Ad Code

ក្រសួង​ការងារ​ បង្ហាញ​ប្រភេទ​ការងារ​មួយចំនួន​ ដែល​ឆ្លើយតប​ទៅនឹង​តម្រូវការ​ទីផ្សារ​ការងារ​បច្ចុប្បន្ន​



​ភ្នំពេញ ​៖​ ក្រសួង​ការងារ ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ បានធ្វើការ​បង្ហាញ​ប្រភេទ​ការងារ​មួយ​ចំនួន​ដែល​ឆ្លើយតប​ទៅនឹង​តម្រូវការ​ទីផ្សារ​ការងារ​បច្ចុប្បន្ន​ដល់​សិស្ស​និស្សិត​និង​យុវជន​កម្ពុជា​ដើម្បី​ឲ្យ​ពួកគេ​ជ្រើសរើស​ ហើយ​ពេល​សិក្សា​ចប់​អាចនឹងទទួល​បានការ​ងារ​ធ្វើ​ភ្លាមៗ​តែម្តង​។​

តាម​លទ្ធផល​នៃ​របាយការណ៍​ដែល​ស្រាវជ្រាវ​ដោយ​ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ​ស្តីពី​ទស្សនវិស័យ​ការងារ​កម្ពុជា ឆ្នាំ​២០១៨​បាន​បង្ហាញថា ​ប្រភេទ​ការងារ​ដែល​អាច​ឲ្យ​អ្នក​ស្វែងរក​កា រងារ​ងាយ​នឹង​ទទួលបាន​នោះ មានដូចជា​វិស្វករ​ឧស្សាហកម្ម និង​ផលិតកម្ម​, វិស្វករ​ទូរគមនាគមន៍​, អ្នកឯកទេស​ផ្នែក​វិទ្យុ​សាស្ត្រ និង​ថតកាំរស្មីអ៊ិច​, អ្នកបកប្រែ​អត្ថបទ​និង​អ្នកបកប្រែ​ផ្ទាល់មាត់​, អ្នកបច្ចេកទេស​ផ្នែក​សេវា​គាំទ្រ​ព័ត៌មានវិទ្យា​, វិស្វករ​គីមី​, អ្នកបញ្ជា​ម៉ាស៊ីន​ចំ​ហុយ​ទឹក​, ជាង​ធ្វើ​កញ្ចក់​, ជាង​ដំឡើង​បំពង់​ទុយោ និង​បំពង់​បង្ហូរ និង​អ្នក​ដំឡើង​ម៉ាស៊ីន​យានយន្ត​។​

ការស្រាវជ្រាវ​នេះ​បាន​ធ្វើឡើង​បន្ទាប់ពី​លទ្ធផល​អង្កេត​ការណ៍​ស្ដីពី​កង្វះ និង​គម្លាត​ជំនាញ​ក្នុង​ទីផ្សារការងារ​កម្ពុជា ឆ្នាំ​២០១៧ បង្ហាញថា ព័ត៌មាន​អំពី​ទីផ្សារការងារ​ដែល​ផ្សព្វផ្សាយ​ទៅកាន់​អ្នកស្វែងរក​ការងារ​ធ្វើ ហាក់​នៅ​មិនទាន់​ទូលំទូលាយ​រួចមក ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ(NEA) នៃ​ក្រសួង​ការងារ នឹង​សហការ​ជាមួយ​ប្រទេស​ស៊ុយអែត ដើម្បី​អនុវត្ត​យន្តការ​ពង្រីក​ព័ត៌មាន​ការងារ ឱ្យដល់​អ្នកស្វែងរក​ការងារ ពិសេស​យុវជន​កាន់តែ​ធំ​ជាង​មុន។​

យោងតាម​លទ្ធផល​អង្កេត​និយោជក​លើក​ទី​៤ ស្តីពី​កង្វះ និង​គម្លាត​ជំនាញ​នៅក្នុង​ទីផ្សារការងារ ឆ្នាំ​២០១៧​នេះ បង្ហាញថា ៧៧.៩% នៃ​និយោជក​នៅក្នុង​វិស័យ​សណ្ឋាគារ និង​ការ​ស្នាក់នៅ​កំពុង​ជួប​បញ្ហាលំបាក​ក្នុងការ​ជ្រើសរើស​បុគ្គលិក​។ ចំណែកឯ​វិស័យ​ដទៃទៀត គឺ​ស្ថិតក្នុង​អត្រា ៦៤.១% ក្នុង​វិស័យ​ឡូ​ជី​ស្ទីក​និង​ការដឹកជញ្ជូន​, សុខាភិបាល ៥៨.៣%, អប់រំ និង​បណ្ដុះបណ្ដាល ៥៣.០%, កែច្នៃ​ម្ហូបអាហារ និង​ភេសជ្ជៈ ៥១.៧%, ហិរញ្ញវត្ថុ និង​ធានារ៉ាប់រង ៥០.៧%, ព័ត៌មានវិទ្យា ៣៦.៥%, សំណង់ ៣៤.៤%, វាយ​ន​ភណ្ឌ​កាត់ដេរ​សម្លៀកបំពាក់ និង​ផលិត​ស្បែកជើង ២០.៩%, និង​ផលិតកម្ម​កៅស៊ូ និង​ផ្លា​ស្ទីក ៧.៣%​។ កត្តា​ចម្បង​ដែលនាំឱ្យ​និយោជក​ជួបប្រទះ​ការលំបាក ក្នុងការ​ជ្រើសរើស​កម្លាំង​ពលកម្ម​គឺ​បណ្តាលមកពី​បេក្ខជន​គ្មាន​ជំនាញ​បច្ចេកទេស​តាម​តម្រូវការ​, មានការ​ប្រកួតប្រជែង​ខ្លាំង​ក្នុងចំណោម​និយោជក ក្នុងការ​ជ្រើសរើស​, កង្វះ​បទពិសោធន៍​ការងារ និង​បេក្ខជន​ដាក់ពាក្យ​ស្វែងរក​ការងារ​មាន​ចំនួន​តិច​។ ជំនាញ​សំខាន់ៗ​ដែល​អ្នកស្វែងរក​ការងារ​មានការ​ខ្វះខាត រួមមាន​៖ ជំនាញ​ភាសាបរទេស​, ជំនាញ​បច្ចេកទេស​, ការបម្រើ​សេវា​អតិថិជន​, ការនិយាយស្តី​, ការបំពេញ​ការងារ​ជា​ក្រុម​, ការដោះស្រាយ​បញ្ហា​, និង​ការប្រើប្រាស់​បច្ចេកវិទ្យា​ព័ត៌មាន​។​

របាយការណ៍​ទាំងពីរ​នេះ​បានធ្វើ​ពិធី​ផ្សព្វផ្សាយ​កាលពី​រសៀល​ថ្ងៃទី​៧​ខែមិថុនា​ ឆ្នាំ​២០១៨ ក្រោម​អធិបតីភាព​លោក​បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​បណ្តុះបណ្តាល និង​លោកស្រី ម៉ា​រៀ សា​គ្រិន ឯកអគ្គរដ្ឋទូត​ស៊ុយអែត​ប្រចាំ​កម្ពុជា​នៅ​ទីស្ដីការក្រសួង​ការងារ​។​

របាយការណ៍​ទាំងពីរ​នេះ ត្រូវបានធ្វើ​ការអង្កេត វិភាគ បោះពុម្ព និង​ផ្សព្វផ្សាយ​ដោយ​ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ​នៃ​ក្រសួង​ការងារ ក្រោម​គម្រោង​ស្តីពី ការគាំទ្រ​ដល់​ការអភិវឌ្ឍ​ជំនាញ និង​ការងារ​សម្រាប់​យុវជន​នៅ​កម្ពុជា ផ្តល់​ហិរញ្ញប្បទាន​ដោយ​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការអភិវឌ្ឍន៍​អន្តរជាតិ​ស៊ុយអែត (SIDA) និង​អនុវត្ត​ដោយ​ទីភ្នាក់ងារ​ផ្តល់​សេវា​ការងារ​សាធារណ​ស៊ុយអែត (Arbetsformedlingen)​។​

