ព្រោះ​ទំនិញ​ដែល​ខូចគុណភាព វា​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​យើង​ផង​ដែរ។ ជាមួយគ្នានេះដែរ លោក​ប្រធាន​សាខា ក៏​បានធ្វើ​ការពន្យល់​ណែនាំ ដល់ អាជីវករ​ទាំងអស់ កុំ​យក​ទំនិញ​ណា ដែល​ខូចគុណភាព ទំនិញ​ដែល​មិនមាន​ច្បាប់​អនុញ្ញាត ឬ​ទំនិញ​ដែល​មិនមាន ស្លាក​សញ្ញា​ត្រឹមត្រូវ មក​ដាក់តាំង​លក់ ដែល​ធ្វើអោយប៉ះពាល់​សុខភាព​អ្នកប្រើប្រាស់ ទន្ទឹមនេះ​អាជីវករ​ទាំងអស់​មុន​នឹង​ទិញ​ទំនិញ យកមក​ដាក់​តាំង​លក់ ត្រូវ​ពិនិត្យមើល​កាលបរិច្ឆេទ​ ថ្ងៃ ខែ ឆ្នាំ ផលិត និង​ក្រុមហ៊ុន ឲ្យ​បាន​ច្បាស់លាស់ ដើម្បី​ជៀសវាង ពេល​សមត្ថកិច្ច​កាំកុងត្រូល ចុះ​ពិនិត្យ​ឃើញ​ទំនិញ​ហួស​កាលកំណត់ គឺ​មន្ត្រី​យើង​ធ្វើ​ការដកហូត ដែល​នាំ​ឲ្យ​ខាតបង់​ថវិកា​គ្រួសារ​របស់​បងប្អូន និង ខាតបង់​វេលា​ផងដែរ។ ក្នុងការ​បន្ត​ចុះ​ត្រួតពិនិត្យ​ទំនិញ​នេះដែរ សមត្ថកិច្ច​កាំកុងត្រូល បាន​ដកហូត​ទំនិញ​ខូចគុណភាព មួយចំនួន ពី​អាជីវករ ដើម្បី​យក​ទៅ​កម្ទេច​ចោល​រួមមាន ៖ ស្ករ​គ្រាប់​ចំនួន ១៣៥​កញ្ចប់​ធំ ស្មើ​នឹង​៥៤​គីឡូក្រាម​, ទឹកក្រូច​ដប​ជ័រ​ចំនួន​២០​ដប​, ទឹកខ្មេះ​រូប​ទន្សាយ​ចំនួន ៣៥​ដប​, ទឹកដោះគោ​រាវ​កំប៉ុង​ចំនួន​០៣​កំប៉ុង​,​ឈូក​លីង​ចំនួន​១២​កញ្ចប់ ផង​ដែរ៕ ​




Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu