ភ្នំពេញ ៖ លោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានចាត់ទុក ប្រទេសស៊ុយអែតនៅតែជាដៃគូពាណិជ្ជកម្មដ៏សំខាន់មួយរបស់កម្ពុជា តាមរយៈក្រុមហ៊ុនបញ្ជាទិញ និងកិច្ចសហប្រតិបត្តិការទ្វេភាគី។
នៅក្នុងជំនួបពិភាក្សាការងារជាមួយ លោកស្រី ម៉ារៀ សាគ្រីន (Maria Sagren) ឯកអគ្គរាជរដ្ឋទូតស៊ុយអែតប្រចាំកម្ពុជាកាលពីរសៀលថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៨ នៅទីស្តីការក្រសួង រវាងលោករដ្ឋមន្ត្រី អ៊ិត សំហេង បានលើកឡើងពីគម្រោងនិងទំនាក់ទំនងវិជ្ជាជីវៈ ដែលកន្លងមកនេះបានអនុវត្តប្រកបដោយជោគជ័យ ដែលនេះជាផ្នែកមួយ ក្នុងការជំរុញនូវវឌ្ឍនភាព នៃលក្ខការងារ និងវិជ្ជាជីវៈនៅកម្ពុជា។
ជាមួយគ្នានេះលោករដ្ឋមន្ត្រីបានថ្លែងអំណរគុណដល់ភាគីស៊ុយអ៊ែត ដែលបានគាំទ្រដល់ទីភ្នាក់ងារជាតិ មុខរបរនិងការងារ (N.E.A) និងការរៀបចំទម្រង់សិក្សាស្រាវជ្រាវលើទីផ្សារការងារនៅកម្ពុជា។ នៅថ្ងៃនេះដែរ ក៏បានរៀបចំឱ្យមានការផ្សព្វផ្សាយនូវដំណាក់មួយ ដែលជាផ្លែផ្កានៃការសិក្សាស្រាវជ្រាវ ហើយទិន្នន័យទាំងឡាយ ដែលចេញពីការស្រាវជ្រាវនេះ ពិតជាប្រយោជន៍ដ៏ធំណាស់សម្រាប់ការរៀបចំខ្លួន របស់យុវជន ក៏ដូចជាការរៀបចំគោលនយោបាយ និងការតម្រង់ទិសនៃវិជ្ជាជីវៈ។
ជាការឆ្លើយរបស់ភាគីជំនួប លោកស្រីឯកអគ្គរដ្ឋទូតបានលើកឡើងថា ដោយបានការអនុញ្ញាត ពីក្រសួងការងារ និងកិច្ចសហប្រតិបត្តិការ ជាមួយស្ថានទូតនាពេលកន្លងមក បានធ្វើឱ្យទំនាក់ទំនងនេះកាន់តែមានស៊ីជម្រៅ និងរឹងមាំ ពិសេសកិច្ចសហការជាមួយទីភ្នាក់ងារជាតិ មុខរបរ និងការងារ លើគម្រោងការផ្តល់កិច្ចសិក្សាស្រាវជ្រាវលើវិស័យការងារ ក៏ដូចជាកិច្ចសហការទៅលើគម្រោង Global Dial ផងដែរ។
ទាក់ទិននឹងទីភ្នាក់ងារជាតិ មុខរបរ និងការងារ លោកស្រីបានមើលឃើញថា រយៈពេលតែប៉ុន្មានឆ្នាំប៉ុណ្ណោះ មានការរីកចម្រើនគួរឱ្យកត់សម្គាល់ គឺមានការវិវត្តប្រកបដោយភាពវិជ្ជមាន ដោយមានសកម្មភាពជាច្រើន បានធ្វើកន្លងមក។
ទន្ទឹមនេះ លោកស្រីឯកអគ្គរដ្ឋទូតស៊ុយអែតបានសន្យាគាំទ្រនិងចូលរួមរាល់សកម្មភាពរបស់ទីភ្នាក់ងារជាតិ មុខរបរនិងការងារជាបន្តទៅទៀត។ ក្រៅពីនេះ លោកជំទាវក៏បានរំលឹកពីសារៈសំខាន់នានា នៃរបាយការណ៍ អង្កេតទាំងពីរ ដែលនឹងដាក់ជូនផ្សព្វផ្សាយនៅថ្ងៃនេះ ដែលមានការបន្ស៊ីគ្នារវាងតម្រូវការជំនាញ និងតម្រូវការទីផ្សារ ដែលកំពុងតែមានតម្រូវការចាំបាច់នាពេលបច្ចុប្បន្ន ដែលក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ត្រូវសហការជាមួយ ក្រសួងអប់រំ យុវជន និងកីឡា ក្នុងការជម្រុញដល់យុវជនឱ្យមានការយល់ដឹងពីទីផ្សារការងារនៅកម្ពុជា៕
Source: Kampuchea Thmey Daily
0 Comments