លោកស្រី ម៉ា​រៀ សា​គ្រិន បាន​លើកឡើងថា «​ប្រទេស​ស៊ុយអែត តាមរយៈ​ទីភ្នាក់ងារ​ផ្តល់​សេវា​ការងារ​សាធារណ​ស៊ុយអែត បាន​សហការ​ជាមួយ​ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ តាំងពី​ឆ្នាំ​២០១២ ដើម្បី​គាំទ្រ​ដល់​ការអភិវឌ្ឍ​ជំនាញ និង​ការងារ​សម្រាប់​យុវជន​។ ជាក់ស្តែង របាយការណ៍​ទាំងពីរ​ដែល​ផ្សព្វផ្សាយ​ថ្ងៃនេះ គឺជា​ផ្នែក​មួយ​នៃ​កិច្ចសហប្រតិបត្តិការ​នេះ​។ វា​គឺជា​ប្រភពព័ត៌មាន​ដែល​អាច​ជឿទុកចិត្ត​បាន និង​មាន​សារប្រយោជន៍​សម្រាប់​អ្នកស្វែងរក​ការងារ​ធ្វើ ជាពិសេស​យុវជន​អាច​ស្វែងរក​ការងារ​បាន​កាន់តែ​ល្អប្រសើរ នាពេលខាងមុខ​»​។​

លោក បណ្ឌិត​អ៊ិត សំហេង បាន​បន្តថា លទ្ធផល​នៃ​ការធ្វើអង្កេត​នេះ​ពិត​ជាមាន​សារសំខាន់​ណាស់ ក្នុងការ​ផ្តល់ព័ត៌មាន​អំពី​ស្ថានភាព​ទីផ្សារការងារ នាពេល​បច្ចុប្បន្ន ទៅដល់​ភាគី​ពាកព័ន្ធ​នានា និង​រួមចំណែក​ពង្រឹង​ប្រព័ន្ធ​ព័ត៌មាន​ទីផ្សារការងារ​នៅ​កម្ពុជា​ទាំងមូល​ឲ្យ​ដំណើរការ​ពេញលេញ ពិសេស​យុវជន និង​អ្នកស្វែងរក​ការងារ​អាច​ត្រៀមខ្លួន​បាន​កាន់តែ​ប្រសើរ ស្របតាម​តម្រូវការ​របស់​ទីផ្សារការងារ​។ ការបន្ត​រក្សាបាន​នូវ​សន្តិភាព ស្ថិរភាព​ពេញលេញ​ទូទាំងប្រទេស នាំ​ឲ្យ​កម្ពុជា​បន្ត​ទាក់ទាញ​បាន​នូវ​វិនិយោគិន​កាន់តែ​ល្អ និង​សម្រេចបាន​កំណើនសេដ្ឋកិច្ច​ខ្ពស់ ក្នុង​រយៈពេល​២​ទសវត្សរ៍​កន្លងមក​នេះ នាំឱ្យ​កម្ពុជា​អាចបង្កើត​ការងារ​ថ្មី​កាន់តែ​ប្រសើរ​ជាច្រើន និង​បន្ត​រក្សា​ការងារ​ដែលមាន​ស្រាប់​ជូន​ប្រជាពលរដ្ឋ ជាពិសេស​យុវជន​ដែល​ដល់​អាយុ​ធ្វើការ​ចំនួន​ប្រមាណ ៣​សែន​នាក់ ក្នុង​មួយឆ្នាំៗ​។​

លោក​រដ្ឋមន្ត្រី​បាន​បន្តថា កត្តា​នេះ​នាំឱ្យ​កម្ពុជា​យើង​ក្នុងពេល​បច្ចុប្បន្ននេះ មាន​អត្រា​មានការ​ងារ​ធ្វើ​ខ្ពស់​រហូតដល់​កម្រិត ៩៩.៣% ស្មើនឹង​ប្រមាណ​ជិត​១០​លាន​នាក់ ហើយ​អត្រា​គ្មាន​ការងារ​ធ្វើ​ត្រូវបាន​កាត់បន្ថយ​មក​ត្រឹម​កម្រិត​ទាប ០.៧%​។​

លោក​រដ្ឋមន្ត្រី​បាន​ថ្លែងបន្ត​ទៀតថា ក្នុងចំណោម​អ្នកមាន​ការងារ​ធ្វើ​សរុប​ទាំងអស់​មាន​ចំនួន​ជិត ១.៥​លាន​នាក់ ធ្វើការ​នៅក្នុង​សេដ្ឋកិច្ច​ក្នុង​ប្រព័ន្ធ​, ជាង​២.៤​លាន​នាក់ នៅក្នុង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​, ជាង​៤​លាន​នាក់ នៅក្នុង​វិស័យ​កសិកម្ម​, ១.២​លាន​នាក់ ធ្វើការ​នៅក្រៅ​ប្រទេស​, និង​ចំនួន​ជាង​០.៥​លាន​នាក់ ជា​មន្ត្រី​សាធារណៈ​។​

លោក​បណ្ឌិត​អ៊ិត​សំហេង​បាន​បន្ថែមថា​ប៉ុន្តែ​ការរីកចម្រើន​សេដ្ឋកិច្ច សង្គម​ដ៏​ឆាប់រហ័ស​នេះ នាំ​ឲ្យ​ទីផ្សារការងារ​នៅ​កម្ពុ​ជាមាន​ជីវភាព​ខ្លាំង ដែល​បណ្តាល​ឲ្យ​មានការ​កើតឡើង​នូវ​កង្វះ និង​គម្លាត​ជំនាញ ដោយសារ​យន្តការ​គាំទ្រ​ដោយ​លំហូរ​ព័ត៌មាន​រវាង​ភាគី​ពាក់ព័ន្ធ ជាពិសេស​អ្នកស្វែងរក​ការងារ និយោជក អ្នកផ្តល់​ការអប់រំ​បណ្តុះបណ្តាល មិនទាន់​ត្រូវបាន​អភិវឌ្ឍ​ល្អ​ពេញលេញ​។​

​លោក​រដ្ឋមន្ត្រី​បាន​ឲ្យ​ដឹង​ទៀតថា ដើម្បី​ដោះស្រាយ​បញ្ហា​នេះ រាជរដ្ឋាភិបាល​បាន​យកចិត្តទុកដាក់​ខិតខំ​ដោះស្រាយ តាមរយៈ​ការអនុវត្ត​គោលនយោបាយ​ទីផ្សារការងារ​សកម្ម ដោយ​បង្កើតឱ្យមាន​ឡើង​នូវ​ប្រព័ន្ធ​ព័ត៌មាន​ទីផ្សារការងារ​ជាតិ​មួយ គឺ​ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ (NEA) ដែល​ដើរតួនាទី​ក្នុងការ​ប្រមូល វាយតម្លៃ និង​ផ្តល់ព័ត៌មាន​ទីផ្សារ​ទូលំ​ទូលាយ សំដៅ​ធ្វើឱ្យមាន​តម្លាភាព​ទូទាំងប្រទេស ពាក់ព័ន្ធ​នឹង​ការផ្គត់ផ្គង់ និង​តម្រូវការ​នៅលើ​ទីផ្សារការងារ ផ្តល់​ភាពងាយស្រួល​ឆាប់រហ័ស​ដល់​អ្នកស្វែងរក​ការងារ និង​និយោជក​ក្នុងការ​ទទួលបាន​ព័ត៌មាន និង​ការ​ផ្គូផ្គង​រវាង​ឱកាស​ការងារ និង​ដំណឹង​ជ្រើសរើស​កម្លាំង​ពលកម្ម ព្រមទាំង​ផ្តល់​ការគាំទ្រ​ផ្សេងទៀត ដើម្បី​ជួយ​ឱ្យ​ទីផ្សារ​ការ​មាន​ដំណើរការ​កាន់តែ​ប្រសើរ​៕​



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu