ភ្នំពេញ ៖ ប្រភពព័ត៌មានពីតុលាការកំពូលបានអោយដឹងថា នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨ខាងមុខនេះ ក្រុមប្រឹក្សាជំនុំជម្រះតុលាការកំពូល នឹងលើកយកសំណុំរឿងប្ដឹងសារទុក្ខរបស់លោកគឹម សុខ អ្នកវិភាគបញ្ហាសង្គមមកបើកសវនាការជាសាធរណៈ។
លោកមេធាវីជូង ជូងី នៅតែការពារក្ដីអោយជនជាប់ចោទ គឹម សុខ ដដែល។ ជនត្រូវចោទបានប្ដឹងសារទុក្ខឡើងមកតុលាការកំពូលនៅពេលដែលសាលាឧទ្ធរណ៍បានតម្កល់ទុកសាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញបានការទាំងស្រុង ដោយផ្ដន្ទាទោសលោកគឹម សុខដាក់ពន្ធនាគារកំណត់១៨ខែ ពិន័យប្រាក់បង់ចូលថវិការដ្ឋចំនួន៨លានរៀល និងបង្គាប់អោយសងជំងឺចិត្តដល់ដើមកបណ្ដឹងរដ្ឋប្បវេណីចំនួន៨០០លានរៀល ក្រោមការចោទប្រកាន់ពីបទញុះញង់អោយប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និងបទបរិហារកេរ្តិ៍ជាសាធារណៈ ពាក់ព័ន្ធការចោទប្រកាន់សម្ដេចនាយករដ្ឋមន្ត្រីហ៊ុន សែន ថា នៅពីក្រោយនៃការសម្លាប់លោកបណ្ឌិតកែម ឡី។
សេចក្ដីសម្រេចនេះ បានធ្វើឡើង បន្ទាប់ពីចៅក្រមតុលាការបានបើកសវនាការកាលពី ថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ ២០១៧ ហើយបាន ប្រកាសសាលក្រមនៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៧។
លោក គឹម សុខ ត្រូវបាន ជាប់ឃុំ ចាប់តាំងពី អំឡុង ខែកុម្ភៈ ឆ្នាំ ២០១៧ មក ដោយ រង បទ ចោទបរិហារកេរ្តិ៍ ជាសាធារណៈនិង បទ ញុះញង់ ឲ្យ មាន ភាពវឹកវរ ដល់សន្តិសុខសង្គមតាម ពាក្យបណ្តឹង របស់ សម្តេច ហ៊ុន សែន។
បើតាម លោក គី តិច ដែលជា មេធាវី របស់ សម្តេច ហ៊ុន សែន ការប្តឹង នេះ គឺ ដោយសារតែ លោក គឹម សុខ បាន ចោទថា គណបក្ស ប្រជាជន កម្ពុជា នៅ ពី ក្រោយខ្នង នៃ អំពើ ឃាតកម្ម លើ លោក កែម ឡី។ នៅក្នុង ពាក្យបណ្តឹង នេះ សម្តេច ហ៊ុន សែន បាន ទារ សំណង ជំងឺ ចិត្ត ចំនួន ៥០ ម៉ឺន ដុល្លារ ពី លោក គឹម សុខ។
លោក គឹម សុខ នៅ រង ពាក្យបណ្តឹង មួយទៀត ពីសម្តេច ហ៊ុន សែន។ បណ្តឹង លើក ទី ពីរ នេះ គឺពាក់ព័ន្ធ នឹង ការលើកឡើង របស់ គឹម សុខ ដែល ចោទថា ប្រព័ន្ធ មួយ ស្ថិតនៅក្រោម ការគ្រប់គ្រង របស់ រដ្ឋាភិបាល បច្ចុប្បន្ន មានការ សម្លាប់ មនុស្ស ហើយរកឃាតកមិនឃើញ៕
Source: Kampuchea Thmey Daily
0 Comments