ភ្នំពេញ ៖ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានអះអាងថា ដោយសារតែកិច្ចព្រមព្រៀងប៉ារីស បានបន្សល់ទុកដំណក់ឈាមខ្មៅមួយតក់ គឺឈ្មោះ សម រង្ស៊ី ដែលជាកូនបង្កើតរបស់ជនក្បត់ជាតិ សម សារី មានឱកាសចូលធ្វើនយោបាយនៅប្រទេសកម្ពុជា ហើយដំណក់ឈាមខ្មៅនេះ តែងតែតាមលងបន្លាច ក្នុងបំណងសងសឹករបបរាជានិយមគ្មានស្រាកស្រាន្ត។
លោក សុខ ឥសាន លើកឡើងបែបនេះ តាមរយៈសារអេឡិចត្រូនិកតេឡេក្រាម កាលពីរសៀលថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៨ និងបន្ទាប់ពីលោក សម រង្ស៊ី បាននិយាយថា លិខិតដែលព្រះមហាក្សត្រអំពាវនាវឲ្យប្រជាពលរដ្ឋទៅបោះឆ្នោត គឺជាលិខិតក្លែងក្លាយ ដែលធ្វើឡើងក្រោមការគំរាមកំហែង។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន អះអាងថា ប្រជាជនកម្ពុជាវ័យចំណាស់ សុទ្ធតែបានដឹងថា នៅចុងទសវត្សរ៍១៩៥៩ មានជនម្នាក់ឈ្មោះសម សារី បានដាក់ខ្លួនធ្វើជាអាយ៉ងបរទេស ហើយដោយសារចលនាអូសទាញសម្តេចព្រះនរោត្តម សីហនុ ឲ្យងាកទៅរកមនោគមន៍វិជ្ជាសេរី តែការអូសទាញនោះមិនបានសម្រេច ក៏បានដាក់គ្រាប់បែកបង្កៃមួយគ្រាប់នៅក្នុងកញ្ចប់វត្ថុអនុស្សាវរីយផ្ញើថ្វាយសម្តេចព្រះមហាក្សត្រីយានី កុសុមៈ នារីរតន៏សិរីវឌ្ឈនា ព្រះមាតាសម្តេចព្រះនរោត្តម សីហនុ ក្នុងបំណងប៉ុនប៉ងធ្វើឃាតព្រះអង្គ ដើម្បីជាការសងសឹកចំពោះព្រះករុណា សម្តេចព្រះ នរោត្តម សីហនុ ដែលមិនលុះតាមការអូសទាញរបស់ខ្លួន។
លោក សុខ ឥសាន លើកឡើងទៀតថា បន្ទាប់ពីបែកការ សម សារី ក៏បានរត់ភៀសខ្លួនទៅវៀតណាមខាងត្បូង បានដូរឈ្មោះថា ង្វៀង យ៉ាំងសាម តាំងពីពេលនោះមក ហើយរស់នៅទីនោះរហូតដល់បាត់បង់ជីវិត។ ចាប់ពីពេលនោះមក សម សារី ត្រូវបានព្រះមហាក្សត្រ ព្រះនរោត្តម សីហនុ ប្រសិទ្ធិនាមឲ្យថា ជាជនក្បត់ជាតិ។ លោកបញ្ជាក់ថា ជាតំណពូជពង្សជនក្បត់ជាតិ សម សារី បានបន្សល់ទុកដំណក់ឈាមមួយតំណក់មានឈ្មោះថា សម រង្សី ដែលរត់ទៅនៅស្រុកបារាំងរហូត។ ក្រោយកិច្ចព្រមព្រៀងប៉ារីស ដំណក់ឈាមខ្មៅនេះមានឱកាសវិលចូលប្រទេសវិញ ដើម្បីធ្វើនយោបាយសងសឹក នឹងរបបរាជានិយម ដើម្បីផ្តួលរំលំរបបនេះ ហើយដាក់ជំនួសដោយរបបសាធារណរដ្ឋវិញ។ ហេតុដូច្នេះហើយ បានជានៅគ្រប់សកម្មភាពរបស់ដំណក់ឈាមខ្មៅនេះ ពោរពេញទៅដោយកំហឹង ការចងគំនុំ និងសងសឹក ដែលធ្វើឲ្យប្រទេសជាតិកម្ពុជាមានអស្ថិរភាព វឹកវរ ឥតឈប់ឈរ ហើយឆ្លៀតឱកាសនេះ ដើម្បីផ្តួលរំលំ តាមកម្លាំងមហាជន ដែលឆេះឆាបដោយការញុះញង់ ដុតកំហឹង អំពើហិង្សាគ្រប់បែបយ៉ាងដែលពួកគេអាចធ្វើបាន។
តាមលោក សុខ ឥសាន នៅពេលកំពុងឆ្ពោះទៅរកការបោះឆ្នោតនាចុងខែកក្កដាខាងមុខ ពួកគេញុះញង់មិនឲ្យប្រជាពលរដ្ឋទៅបោះឆ្នោត ហើយថែមទាំងប្រើឧបាយកលអូសទាញព្រះមហាក្សត្រ មិនឲ្យទ្រង់ព្រះរាជទានព្រះសារលិខិតលើកទឹកចិត្តប្រជាពលរដ្ឋឲ្យទៅបោះឆ្នោត។ តែនៅពេលព្រះមហាក្សត្រទ្រង់ចេញព្រះរាជសារជំរុញ និងលើកទឹកចិត្តប្រជាពលរដ្ឋអញ្ជើញទៅបោះឆ្នោតតាមសតិសម្បជញ្ញៈរបស់ខ្លួនម្នាក់ៗ ស្រាប់តែទណ្ឌិតសម រង្សី និយាយថា ព្រះរាជសារនោះ ជាព្រះរាជសារក្លែងក្លាយទៅវិញ ដូច្នេះបង្ហាញថា ទណ្ឌិត សម រង្សី បានប្រឆាំងនឹងព្រះមហាក្សត្រ តាមដូចដូនតារបស់ខ្លួន។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជារូបនោះអះអាងថា ទោសវាយប្រហារថា ព្រះរាជសារព្រះមហាក្សត្រ ជាព្រះរាជសារក្លែងក្លាយ គឺទណ្ឌិតសម រង្សី មានទោសពានវាំង ប្រមាថលើអង្គព្រះមហាក្សត្រជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនៃប្រជារាស្ត្រខ្មែរទូទាំងប្រទេសកម្ពុជា។ លោកបញ្ជាក់ទៀតថា “សកម្មភាពប្រឆាំងនឹងព្រះមហាក្សត្រ របបរាជានិយម គឺជាបទពានវាំងរបស់ទណ្ឌិតសម រង្សី ដែលបន្តកេរដំណែលពីឪពុក ម្តាយ និងដូនតាមក។ នេះហើយហៅថា អស់ពីក្បត់ជាតិឈានដល់ពានវាំងមែន”។
សូមបញ្ជាក់ថា កាលពីថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៨ លោក សម រង្ស៊ី បានសរសេរលើបណ្តាញសង្គមហ្វេសប៊ុកផ្លូវការរបស់ខ្លួនថា លិខិតរបស់ព្រះមហាក្សត្រ ដែលបានអំពាវនាវឲ្យប្រជាពលរដ្ឋទៅបោះឆ្នោត នាថ្ងៃ២៩ ខែកក្កដា ខាងមុខនោះ គឺជាលិខិតក្លែងក្លាយទេ ឬក៏ជាលិខិតមួយ ដែលបានធ្វើឡើងក្រោមការគំរាមកំហែងពីជនផ្តាច់ការ៕
Source: Kampuchea Thmey Daily
0 Comments