ភ្នំពេញ ៖ ក្នុងមួយព្រឹកមានករណីមនុស្សប្រុសស្រី២នាក់ មកលោតទឹកសម្លាប់ខ្លួនបន្តបន្ទាប់គ្នានៅលើស្ពានជ្រោយចង្វារម្នាក់ ជាបុរសលោតបានសម្រេចលិចបាត់ទៅក្នុងទឹក ខណៈនារីម្នាក់ទៀត មិនបានសម្រេចទេ ត្រូវគេឃាត់ទាន់។
ហេតុការណ៍ទី១បានភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១០និង៤០នាទីព្រឹក ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨ នៅលើស្ពានជ្រោយចង្វារថ្មី រាជធានីភ្នំពេញ។
ប្រភពព័ត៌មានឲ្យដឹងថា នៅមុនពេលកើតហេតុមានបុរសម្នាក់ មិនដឹងមានវិបត្តិអ្វីនោះទេ បានជិះកង់ឡើងស្ពានជ្រោយចង្វារពីលិចមកកើត ខណៈមកដល់ជិតកណ្ដាលស្ពាន បានទុកកង់ចោលហើយលោតទម្លាក់ពីលើស្ពានលិចទៅក្នុងទឹកតែម្តង ដោយបន្សល់ទុកតែកង់នៅកន្លែងកើតហេតុប៉ុណ្ណោះ។
ហេតុការណ៍ទី២បានកើតឡើងនៅលើស្ពានដដែល នៅវេលាម៉ោង ១១និង១៦នាទីថ្ងៃខែឆ្នាំដដែលមាននារីម្នាក់មកប៉ងលោតទឹកស្លាប់ខ្លួន តែគេឃាត់ទាន់។
នារីដែលប៉ងសម្លាប់ខ្លួននោះ ឈ្មោះថន ស្រីពីន អាយុ២១ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះជួលម្តុំផ្សារមាន់អាំង មានស្រុកកំណើតនៅភូមិកណ្តាលលើ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល។
ប្រភពព័ត៌មានឲ្យដឹងថា នៅមុនពេលកើតហេតុ នាងមានទំនាស់ក្នុងគ្រួសារក៏សម្រេចចិត្តជិះម៉ូតូឌុបមកលោតពីលើស្ពានតែមានសមត្ថកិច្ច និង សណ្តាប់ធ្នាប់ខណ្ឌជ្រោយចង្វារឃាត់ទាន់ពេលនាងក៏ផុតពីគ្រោះថ្នាក់។ ក្រោយកើតហេតុ នាងត្រូវបានការិយាល័យកិច្ចការនារីជ្រោយចង្វារណែនាំនិងជូនទៅផ្ទះវិញ៕
Source: Kampuchea Thmey Daily
0 Comments