Ad Code

អ្នកចាំទី ស៊ូ យ៉ា​ទី បដិសេធ​កិច្ចសន្យា​ថ្មី​ជាមួយ​ក្លិប​បឹងកេត ចេញទៅ​ចូលរួម​ជាមួយ​ណាហ្គា​វើ​ល



​ក្រោយ​ចូលរួម​ជាមួយ​ក្រុម​បឹងកេត កាលពី​ឆ្នាំ​២០១៥ បន្ទាប់ពី​ផ្ទេរ​ចេញពី​ក្លិប​ភ្នំពេញ​ក្រោ​ន នៅពេល​នេះ អ្នកចាំទី​ដៃ​ស្អិត ស៊ូ យ៉ា​ទី សមាជិក​ក្រុម​ជម្រើសជាតិ​កម្ពុជា បាន​បដិសេធ​មិន​បន្ត​កិច្ចសន្យា​ជាមួយ​ក្លិប​ជើងឯក​៣​សម័យកាល​ក្នុង​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា (Metfone Cambodian League) មួយ​នេះ ខណៈ​រូបគេ​សម្រេច​ចេញទៅ​ចូលរួម​ជាមួយ​ក្រុម​គូប្រជែង​ណាហ្គា​វើ​ល​។

យោង​តាម​សេចក្តី​ជូនដំណឹង​របស់​ក្លិប​បឹងកេត​អែ​ហ្វ​ស៊ី នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ ដើម​សប្ដាហ៍​នេះ​បាន​បញ្ជាក់ថា «​គ្រប់ៗ​គ្នា​នៅ​បឹងកេត​សូម​ជូនពរ យ៉ា​ទី ឲ្យ​ទទួល​បាន​ជោគជ័យ​ក្នុង​អាជីព នាពេលខាងមុខ​។ ​យើង​សោកស្ដាយ​ដែល​ក្លិប​និង​យ៉ា​ទី ពុំ​អាច​ឯកភាព​គ្នា​រហូត​ឈានដល់​កិច្ចព្រមព្រៀង​ក្នុង​ការបន្ដ​កិច្ចសន្យា​ថ្មី​។ ដូច្នេះ​យើង​ទាំងអស់​គ្នា​អរគុណ​ដល់ យ៉ា​ទី សម្រាប់​ការរួមចំណែក និង​ការ​ខិតខំ​ប្រឹងប្រែង​កន្ល​ង​មក​ជាមួយ​ពួកយើង​»​។



នៅ​រសៀល​ថ្ងៃ​ដំណាលគ្នា​នេះដែរ​កីឡាករ ស៊ូ យ៉ា​ទី បាន​បង្ហោះ​សារ​នៅលើ​គណនី​ហ្វេ​ស​ប៊ុក​របស់​ខ្លួន​ថា «​ខ្ញុំ​សូម​អរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ដល់​ថ្នាក់ដឹកនាំ​ទាំងអស់​នឹង​ក្រុមការងារ​ជាពិសេស​គ្រូបង្វឹក​នឹង​បងប្អូន​កីឡាករ​ទាំងអស់​រួមទាំង​អ្នក​គាំទ្រ​បឹងកេត​ទាំងអស់​ផង​ដែល​។ គ្មាន​ការជួប​ជុំណា​ដែល​ថា ​មិន​បែក​គ្នា​ទេ​ គ្រាន់តែ​យើង​ធ្លាប់​មាន​អនុស្សាវរីយ​ជាច្រើន​ជាមួយគ្នា​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​នៅតែ​ចងចាំ​រហូត​។ សុំទោស​សម្រាប់​ការចាកចេញ​»​។

​នៅ​ល្ងាច​ថ្ងៃដដែល​នេះ​ ក្លិប​ណាហ្គា​វើ​ល បាន​ជូនដំណឹង​ថា ស​ម្រេច​ចុះកិច្ចសន្យា​ជាមួយ​កីឡាករ ស៊ូ យ៉ា​ទី រួចហើយ​។ ក្លិប​ដែល​កំពុង​ដេញ​តាម​ពីក្រោយ​បឹងកេត នៅ​កំពូល​តារាង​មួយ​នេះ​បាន​បញ្ជាក់​ថា «​ក្លិប​បាល់ទាត់​ណាហ្គា​វើ​លដ៍ ចុះ​កុងត្រា​ជាមួយ​កំពូល​អ្នកចាំទី ស៊ូ យ៉ា​ទី​។ គាត់​បាន​ជាប់​ជម្រើសជាតិ​តំណាង​ឲ្យ​ប្រទេស​កម្ពុជា​ចាប់តាំងពី​ឆ្នាំ ២០០៩ និង​បាន​ឈ្នះ​ពានរង្វាន់​ធំៗ​ជាច្រើន​»​។



និយាយ​ពី ស៊ូ យ៉ា​ទី រូបគេ​បាន​ចាប់​អាជីព​ជា​អ្នកចាំទី​ដំបូង​ជាមួយ​ក្រុម​បៀ​ល​ប្រាយ នៅ​ឆ្នាំ២០១៦​ដល់​២០០៧ ខណៈ​នៅ​ឆ្នាំ​២០០៩ ដល់​២០១៣ រូបគេ​ចូលរួម​ជាមួយ​ក្រុម​ក្រសួង​ការពារជាតិ និង​ពី​ឆ្នាំ​២០១៣ ដល់​២០១៥ គេ​ផ្លាស់​ទៅ​ក្រុម​ភ្នំពេញ​ក្រោ​ន និង​ពី​ឆ្នាំ​២០១៥ ដល់​បច្ចុប្បន្ន ចូលរួម​ជាមួយ​បឹងកេត​។ ចាប់ពី​ឆ្នាំ​២០១២ ដល់​បច្ចុប្បន្ន​រូបគេ​ជាប់​ឈ្មោះ​ក្នុង​ក្រុម​ជម្រើសជាតិ​កម្ពុជា ពី​ឈុត U22 ដល់​ឈុត​ធំ​ផងដែរ​។

ស៊ូ យ៉ា​ទី ធ្លាប់​ឈ្នះ​ពានរង្វាន់​សម្តេច​តេ​ជោ ហ៊ុន សែន ឆ្នាំ​២០១០ ជាមួយ​ក្រសួងការពារជាតិ ហើយ​នៅ​ឆ្នាំ​២០១៤ ឈ្នះ​ជើងឯក​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា ជាមួយ​ភ្នំពេញ​ក្រោ​ន ខណៈ​នៅ​ឆ្នាំ​២០១៦​និង​២០១៧ ឈ្នះ​ជើងឯក​លី​គ​កំពូល​កម្ពុជា ជាមួយ​បឹងកេត​ម្តង​។ នៅ​ឆ្នាំ​២០១៥ គេ​ធ្លាប់​ឈ្នះ​ជើងឯក​រង​ពានរង្វាន់ 2015 Mekong Club Championship ជាមួយ​បឹងកេត ក្រោយ​ចាញ់​ក្រុម​ថៃ Buriram United ១​ទល់​០​។ ចំណែក​ពានរង្វាន់​ឯកត្តជន​វិញ​គេ​ធ្លាប់​ឈ្នះ​ពានរង្វាន់​ស្រោមដៃ​មាន​លី​គ​កំពូល​កម្ពុជា​ឆ្នាំ​២០១៤ និង​២០១៧ ផង​ដែរ ខណៈ​ក្នុង​ពាន 2015 Mekong Club Championship ឈ្នះ​ស្រោមដៃ​មាស​ដូចគ្នា​៕

  



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu