Ad Code

កាត់ទោស​បុរស​បែលហ្ស៊ិក​ម្នាក់ ​រឿង​ដឹក​គ្រឿងញៀន​ចូល​កម្ពុជា​ ថ្ងៃ​២២​មិថុនា​ប្រកាស​សាលក្រម​



ភ្នំពេញ ៖ បុរស​ជនជាតិ បែលហ្ស៊ិក​ម្នាក់ ត្រូវបាន​បញ្ជូនមក​សាលាដំបូង​រាជធានី​ភ្នំពេញ​នា​ព្រឹក​ថ្ងៃទី ០៤ ខែ​​មិថុនា ឆ្នាំ​២០១៨ ដើម្បី​កាត់ទោស​ពាក់ព័ន្ធ​នឹង​ការដឹកជញ្ជូន​គ្រឿងញៀន​កា​កូ​អ៊ីន ​ពី​ប្រទេស​ប្រេស៊ីល​ចូលមក​ប្រទេស​កម្ពុ​ជា។

ជនជាប់ចោទ​ឈ្មោះ CATRY DAVID NOEL ភេទ​ប្រុស អាយុ ៣៤​ឆ្នាំ ជនជាតិ បែលហ្ស៊ិក ត្រូវបាន​ចោទប្រកាន់​ពីបទ​ដឹកជញ្ជូន​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ប្រព្រឹត្ត​កាលពី​ថ្ងៃទី​១០ ខែមករា ឆ្នាំ​២០១៨ នៅ​ចំណុច​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ។ យ៉ាងហោចណាស់​មាន​គ្រឿងញៀន​ប្រភេទ​កា​កូ​អ៊ីន​ទម្ងន់​១០០៣,២៤​ក្រាម មាន​សារធាតុ​សុទ្ធ​ចំនួន​៨០ ,៤១​ភាគរយ​ត្រូវបាន​រឹបអូស​ពី​វ៉ាលិស​របស់​ជនជាប់ចោទ​ពេលធ្វើ​ដំណើរ​តាម​យន្តហោះ​មកដល់​​កម្ពុជា។

នៅក្នុង​សវនាការ​ជនជាប់ចោទ​បាន​សារភាព​ថា ខ្លួន​គេ​ពិតជា​បាន​ស៊ីឈ្នួល​​​ ​ជនជាតិ​ប្រេស៊ីល​ម្នាក់​ក្នុង​តម្លៃ​៣​ម៉ឺន​ដុល្លារ​ដើម្បី​យក​កា​កូអ៊ីន​ទាំងនោះ​មកដល់​កម្ពុជា។

ជនជាប់ចោទ​បាន​សារភាព​ទៀតថា ​រូបគេ​បាន​ស្គាល់​ជនជាតិ​ប្រេ​ស៊ី​ល​ម្នាក់​ឈ្មោះ តាំង​ហ្គី អេ​ជី​ខូ​ល័​រ នៅក្នុង​ក្រុងភ្នំពេញ។ ក្រោយមក​ដោយសារ​បញ្ហា​សេដ្ឋកិច្ច​ផ្ទាល់ខ្លួន​ដោះស្រាយ​មិន​ចេញ ខ្លួន​ក៏បាន​សុខចិត្ត​ស៊ីឈ្នួល​តាំងហ្គី ដើម្បី​ទៅ​ប្រទេស​ប្រេ​ស៊ីល​យក​គ្រឿងញៀន​ដែល​គេ​បានរៀបចំ​រួចជាស្រេច ជិះ​យន្តហោះ​មក​ប្រទេស​ថៃឡង់ ហើយ​ចុងក្រោយ​ក៏​ចូល​មកដល់​កម្ពុជា​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​តែម្ដង។

អាជ្ញាធរ​កម្ពុជា​បាន​ស្វែងរក​ឈ្មោះ​តាំង​ហ្គី អេ​ជី​ខូ​ល័​រ យ៉ាងតិច​៤​ដង​នៅតាម​សណ្ឋាគារ​នានា​ដែល​គេ​ធ្លាប់​រស់នៅ ​តែ​រក​មិនឃើញ​ដាន​ទាល់តែសោះ។

តំណាង​អយ្យកា​រលោក ស្រី ម៉ា​កនី បានធ្វើ​សេចក្ដីសន្និដ្ឋាន​រក្សា​បទ​ចោទប្រកាន់​លើ​បុរស បែលហ្ស៊ិក​​ពីបទ​ដឹកជញ្ជូន​ ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ហើយ​ស្នើ​ឲ្យ​ក្រុមប្រឹក្សាតុលាការ​ផ្ដន្ទាទោស​ជន​ត្រូវ​ចោទ​តាមច្បាប់។

ចំណែក​ជនជាប់ចោទ​បាន​សុំ​អោយ​តុលាការ​បន្ធូរបន្ថយ​ទោស​ដល់​ខ្លួន​​ផង។ លោក​ចៅក្រម​ម៉េង តូ​នី បានកំណត់​យក​ថ្ងៃទី ២២ ខែមិថុនា ឆ្នាំ​២០១៨ វេលា​ម៉ោង​៩​ព្រឹក​ដើម្បី​ប្រកាស​សាលក្រម៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu