ភ្នំពេញ ៖ លោកស្រី Pauline TAMESIS អ្នកសម្របសម្រួលរបស់អង្គការសហប្រជាជាតិប្រចាំកម្ពុជា បានអបអរសាទរកម្ពុជា ដែលត្រូវបានជ្រើសតាំងជាអនុប្រធានសម័យប្រជុំលើកទី៧៣ នៃមហាសន្និបាត និងជាសមាជិកក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមរបស់អង្គការសហប្រជាជាតិ (UN) ពីព្រោះតំណែងនេះ បានបង្ហាញឲ្យឃើញពីការដឹកនាំ ការប្តេជ្ញាចិត្ត និងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីសម្រេចឲ្យបាននូវគោលដៅអភិវឌ្ឍជាតិ នេះបើយោងតាមលិខិតពីក្រសួងការបរទេស ចុះថ្ងៃច័ន្ទ ១៣កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨។
នៅក្នុងលិខិតចុះថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨ ផ្ញើជូនលោកទេសរដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោកស្រី Pauline TAMESIS អ្នកសម្របសម្រួលរបស់អង្គការសហប្រជាជាតិប្រចាំកម្ពុជា បានលើកឡើងថា “ក្នុងឋានៈជាតំណាងអង្គការសហប្រជាជាតិនៅកម្ពុជា ខ្ញុំសូមសម្តែងអំណរសាទរយ៉ាងកក់ក្តៅបំផុតជូនចំពោះលោក ៖ ទីមួយ សម្រាប់ការជ្រើសតាំងកម្ពុជាជាអនុប្រធានសម័យប្រជុំលើកទី៧៣ នៃមហាសន្និបាតអង្គការសហប្រជាជាតិ និងទីពីរ សម្រាប់តួនាទីជាសមាជិកក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គមរបស់អង្គការសហប្រជាជាតិ មានអាណត្តិមួយឆ្នាំ ចាប់ផ្តើមពីឆ្នាំ២០១៩”។
លោកស្រី Pauline TAMESIS បានបន្តថា “យើងខ្ញុំចាត់ទុកឱកាសទាំងពីរនេះ ជាកាលានុវត្តភាពដ៏សំខាន់ ដើម្បីបង្ហាញឲ្យឃើញពីការដឹកនាំ ការប្តេជ្ញាចិត្ត និងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ដើម្បីសម្រេចឲ្យបាននូវគោលដៅអាទិភាពនៃកិច្ចអភិវឌ្ឍជាតិ និងដើម្បីសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពសកល”។ លោកស្រី Pauline TAMESIS បានគូសបញ្ជាក់បន្ថែម “ខ្ញុំសូមឆ្លៀតឱកាសនេះ សំដែងសាជាថ្មីជូនចំពោះលោក នូវការប្តេជ្ញារបស់អង្គការសហប្រជាជាតិនៅកម្ពុជា គាំទ្ររាជរដ្ឋាភិបាល ភាគីពាក់ព័ន្ធទាំងអស់ និងប្រជាជនកម្ពុជា ក្នុងការសម្រេចបាននូវសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាពសម្រាប់ទាំងអស់គ្នា”។
សូមបញ្ជាក់ថា ព្រះរាជាណាចក្រកម្ពុជាត្រូវបានជ្រើសតាំងជាអនុប្រធានសម័យប្រជុំលើកទី៧៣ នៃមហាសន្និបាតអង្គការសហប្រជាជាតិ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៨ និងជាសមាជិកក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គមរបស់អង្គការសហប្រជាជាតិ នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៨ ដោយសម្លេងគាំទ្រ១៨៣ លើ១៨៨៕
Source: Kampuchea Thmey Daily
0 Comments