ភ្នំពេញ ៖ ស្ថាប័នហិរញ្ញវត្ថុ ប្រូប៉ាកូ (PROPACO) ដែលជាបុត្រសម្ព័ន្ធរបស់ទីភ្នាក់ងារអភិវឌ្ឍបារាំងជំនាញលើការអភិវឌ្ឍវិស័យឯកជន បានសម្រេចផ្តល់កម្ចីចំនួន១៤លានដុល្លារដល់ក្រុមហ៊ុន ហ្គោលដេនរ៉ាយស៍ (Golden Rice) ដែលជាដៃគូដ៏យូរលង់ និងជាក្រុមហ៊ុនផលិតនិងនាំចេញអង្ករក្រអូបដ៏ធំមួយរបស់កម្ពុជា។
កិច្ចព្រមព្រៀងហិរញ្ញវត្ថុនេះ ត្រូវបានចុះហត្ថលេខាកាលពីថ្ងៃទី៧ ខែមិថុនាកន្លងទៅនៅប្រទេសសិង្ហបុរី។
កម្ចីនេះ ត្រូវបានចុះហត្ថលេខានៅក្នុងឱកាសដែលប្រូប៉ាកូប្រារព្ធខួប៤០ឆ្នាំនៃវត្តមានរបស់ខ្លួននៅក្នុងតំបន់។ អតិថិជន និងដៃគូរបស់ប្រូប៉ាកូបានជួបជុំគ្នាកាលពីថ្ងៃទី៧ ខែមិថុនានៅប្រទេសសិង្ហបុរី ដើម្បីរិះរកមធ្យោបាយលើកស្ទួយតួនាទីរបស់វិស័យឯកជនក្នុងការចូលរួមសម្រេចឱ្យបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។ ជំនួបនេះក៏ជាការបិទបញ្ចប់ផងដែរនូវសន្និបាត Green Bond Asia។
ហិរញ្ញប្បទានថ្មីនេះគឺជាកម្ចីទី៣ ដែលប្រូប៉ាកូបានផ្តល់ឱ្យក្រុមហ៊ុនហ្គោលដេនរ៉ាយស៍បន្ទាប់ពីការផ្តល់កម្ចីដំបូងចំនួន៧លានដុល្លារនៅឆ្នាំ២០០៩ ពេលក្រុមហ៊ុនចាប់ផ្តើមដំណើរការនិងកម្ចីមួយទៀតចំនួន១០លានដុល្លារនៅឆ្នាំ២០១៣ដើម្បីទ្រទ្រង់កំណើននិងពង្រីកទីផ្សាររបស់ក្រុមហ៊ុន។
យោងតាមសេចក្តីប្រកាសព័ត៌មានបានឲ្យដឹងថា ជំនួយនេះនឹងអនុញ្ញាតឱ្យក្រុមហ៊ុនហ្គោលដេនរ៉ាយស៍ពង្រីកសមត្ថភាពផលិតកម្មរបស់ខ្លួន ព្រមទាំងអាចផលិតថាមពលអគ្គិសនី១មេហ្កាវ៉ាត់បន្ថែមទៀត(ដើរដោយការដុតអង្កាម)។ ដូច្នេះ ជំនួយនេះក៏ជាការលើកទឹកចិត្តដល់បច្ចេកវិទ្យាបង្កើតថ្មី និងលើកស្ទួយការប្រើប្រាស់ថាមពលកកើតឡើងវិញ ដែលនឹងរួមចំណែកដល់ការកាត់បន្ថយការចំណាយលើថាមពលរបស់ក្រុមហ៊ុនហ្គោលដេនរ៉ាយស៍។
ហ្គោលដេនរ៉ាយស៍ដែលបានបង្កើតឡើងនៅឆ្នាំ២០០៩គឺជាក្រុមហ៊ុនមានជំនាញក្នុងការកែច្នៃ និងនាំចេញអង្ករក្រអូបគុណភាពខ្ពស់ ពិសេសអង្ករផ្កាម្លិះ។ ជំនាញនេះបានបង្កើតឱ្យមានទីផ្សារធំៗថ្មីៗសម្រាប់ក្រុមហ៊ុន ដែលបច្ចុប្បន្ននាំចេញភាគច្រើនទៅកាន់ទីផ្សារអឺរ៉ុប ចិន និងម៉ាឡេស៊ី។
គុណភាពអង្កររបស់ក្រុមហ៊ុនហ្គោលដេនរ៉ាយស៍ត្រូវបានទទួលស្គាល់ពាសពេញពិភពលោក ដោយទទួលបានពានរង្វាន់អង្ករល្អបំផុតក្នុងពិភពលោករយៈពេលបីឆ្នាំជាប់ៗគ្នាពីឆ្នាំ២០១២ដល់ឆ្នាំ២០១៤។ ក្រុមហ៊ុនក៏ទទួលបានវិញ្ញាបនបត្របញ្ជាក់គុណភាពកម្រិតអន្តរជាតិ ISO 9001 GMP/HACCP ផងដែរ។ បច្ចុប្បន្នក្រុមហ៊ុនកំពុងផ្តោតការយកចិត្តទុកដាក់ខ្លាំងទៅលើយុទ្ធសាស្ត្រគាំពារបរិស្ថាននិងសង្គម ដោយទទួលបានជំនួយ បច្ចេកទេសពីប្រូប៉ាកូ។
គួរបញ្ជាក់ថា ក្នុងនាមជាអ្នកគាំទ្រដ៏មុតមាំនៃការអភិវឌ្ឍកាតព្វកិច្ចបៃតង (Green Bonds ឬ សញ្ញាប័ណ្ណដែលផ្តោតលើការគាំពារបរិស្ថាន) ប្រូប៉ាកូបានវិនិយោគ១០០លានដុល្លារក្នុងមូលនិធិ Amundi Planet - Emerging Green One ដែលជាមូលនិធិធំជាងនៃកាតព្វកិច្ចបៃតងសម្រាប់ទ្រទ្រង់ទីផ្សារនៃប្រទេសកំពុងអភិវឌ្ឍ៕
Source: Kampuchea Thmey Daily
0 Comments