Ad Code

ឃុំខ្លួន​ស្ត្រី​ជនជាតិ​ថៃ​២​នាក់ ​ដែល​ដឹក​គ្រឿងញៀន​ពី​កម្ពុជា​ទៅ​ប្រទេស​ជប៉ុន



ភ្នំពេញ ​៖ ​ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​រសៀល​ថ្ងៃ​ទី​០៨​ ខែ​មិថុនា ឆ្នាំ​២០១៨​នេះ បានចេញ​ដីកា​សម្រេច​ឃុំខ្លួន​ស្ត្រី​ជនជាតិ​ថៃ​២​នាក់​ដាក់ពន្ធនាគារ​ជា​បណ្ដោះអាសន្ន​ក្រោម​ការចោទប្រកាន់​ពី​បទ​រក្សាទុក ដឹកជញ្ជូន ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ឆ្លងដែន​តាម​មាត្រា​៤០​នៃ​ច្បាប់​ស្ដីពី​ការត្រួតពិនិត្យ​គ្រឿងញៀន។​

បទចោទប្រកាន់​នេះ ​ជន​ត្រូវ​ចោទ​អាច​ប្រឈម​មុខការ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត​ប្រសិនបើ​តុលាការ​កម្ពុជា​រកឃើញ​ការពិត។

ជន​ត្រូវ​ចោទ​ទាំង​២​នាក់​ ដែល​តុលាការ​បាន​សម្រេច​ឃុំខ្លួន ម្នាក់​ឈ្មោះ SORNSIN RUTHAIRAT អាយុ​៣៨​ឆ្នាំ និង ម្នាក់ទៀត​ឈ្មោះ TONGOON WORAPHA អាយុ​៤២​ឆ្នាំ រស់នៅ​ក្រុង​បាងកក ប្រទេស​ថៃ។

ទាក់ទិន​នឹង​ការ​ចាប់​ឃុំខ្លួន​ស្ត្រី​ជនជាតិ​ថៃ​២​នាក់​ខាង​លើ​នេះ លោក​ឧត្ដមសេនីយ៍ឯក​ ឡឹ​ក វណ្ណៈ នាយក​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​បាន​ឲ្យ​ដឹង​ថា ក្រោយពី​ទទួល​បាន​ព័ត៌មាន​ថា មាន​ជន​ស្ត្រី​ថៃ​២​នាក់​បាន ធ្វើដំណើរ​ពី​ប្រទេស​ថៃ មកកាន់​ខេត្ត​​សៀមរាប នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​មក​ជួប​មេខ្លោង​ទទួលយក​គ្រឿងញៀន​ប្រមាណ​ជាង​៤​គីឡូក្រាម ក្នុង​គោលដៅ​បន្ត​ដឹកជញ្ជូន​តាម​ជើងយន្តហោះ​ទៅកាន់​ប្រទេស​ជប៉ុន​នោះ, សមត្ថកិច្ច មន្ទីរ​ប្រឆាំង​គ្រឿងញៀន ​ក៏​ចុះទៅ​សហការ​ជាមួយ​​សមត្ថកិច្ច​ និង នគរបាល​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ប្រចាំ​ព្រលាន​យន្ត​អន្តរជាតិ​ភ្នំពេញ រង់ចាំ​ឃាត់ខ្លួន​ជនសង្ស័យ​តែម្ដង។ ជា​លទ្ធផល​ផ្នែក​ជំនាញ ​បាន​ឃាត់​ស្ត្រី​ថៃ​២​នាក់ និង ចាប់យក​វត្ថុតាង​មាន​សារធាតុ​ញៀន ប្រភេទ​ម៉េ​តំ​ហ្វេ​តា​មីន ICE បង្កប់​ក្នុង​អាវ​រងារ​ចំនួន​៣​មាន​ទម្ងន់​ជាង​៤​គីឡូក្រាម។

តាម​ចម្លើយ​សារភាព​របស់​ជន​​សង្ស័យ ​គ្រឿងញៀន​ទាំងនេះ ​ត្រូវបាន​មេខ្លោង​រៀបចំ​វេច​ខ្ចប់​ដាក់​ក្នុង​អាវ​រងា​នៅ​ខេត្ត​សៀមរាប​ ហើយ​ពួកគេ​ត្រូវ​នាំទៅ​កាន់​ប្រទេស​ជប៉ុន​នៅវេលា​ម៉ោង​២០​និង​៣០​នាទី​យប់​ថ្ងៃ​ទី​០៣​ ខែមិថុនា​តាម​ជើងយន្តហោះ​នៅ​ព្រលាន​អន្តរជាតិ​ភ្នំពេញ​ក៏ត្រូវ​សមត្ថកិច្ច​កម្ពុជា​ស្ទាក់ចាប់​ខ្លួន​តែម្ដង ​មុនពេល​ក្រុម​ជនសង្ស័យ​ឡើង​ជិះ​យន្តហោះ ចេញដំណើរ​ទៅ​ប្រទេស​ជប៉ុន៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu