បាត់ដំបង ៖ យុវជនម្នាក់ ដែលក្រុមគ្រួសារបានអះអាងថា កន្លងមកធ្លាប់មានការប្រើប្រាស់ថ្នាំញៀន បានធ្វើអត្តឃាតដោយចង កសម្លាប់ខ្លួននៅក្នុងដីចម្ការ ដែលប្រភពនានា បានសន្និដ្ឋានថា អាចជាមនុស្សបែកថ្នាំ ទើបអាចហ៊ានធ្វើរឿងបែបនេះ ដោយសារតែគេស្គាល់ពីសាវតារយ៉ាងច្បាស់។
ការប្រទះឃើញមានមនុស្សចង កនេះ បានកើតឡើងនៅវេលាម៉ោង ៨និង៤០នាទីព្រឹក ថ្ងៃទី៨ ខែ មិថុនា ឆ្នាំ២០១៨ ត្រង់ចំណុចក្នុងដីចម្ការមួយកន្លែង ស្ថិតក្នុងភូមិភ្នំព្រឹក ឃុំភ្នំព្រឹក ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ដែលជនរងគ្រោះនេះ មានឈ្មោះ ផាត សុខ ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិ ឃុំ កើតហេតុខាងលើ។
ទាំងសមត្ថកិច្ច ក៏ដូចជាប្រជាកសិករនៅទីនោះបាននិយាយថា ជនរងគ្រោះបានយក ក្រមាមកចង កសម្លាប់ខ្លួនជាប់នឹងដើមឈើក្នុងចម្ការ ខាងក្រោយភូមិ ដោយសារតែកន្លងមកជនរងគ្រោះរូបនេះ គឺជាមនុស្សញៀនថ្នាំ ហើយទំនងជាបែកថ្នាំ ទើបចង កសម្លាប់ខ្លួនឯងបែបនេះ។ បច្ចុប្បន្ន សពត្រូវបានសមត្ថកិច្ចត្រួតពិនិត្យ និងធ្វើកោសល្យវិច្ច័យ ព្រមទាំងបានប្រគល់ទៅអោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
Source: Kampuchea Thmey Daily
0 Comments