ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានដាក់ចេញផែនការយុទ្ធសាស្ត្រជាតិគ្រប់គ្រង និងបង្ការភាពពិការភ្នែក២០១៦-២០២០ដើម្បីកាត់បន្ថយ និងឈានទៅលប់បំបាត់ភាពពិការភ្នែកទាំងស្រុងនាពេលខាងមុខនេះ។
ថ្លែងក្រោយសិក្ខាសាលាផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រជាតិដើម្បីបង្ការ និងគ្រប់គ្រងភាពពិការភ្នែក២០១៦- ២០២០ នៅសណ្ឋាគារភ្នំពេញកាលពីព្រឹកថ្ងៃទី៨ ខែមិថុនា លោកសាស្ត្រាចារ្យ ងីម៉េង ប្រធានកម្មវិធីជាតិសុខភាពភ្នែករបស់ក្រសួងសុខាភិបាល បានមានប្រសាសន៍ថា ផែនការយុទ្ធសាស្ត្រជាតិនេះ គឺផ្តោតទៅលើការផ្តល់សេវាគ្របដណ្តប់ប្រជាពលរដ្ឋដែលមានបញ្ហាភ្នែកដើម្បីអាចឲ្យពួកគាត់មកទទួលសេវានៅគ្រប់ទីតាំងសេវាសុខាភិបាលដែលមានសេវាភ្នែក។ ផ្តល់មូលនិធិសមធម៌និងរបបសន្តិសុខសង្គមដល់ប្រជាពលរដ្ឋក្រីក្រនិងមន្ត្រីរាជការ។ អភិវឌ្ឍន៍ធនធានមនុស្សបន្ថែមរួមមានវេជ្ជបណ្ឌិត ចក្ខុគិលានុប្បដ្ឋាក និងអ្នកវាស់វែនតាដើម្បីពង្រាយទៅតាមខេត្តនៅទូទាំងប្រទេសដើម្បីផ្តល់សេវាជួនប្រជាពលរដ្ឋនៅតាមជនបទ។
ជាមួយគ្នានេះដែរលោកសាស្ត្រាចារ្យបានបន្តថា ពង្រឹងសមត្ថភាពបច្ចេកទេសទាំងផ្តល់សេវានិងការវះកាត់ប្រកបដោយប្រសិទ្ធភាពខ្ពស់ដើម្បីឲ្យមានភាពប្រដំប្រសងគ្នាជាមួយប្រទេសជិតខាង។ពង្រីកអគារនិងសម្ភារៈបរិក្ខារបន្ថែមដើម្បីឲ្យមន្ត្រីមានលទ្ធភាពផ្តល់សេវាដល់ប្រជាពលរដ្ឋបានទាន់ពេលវេលា។ អភិវឌ្ឍលើប្រព័ន្ធព័ត៌មានដោយផ្តោតទៅលើការប្រមូលទិន្នន័យទាក់ទិននឹងប្រជាពលរដ្ឋមានបញ្ហាភ្នែកភ្ជាប់ជាមួយក្រសួងសុខាភិបាលនិងថ្នាក់ខេត្តដើម្បីរៀបចំជាផែនការឬគោលនយោបាយសម្រាប់អនុវត្តនៅតាមខេត្តនីមួយៗតែម្តងនិងកៀរគររកដៃគូផ្សេងៗជាដើម។
លោកសាស្ត្រាចារ្យងីម៉េង ដែលជានាយកមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀតផងនោះ បានបន្ថែមទៀតថាដើម្បីអនុវត្តយុទ្ធសាស្ត្រនេះ អាចសម្រេចទៅបាន លុះត្រាតែមានការចូលរួមពីភាគីពាក់ព័ន្ធទាំងអស់ពិសេសអ្នកមានបញ្ហាសុខភាពភ្នែកត្រូវទៅទទួលសេវាភ្នែកនៅតាមមន្ទីរពេទ្យរដ្ឋ។
លោកសាស្ត្រាចារ្យបានបញ្ជាក់ថា បច្ចុប្បន្ននេះ មានសេវាព្យាបាលភ្នែកប្រមាណ២១រាជធានីខេត្តលើកលែងតែខេត្តប៉ៃលិន ព្រះវិហារ កោះកុង និងខេត្តឧត្តរមានជ័យដោយមានគ្រូពេទ្យ ចក្ខុគិលានុប្បដ្ឋាក និងអ្នកថែទាំនិងព្យាបាលបឋមមានប្រមាណជិត២ពាន់នាក់ដោយក្នុង១ឆ្នាំៗធ្វើការព្យាបាលចំនួនជិត៣០ម៉ឺននាក់ក្នុងនោះវះកាត់ជាង៥ម៉ឺននាក់មាន ជាង៣ម៉ឺននាក់វះកាត់ជំងឺភ្នែកឡើងបាយ។
លោក ឯកសារូ នាយកប្រតិបត្តិអង្គការថែទាំភ្នែកបាត់ដំបងមានប្រសាសន៍គាំទ្រផែនការយុទ្ធសាស្ត្រជាតិនេះព្រោះវាបានជួយលើកកម្ពស់ដល់សុខភាពក៏ដូចជាជីវភាពរស់នៅរបស់ប្រជាពលរដ្ឋមានបញ្ហាជំងឺភ្នែកបានល្អប្រសើរផងដែរ។
លោកបានបន្តថា «ប្រសិនបើនៅក្នុងគ្រួសារមួយមានមនុស្សម្នាក់ពិការភ្នែកនឹងមានមនុស្សម្នាក់ទៀតត្រូវទទួលបន្ទុកក្នុងការថែទាំហើយបើសហគមន៍មួយមានអ្នកពិការភាពរាប់រយនាក់នោះនឹងធ្វើឲ្យប៉ះពាល់ដល់ប្រាក់ចំណូលប្រចាំថ្ងៃរបស់គ្រួសារនិងប៉ះពាល់ដល់សង្គម»។
លោកឯក សារូបានស្នើថាដើម្បីឲ្យការងារនេះប្រសើរថែមទៀតរាជរដ្ឋាភិបាលឬក្រសួងសុខាភិបាលគួរតែធ្វើការពង្រីកសេវាព្យាបាលជំងឺភ្នែកនេះឲ្យបានច្រើនថែមទៀតពោលគឺឲ្យបានគរប់រាជធានីខេត្តតែម្តងដើម្បីឲ្យប្រជាពលរដ្ឋរស់នៅតាមសហគមន៍ជនបទដាច់ស្រយាលងាយស្រួលក្នុងការមក.....ប្រើប្រាស់សេវា។
លោកសាស្ត្រាចារ្យអេង ហួត រដ្ឋលេខាធិការក្រសួងសុខាភិបាលបានជំរុញឲ្យកម្មវិធីជាតិសុខភាពភ្នែកខិតខំនិងពង្រឹ ងការផ្តល់សេវាជួនប្រជាពលរដ្ឋដែលមានបញ្ហាភ្នែកឲ្យបានច្រើនថែមទៀតពិសេសប្រជាពល រដ្ឋនៅតំបន់ដាច់ស្រយ៉ាលដែលមិនមានលទ្ធភាពមកទទួលសេវានៅតាមមន្ទីរពេទ្យខេត្តឬនៅរាជធានីភ្នំពេញដើម្បីឲ្យពួកគាត់អាចមានលទ្ធភាពមើលឃើញឡើងវិញនិងអាចប្រកបមុខរបរចិញ្ចឹមជីវិតប្រចាំថ្ងៃបាន។
គួរបញ្ជាក់ថាអត្រាពិការភ្នែកនៅកម្ពុជាបានធ្លាក់ចុះជាបន្តបន្ទាប់គឺពី១,២ភាគរយនៅឆ្នាំ១៩៩៧មកនៅ០,៣៨ភាគរយមកដល់បច្ចុប្បន្ននេះក្នុងចំណោមនេះមាន៧០ភាគពិការដោយសារជំងឺភ្នែកឡើងបាយ៕
Source: Kampuchea Thmey Daily
0 Comments