ភ្នំពេញ ៖ យុវជនអាហ្វ្រិកខាងត្បូងម្នាក់វ័យ២៤ឆ្នាំ ត្រូវបានបញ្ជូនពីពន្ធនាគារព្រៃសមកសាលាដំបូងរាជធានីភ្នំពេញនាថ្ងៃនេះដើម្បីកាត់ទោសពីបទរក្សាទុក ដឹកជញ្ជូនសារធាតុញៀនឆ្លងដែនដោយខុសច្បាប់។
ជនជាប់ចោទឈ្មោះ Blignaut Chan អាយុ២៤ឆ្នាំ ត្រូវបានអាជ្ញាធរកម្ពុជាចាប់ខ្លួនកាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៧ នៅច្រកទ្វារព្រលានយន្តហោះអន្តរជាតិភ្នំពេញ ជាមួយនឹងគ្រឿងញៀនកូកាអ៊ីនទម្ងន់ ៧៥៩,៩៥ក្រាម ដែលត្រូវបានរកឃើញនៅក្នុងក្រពះរបស់ជនជាប់ចោទ។
ក្នុងសវនាការ Blignaut Chan បានសារភាពថា ខ្លួនបានស៊ីឈ្នួលបុរសជនជាតិប្រេស៊ីលម្នាក់ឈ្មោះAustin ក្នុងតម្លៃ៣ ០០០ ដុល្លារដើម្បីនាំយកគ្រឿងញៀននេះចូលមកកម្ពុជា។ តំណាងអយ្យការបានរក្សាទុកបទចោទប្រកាន់ដើម្បីអោយចៅក្រមសម្រេចតាមច្បាប់។
ទោះបីយ៉ាងណា Blignaut Chan បានដឹងខ្លួនខុស ហើយសំពះអង្វរសុំក្ដីសន្ដោសបន្ធូរបន្ថយទោសពីតុលាការ។
ចៅក្រមកាត់ក្ដីបានកំណត់យកថ្ងៃទី ០៦ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោង១៤រសៀលខាងមុខដើម្បីប្រកាសសាលក្រម៕
Source: Kampuchea Thmey Daily
0 Comments