Ad Code

ឃាត់​ខ្លួន​ ជន​សង្ស័យ​បាន​២​នាក់ កំពុង​ធ្វើ​សកម្មភាព​ឈរ​លក់​គ្រឿងញៀន​តាម​ផ្លូវ​សាធារណៈ



ភ្នំពេញ​ ៖​ ជនសង្ស័យ​២​នាក់​ ត្រូវបាន​កម្លាំង​មាន​សមត្ថកិច្ច​របស់​ប៉ូលិស​ខណ្ឌទួលគោក​ធ្វើការ​ឃាត់ខ្លួន​បាន​ជាក់ស្តែង ខណៈដែល ជនសង្ស័យ​ទាំង​២​នាក់​នេះ ​កំពុងតែ​ធ្វើ​សកម្មភាព ដោយ​ឈរ​លក់​គ្រឿងញៀន​យ៉ាង​​​នៅ​តាម​ផ្លូវ​សាធារណៈ។

ជនសង្ស័យ​ទាំង​២​នាក់​នេះ ​ត្រូវ​បាន​ឃាត់ខ្លួន​កាលពី​រាត្រី​ថ្ងៃទី​៣ ​ខែ​មិថុនា​វេលា​ម៉ោង​០៩​និង​១០ ត្រង់​ចំណុច​មុខផ្ទះ​លេខ​៥៩​ផ្លូវ​២៣០ កែង​ផ្លូវ​២២៧​សង្កាត់​ផ្សារ​ដើម​គរ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ។

ជនសង្ស័យ​ទី​១ ឈ្មោះ​យ៉ុ​ន សុខា ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កម្មករ​អូស​រទេះ ស្នាក់នៅ​ផ្ទះជួល សង្កាត់​ផ្សារ​ដើម​គរ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ។ ជនសង្ស័យ​ទី​២ ឈ្មោះ អែម ដា ភេទ ប្រុស អាយុ​២៧​ឆ្នាំ មុខរបរ​កម្មករ​អូស​បន្លែ ស្នាក់នៅ​មិន​ពិតប្រាកដ​ និង​មាន​ស្រុកកំណើត ស្រុក​ស្អាង​ ខេត្ត​កណ្តាល។

ក្នុងការ​ឃាត់ខ្លួន​នេះ ​ប៉ូលិស​ដកហូត​បាន ១-​ក្រាម​ព​ណ៌​ស​ថ្លា​(​សង្ស័យ​ជា​គ្រឿងញៀន​) ចំនួន​០៤​កញ្ចប់​(០៣​កញ្ចប់​តូច និង​០១​កញ្ចប់​ធំ​) ថង់​សម្រាប់​ច្រក​គ្រឿងញៀន ជញ្ជីង​ថ្លឹង​គ្រឿងញៀន និង​ឧបករណ៍​សម្រាប់​ជក់​គ្រឿងញៀន​មួយ​ចំនួនទៀត។

មន្ត្រី​ប៉ូលិស​ខណ្ឌទួលគោក​បាន​អោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គឺ​ប៉ូលិស​ខណ្ឌទួលគោក​ បាន​ជិះ​ម៉ូតូ​ល្បាត​នៅក្នុង​មូលដ្ឋាន ក្នុង​ខណៈនោះ​ក៏បាន​​ឃើញ​ជន​សង្ស័យ​២​នាក់​កំពុង​ធ្វើ​សកម្មភាព​ឈរ​លក់​គ្រឿងញៀន​យ៉ាង​អនាធិបតេយ្យ​នៅ​តាម​ផ្លូវ​សាធារណៈ ទើប​ប៉ូលិស​ធ្វើការ​ឃាត់ខ្លួន​តែម្តង ដោយ​ដកហូត​បាន​គ្រឿងញៀន​មួយ​ចំនួន​ធំ​ខាងលើ។

បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​២​នាក់​ខាងលើ កំពុង​ឃាត់ខ្លួន​ជា​បណ្ដោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក ដើម្បី​សាកសួរ និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ សាលាដំបូង​រាជធានី​ភ្នំពេញ ចាត់ការ​តាមផ្លូវ​ច្បាប់៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu