ប្រធានាធិបតីអាមេរិកលោក Donald Trump កាលពីថ្ងៃអង្គារបាននិយាយការពារគោលនយោបាយ “មិនអត់ឱន” ដែលនាំឲ្យគ្រួសារអន្តោប្រវេសន៍រាប់ពាន់គ្រួសារត្រូវបំបែកបំបាក់នៅតាមព្រំដែនសហរដ្ឋអាមេរិកថា ជាមធ្យោបាយដ៏មានប្រសិទ្ធភាពតែមួយគត់ក្នុងការប្រយុទ្ធប្រឆាំងនឹងការធ្វើអន្តោប្រវេសន៍ខុសច្បាប់។
លោកបានប្រាប់ការជួបជុំមួយនៃម្ចាស់អាជីវកម្មខ្នាតតូចថា “ខ្ញុំមិនចង់ឲ្យកុមារត្រូវបំបែកពីឪពុកម្ដាយឡើយ។ នៅពេលអ្នកកាត់ទោសឪពុកម្តាយដោយសារការចូលមកដោយខុសច្បាប់ អ្នកត្រូវតែយកកូនរបស់ពួកគេទៅឆ្ងាយ”។
មន្ត្រីអាមេរិកនិយាយថា កុមារជាង២,៣០០នាក់ត្រូវបានបំបែកចេញពីឪពុកម្តាយឬអាណាព្យាបាលរបស់ពួកគេចាប់តាំងពីដើមខែឧសភាមកនៅពេលដែលរដ្ឋបាលបានប្រកាសពីការជំរុញឲ្យចាប់ខ្លួននិងចោទប្រកាន់អ្នកណាម្នាក់ដែលឆ្លងដែនពីម៉ិកស៊ិកដោយខុសច្បាប់បើទោះបីជាពួកគេកំពុងស្វែងរកសិទ្ធិជ្រកកោនក៏ដោយ។
ដោយហេតុថា កុមារមិនអាចបញ្ជូនទៅកន្លែងដែលឪពុកម្តាយរបស់ពួកគេត្រូវបានឃុំឃាំងនោះ ពួកគេត្រូវបំបែកចេញពីគ្នា។
ក្រុមអ្នករិះគន់ ក្រុមសិទ្ធិមនុស្ស អ្នកផ្សាយដំណឹងគ្រិស្តបរិស័ទ អតីតជំទាវទីមួយរបស់អាមេរិកនិងអ្នកខ្លះនៅក្នុងគណបក្សសាធារណរដ្ឋរបស់លោកប្រធានាធិបតីផ្ទាល់កំពុងទាមទារឲ្យមានការបញ្ចប់ការបំបែកនេះជាបន្ទាន់។
ក៏ប៉ុន្តែ លោក Trump បានជំទាស់ហើយប្តេជ្ញាថា អាមេរិកនឹងមិនក្លាយជាជំរំអន្តោប្រវេសន៍ទេ។
លោកបានប្រាប់ការជួបជុំកាលពីថ្ងៃអង្គារថា “យើងមិនចង់ឲ្យមនុស្សចូលមកប្រទេសរបស់យើងនោះទេ។ យើងចង់បានប្រព័ន្ធដែលមានមូលដ្ឋានលើគុណសម្បត្តិដែលជាកន្លែងមនុស្សចូលមកដោយផ្អែកលើគុណសម្បត្តិ”។
ស្របពេលដែលមានតម្រូវការក្នុងប្រទេសឲ្យកម្ចាត់អ្នកជួញដូរមនុស្ស លោក Trump បានចោទប្រកាន់ប្រព័ន្ធផ្សព្វផ្សាយថាកំពុងជួយអ្នកជួញដូរមនុស្ស។
លោកបានចោទប្រកាន់ថា “អ្នកដែលដាក់ពាក្យសុំសិទ្ធិជ្រកកោនដោយស្របច្បាប់នៅច្រកចូលគឺមិនត្រូវបានកាត់ទោសឡើយ។ ប្រព័ន្ធផ្សព្វផ្សាយក្លែងក្លាយមិននិយាយអំពីរឿងនេះទេ”។
កាលពីថ្ងៃអង្គារ លោក Trump បានធ្វើដំណើរទៅសភាដើម្បីជជែកជាមួយសមាជិកសភាគណបក្សសាធារណរដ្ឋដែលភាគច្រើនមិនសូវពេញចិត្តនឹងគោលនយោបាយបំបែកបំបាក់នេះ។
លោកប្រធានាធិបតីបានចោទប្រកាន់គណបក្សប្រជាធិបតេយ្យថា ជាអ្នកបង្កឲ្យមានវិបត្តិនេះដោយបានរារាំងច្បាប់ប្រឆាំងនឹងការធ្វើអន្តោប្រវេសន៍ខុសច្បាប់៕ AFP
Source: Kampuchea Thmey Daily
0 Comments