Ad Code

ស្ត្រី​ពោះធំ​៦​ខែ​ ជិះ​ម៉ូតូ​បុក​គ្នា​របស់​ធ្ងន់​និង​ស្រាល​៥​នាក់



ភ្នំពេញ ​៖​ ស្ត្រី​ពោះធំ​ម្នាក់ ​រង​របួស​ធ្ងន់ ​និង​៤​នាក់​ទៀត​រង​របួស​ស្រាល បន្ទាប់ពី​ជិះ​ម៉ូតូ​បុក​គ្នា​ពេញទំហឹង​​ ​ហើយ​​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ភ្លាមៗ កាលពី​វេលា​ម៉ោង​០៧​ព្រឹក ​ថ្ងៃទី​០៤ ខែ​មិថុនា ​ឆ្នាំ​២០១៨​ ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​បេតុង​ ភូមិ​ព្រៃ​ល្ង​ សង្កាត់​ចោមចៅ​២ ​ខណ្ឌ​ពោធិ៍សែន​ជ័យ។

ភាគី​ម៉ូតូ​ម៉ាក ហុងដា​ឌ្រី​ម​សេ​១២៥​ស៊េរី​២០១៨​ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​ស្វាយរៀង 1L-8495 ជិះ​គ្នា​៣​នាក់​បងប្អូន​បើកបរ​ដោយ​ឈ្មោះ​តឿ សុភាព ភេទ ប្រុស អាយុ​២៦​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ​រង​របួស​ស្រាល ​រួម​ដំណើរ​ជាមួយ​បងស្រី​រង​របួស​ស្រាល​និង​ប្អូនប្រុស​ម្នាក់ទៀត​ឈ្មោះ គង់ ក្រូច​ អាយុ​១៨​ឆ្នាំ​មុខរបរ​កម្មករ រង​របួស​ធ្ងន់​បាក់​ស្មា​ខាងឆ្វេង។ ជនរងគ្រោះ​ទាំង​៣​នាក់​ស្នាក់នៅ​ភូមិ​ទួល​ពង្រ​ សង្កាត់​ចោមចៅ​១​ មាន​ស្រុកកំណើត ខេត្តស្វាយរៀង។

ចំណែក​ភាគី​ម្ខាង​ទៀត​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​ដូចគ្នា​ស៊េរី​២០១៨​ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​កំពង់ចាម​1S-7633 ជិះ​គ្នា​២​នាក់​ប្តី​ប្រពន្ធ​បើកបរ​ដោយ​ឈ្មោះ លាង ជូ ភេទ​ប្រុស អាយុ​២៦​ឆ្នាំ​មុខរបរ​កម្មករ​រោងចក្រ​រងរបួស​ស្រាល​ ចំណែក​ប្រពន្ធ​រងរបួស​ធ្ងន់ បាក់ជើង​ស្តាំ ​ខណៈដែល​កំពុងមាន​ផ្ទៃពោះ​៦​ខែ​ផង​នោះ មុខរបរ​កម្មករ​រោងចក្រ​ស្នាក់នៅ​ភូមិ ព្រៃ​ល្ង​ សង្កាត់​ចោមចៅ​២​មាន​ស្រុក​កំណើត​ ស្រុក​មេសាង​ ខេត្ត​ព្រៃវែង។

តាម​ប្រភព​នៅ​កន្លែង​បាន​ឲ្យ​ដឹង​ថា​ មុន​កើតហេតុ​ភាគី​ខាង​ម៉ូតូ​ជិះ​២​នាក់​ប្តី​ប្រពន្ធ​បើក​លើ​ផ្លូវ​បញ្ច្រាស​ទិសដៅ​ចរាចរណ៍​មិន​ប្រកាន់​ស្ដាំ​ពី​លិចទៅ​កើត ​លុះដល់​ចំណុច​បាន​ស៊ីញ៉ូ​បត់​ឆ្លងផ្លូវ​ ស្រាប់តែ​ភាគី​ម៉ូតូ​ជិះ​គ្នា​៣​នាក់​បងប្អូន​ជិះ​លើផ្លូវ​​អាទិភាព​ពី​កើ​តទៅ​លិច ​ជ្រុល​បុក​ពេញទំហឹង​បណ្តាល​ឲ្យ​ដួល​រង​របួស​ធ្ងន់​២​នាក់​ស្រាល​៣​នាក់។

ក្រោយ​កើតហេតុ​ ស្ដ្រី​ពោះធំ​របួសធ្ងន់​ ត្រូវ​បាន​រថយន្ត​សង្គ្រោះ​បន្ទាន់​ដឹក​បញ្ជូន​យក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ ចំណែក​យុវជន​ម្នាក់​របួស​បាក់​ស្មា ​ត្រូវ​បាន​សាច់ញាតិ​ដឹក​តាម​ម៉ូតូ​ទៅ​ពេទ្យ​ដោយ​ខ្លួនឯង។ ដោយឡែក​ម៉ូតូ​ទាំង​២​គ្រឿង​ត្រូវបាន​សមត្ថកិច្ច​វាស់វែង​រួច​យក​ទៅ​រក្សាទុក​ដើម្បី​រង់ចាំ​ដោះស្រាយ​គ្នា​នៅពេល​ក្រោយ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu