Ad Code

ដាក់​គោលដៅ​ត្រួតពិនិត្យ​អាវុធ​ជាតិ​ផ្ទុះ និង​ពង្រឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក ឃាត់ខ្លួន​ជន​សង្ស័យ​បាន​២​នាក់ ​ពាក់ព័ន្ធ​បទល្មើស​ថ្នាំញៀន



ភ្នំពេញ ​៖​ កម្លាំង​នគរបាល​ខណ្ឌទួលគោក បាន​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ ខណៈ​ដាក់​គោលដៅ​ត្រួតពិនិត្យ​អាវុធ​ជាតិផ្ទុះ និង​ពង្រឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក ហើយ​នៅពេល​ជនសង្ស័យ​២​នាក់​នេះ​ជិះ​ម៉ូតូ​ឆ្លងកាត់ មាន​ថ្នាំញៀន​នៅ​ជាប់​ខ្លួន​នោះ ទើប​ប៉ូលិស​ធ្វើការ​ឃាត់ខ្លួន​តែម្តង។

ជនសង្ស័យ​ទាំង​២​នាក់​ ត្រូវបាន​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​១០​យប់ ថ្ងៃអាទិត្យ ទី​៣ ខែមិថុនា ឆ្នាំ​២០១៨ តាម​បណ្ដោយ​ផ្លូវ​២៧១ មុខ​វិទ្យា​ល័យ ជាស៊ីម សាមគ្គី ស្ថិតក្នុង​សង្កាត់​បឹង​សាឡាង ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។​

សមត្ថកិច្ច​ឲ្យ​ដឹង​ថា ជនសង្ស័យ​ទី​១ មានឈ្មោះ មៀន មាឌ ភេទ​ប្រុស អាយុ​២១​ឆ្នាំ មុខរបរ​កម្មករ​សំណង់ ស្នាក់នៅ​ផ្សារ​ព្រៃទា ខណ្ឌ​ពោធិ៍​សែនជ័យ​ មាន​ស្រុកកំណើត​នៅ​ខេត្តព្រៃវែង​។ ចំណែក​ជនសង្ស័យ​ទី​២ មានឈ្មោះ យាន អុល ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ​រោងចក្រ ស្នាក់នៅ​ទួល​សង្កែ ខណ្ឌ​ឫស្សីកែវ មាន​ស្រុកកំណើត​នៅ​ខេត្តព្រៃវែង។

សមត្ថកិច្ច​បន្តថា នៅ​មុន​ពេល​ឃាត់ខ្លួន គឺ​កម្លាំង​នគរបាល​ខណ្ឌទួលគោក បានដាក់​គោលដៅ​ត្រួតពិនិត្យ​អាវុធ​ជាតិ​ផ្ទុះ និង​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក ស្រាប់តែ​លេច​ជនសង្ស័យ​មាន​គ្នា​ពីរ​នាក់ ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក ហុងដា​ឌ្រី​ម​សង់ ស៊េរី​ឆ្នាំ​២០១៦ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 2GG-3101 ឆ្លងកាត់​គោលដៅ ហើយ​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ហៅ​ឲ្យ​ឈប់ និង​បាន​ឆែកឆេរ​ទៅលើ​ខ្លួនប្រាណ ស្រាប់តែ​រកឃើញ​ថ្នាំញៀន​១​កញ្ចប់​តូច លាក់​នៅក្នុង​លុយ​ក្រដាស​៥០០​រៀល ទើប​ធ្វើការ​ឃាត់ខ្លួន​តែម្ដង។

បច្ចុប្បន្ន​ជនសង្ស័យ​ទាំងពីរ​នាក់ រួមទាំង​វត្ថុតាង ត្រូវបាន​នាំខ្លួន​មក​សួរនាំ​បន្ត​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក ដើម្បី​ចាត់​ទៅតាម​នីតិវិធី​ច្បាប់៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu