Ad Code

ការ​ផ្ដល់​ប័ណ្ណ​ព័ត៌មាន​អ្នក​បោះឆ្នោត នឹង​ត្រូវ​ចាប់​ដើម​ពី​ថ្ងៃទី​៦ ខែមិថុនា ដល់​ថ្ងៃទី​៥ ខែកក្កដា



ភ្នំពេញ ​៖​ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បាន​បញ្ជាក់ថា សម្រាប់​ការផ្ដល់​ប័ណ្ណ​ព័ត៌មាន​អ្នកបោះឆ្នោត នឹង​ចាប់ផ្ដើម​ពីថ្ងៃ​ទី​៦ ខែមិថុនា ឆ្នាំ​២០១៨ ដល់​ថ្ងៃទី​៥ ខែកក្កដា​ឆ្នាំ​២០១៨ ហើយ​ការកំណត់​នេះ បានធ្វើ​ឡើង​ដោយ​យោងតាម​សេចក្តី​សម្រេច​លេខ​១០៩ គ​.​ជ​.​ប ស​.​ស​.​រ ស្ដីពី​ការផលិត និង​ការចែក​ប័ណ្ណ​ព័ត៌មាន ក្នុង​បំណង​កំណត់​អំពី​ការពិនិត្យ និង​ការចែក​ប័ណ្ណ​ព័ត៌មាន​អ្នកបោះឆ្នោត ជូន​ដល់​អ្នកបោះឆ្នោត ដែល​មាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​ផ្លូវការ។

គ​.​ជ​.​ប បញ្ជាក់​ថា ប័ណ្ណ​ព័ត៌មាន​អ្នកបោះឆ្នោត​ត្រូវបាន​ធ្វើឡើង​តាម​លក្ខណៈ​បច្ចេកទេស​កុំព្យូទ័រ ដោយមាន​ការផ្ទេរ​ឈ្មោះ និង​ទិន្នន័យ​របស់​អ្នកបោះឆ្នោត ចេញពី​បញ្ជី​បោះឆ្នោត​ផ្លូវការ​ឆ្នាំ ២០១៧ ចូលទៅក្នុង​ប័ណ្ណ​ព័ត៌មាន​អ្នកបោះឆ្នោត​។ ប័ណ្ណ​ព័ត៌មាន មាន​រាង​ចតុកោណកែង​ ដែលមាន​បណ្ដោយ​ប្រវែង​៩,៦​សង់ទីម៉ែត្រ និង​ទទឹង​ប្រវែង​៦,៦ សង់ទីម៉ែត្រ​។​

នៅ​ផ្នែក​ខាងមុខ​មាន​និមិត្តសញ្ញា គ​.​ជ​.​ប កាលបរិច្ឆេទ និង​ពេលវេលា​នៃ​ការបោះឆ្នោត ឈ្មោះ ភេទ ថ្ងៃខែ​ឆ្នាំ​កំណើត និង​លំនៅដ្ឋាន ឬ​ទី​សំណាក់​នៃ​អ្នកបោះឆ្នោត ព្រមទាំង​លេខ​រៀង​នៅក្នុង​បញ្ជី​បោះឆ្នោត ការិយាល័យ និង​ទីតាំង​ការិយាល័យ​បោះឆ្នោត​ផងដែរ​។ ចំណែក​ផ្នែក​ខាង​ខ្នង​នៃ​ប័ណ្ណ​ព័ត៌មាន មាន​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ (​ប្រភេទ​ទី​១ ប្រភេទ​ទី​២ ឬ​ប្រភេទ​ទី​៣) ព្រមទាំង​ឯកសារ​បញ្ជាក់​អត្តសញ្ញាណ បម្រើ​ឲ្យ​ការបោះឆ្នោត​។​

តាម​សេចក្តីប្រកាស​ព័ត៌មាន​របស់ គ​.​ជ​.​ប បានបញ្ជាក់​ទៀតថា បន្ទាប់ពី​បញ្ជី​បោះឆ្នោត​ឆ្នាំ ២០១៧ ត្រូវបាន គ​.​ជ​.​ប ផ្តល់​សុពលភាព​រួចមក នាយកដ្ឋាន​គ្រប់គ្រង​ទិន្នន័យ​អ្នកបោះឆ្នោត​និង​បញ្ជី​បោះឆ្នោត​មាន​ភារកិច្ច​យ៉ាងសំខាន់​ក្នុង​ការផលិត​បញ្ជី​បោះឆ្នោត​ផ្លូវការ និង​ផលិត​ប័ណ្ណ​ព័ត៌មាន​អ្នកបោះឆ្នោត​នេះ​។​

តាម គ​.​ជ​.​ប ការចែក​ប័ណ្ណ​ព័ត៌មាន​អ្នកបោះឆ្នោត​នេះ គណៈកម្មការ​រាជធានី ខេត្ត មាន​ភារកិច្ច​ទំនាក់ទំនង និង​សហការ​ជាមួយ​គណៈ​អភិបាល​រាជធានី ខេត្ត និង​គណៈ​អភិបាលក្រុង ស្រុក ខណ្ឌ ពាក់ព័ន្ធ​ដើម្បី​ផ្ដល់​ការគាំទ្រ និង​មេភូមិ ជំនួយការ​ភូមិ ដើម្បី​ផ្ដល់​ប័ណ្ណ​ព័ត៌មាន​អ្នកបោះឆ្នោត​។ ចំណែក​គណៈកម្មការ​ឃុំ សង្កាត់ រៀបចំ​ការបោះឆ្នោត មាន​តួនាទី​ចាត់តាំង​ក្រុម​ចែក​ប័ណ្ណ​ព័ត៌មាន​អ្នកបោះឆ្នោត​មួយ ឬ​ច្រើន​ក្រុម សមស្រប​តាម​ចំនួន​ភូមិ និង​ភូមិសាស្ត្រ​ជាក់ស្ដែង​របស់​ខ្លួន ដើម្បី​ផ្ដល់​បាន​ព័ត៌មាន​នេះ​។​
សូមបញ្ជាក់ថា ដំណើរការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ដ្រ​នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ ខាងមុខ ហើយ​គណបក្ស​នយោបាយ ដែល​បាន​ចូលរួម​ប្រកួត​ប្រជែង​មាន​ចំនួន​២០ រួមមាន គណបក្ស “​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​” លេខ​រៀង​ទី​១, គណបក្ស “​គណបក្ស​មាតុភូមិ​យើង​” លេខ​រៀង​ទី​២, គណបក្ស “​គណបក្ស​ពន្លឺ​ថ្មី​” លេខ​រៀង​ទី​៣, គណបក្ស “​សញ្ជាតិ​កម្ពុជា​” លេខ​រៀង​ទី​៤, គណបក្ស “​ខ្មែរ​ក្រោក​” លេខ​រៀង​ទី​៥, គណបក្ស “​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ​” លេខ​រៀង​ទី​៦, គណបក្ស “​ប្រជាធិបតេយ្យ​មូលដ្ឋាន​” លេខ​រៀង​ទី​៧, គណបក្ស “​ខ្មែរ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​” លេខ​រៀង​ទី​៨, គណបក្ស “​រស្មី​ខេមរា​” លេខ​រៀង​ទី​៩, គណបក្ស “​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​” លេខ​រៀង​ទី​១០, គណបក្ស “​ខ្មែរ​សាធារណរដ្ឋ​” លេខ​រៀង​ទី​១១, គណបក្ស “​ខ្មែរ​ឈប់​ក្រ​” លេខ​រៀង​ទី​១២, គណបក្ស “​​ហ៊្វុនស៊ិនប៉ិច​” លេខ​រៀង​ទី​១៣, គណបក្ស “​ខ្មែរ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​” លេខ​រៀង​ទី​១៤, គណបក្ស “​យុវជន​កម្ពុជា​” លេខ​រៀង​ទី​១៥, គណបក្ស “​ធម្មាធិបតេយ្យ​” លេខ​រៀង​ទី​១៦, គណបក្ស “​ឆន្ទៈ​ខ្មែរ​” លេខ​រៀង​ទី​១៧, គណបក្ស “​ជនជាតិដើម​ប្រជាធិបតេយ្យ​កម្ពុជា​” លេខ​រៀង​ទី​១៨, គណបក្ស “​ខ្មែរ​តែមួយ​” លេខ​រៀង​ទី​១៩ និង​គណបក្ស “​ប្រជាជន​កម្ពុជា​” លេខ​រៀង​ទី​២០៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu