ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានសុំឲ្យជនរួមជាតិរួមដំណើរជាមួយសម្តេចដើម្បីថែរក្សានូវសន្តិភាព ធានានូវការអភិវឌ្ឍសម្រាប់ការលូតលាស់នៃជាតិកម្ពុជាបន្តទៀត។ ដោយសម្តេចបានលើកឡើងថា គឺមានតែសន្តិភាពមួយប៉ុណ្ណោះដែលបានផ្តល់ឱកាសឲ្យយើងធ្វើអ្វីៗតាមបំណងគ្រប់យ៉ាងរបស់ប្រជាជនកម្ពុជា។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានថ្លែងបែបនេះទៅកាន់ជនរួមជាតិក្នុងឱកាសបិទកីឡាជាតិលើកទី២ នៅពហុកីឡាដ្ឋានជាតិអូឡាំពិក នាល្ងាចថ្ងៃទី ៤ ខែ មិថុនា នេះ។
សម្ដេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា “គឺមានតែសន្តិភាពមួយប៉ុណ្ណោះដែលបានផ្តល់ឱកាសឲ្យយើងធ្វើអ្វីៗតាមបំណងគ្រប់យ៉ាងរបស់ប្រជាជនកម្ពុជា។ ខ្ញុំសុំឲ្យជនរួមជាតិកម្ពុជារួមដំណើរ ជាមួយខ្ញុំដើម្បីថែរក្សានូវសន្តិភាពធានានូវការអភិវឌ្ឍសម្រាប់ការលូតលាស់នៃជាតិកម្ពុជារបស់យើងបន្តទៀត”។
សម្ដេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា សម្តេចពិតជាមានមោទនភាព ចំពោះការរីកចម្រើននៃវិស័យកីឡារបស់កម្ពុជា ។ ក៏ប៉ុន្តែមិនត្រូវភ្លេចទេថា បើមិនមានសន្តិភាព និង ការអភិវឌ្ឍទេនោះវិស័យកីឡាជាមិនអាចរីកលូតលាស់បានទេ ។ ប្រធានបទនៃកីឡាជាតិលើកទី ២ «កីឡានាំមកនូវសន្តិភាពនិងការអភិវឌ្ឍ» គឺពិតជាត្រឹមត្រូវខ្លាំងណាស់។ សូមក្រឡេកមើលអតីតកាលរបស់យើងនៅទីនេះ ក្នុងសម័យសង្គ្រាមពហុកីឡាដ្ឋានជាតិអូឡាំពិករបស់យើងនេះ ដែរព្រះករុណាព្រះបរមរតនកោដ្ឋបានកសាងឡើង នៅពេលដែលព្រះអង្គជាប្រមុខរដ្ឋ នោះបានក្លាយជាកន្លែងចុះឧទ្ធម្ភាគចក្រ បម្រើឲ្យការប្រយុទ្ធ និងប្រតិបត្តិការយោធាតែប៉ុណ្ណោះ។ នៅក្នុងសម័យប៉ុលពតទៀត ក៏ត្រូវបានទុកចោលនិងធ្វើជាកន្លែងបម្រើឲ្យអ្វីផ្សេងក្រៅពីកីឡា។ សម្តេចតេជោបន្តថា យើងបានខិតខំស្ដារឡើងវិញបន្តិចម្ដងៗគំនរផេះផង់ពីសង្គ្រាមបំផ្លិចបំផ្លាញ មកកាន់សុខសន្តិភាពទាំងស្រុងនៅទូទាំងប្រទេស។
សម្តេចក៏បានទាញអារម្មណ៍អ្នកចូលរួមឲ្យពិនិត្យមើលទៅប្រទេស អាហ្គានីស្ថានដែលអំពើភេរវកម្មទើបតែកើតមានតែប៉ុន្មានម៉ោងមុននេះ ហើយសូម្បីតែការរៀបចំការប្រកួតកីឡាក៏មិនអាចមានផងដែរ ។ ក្រុមបាល់ទាត់កម្ពុជាត្រូវទៅប្រកួតជាមួយអាហ្គានីស្ថាន ក៏គេមិនអាចរៀបចំប្រកួតនៅក្នុងប្រទេសរបស់គេផង គឺត្រូវទៅខ្ចីប្រទេសផ្សេងដើម្បីប្រកួត។ ដូចនេះមានតែសន្តិភាពមួយគត់ដែលអាចដែលបានផ្តល់ឱកាសឲ្យយើងធ្វើអ្វីៗតាមបំណងរបស់យើង។
សម្តេចតេជោនាយករដ្ឋមន្ត្រីក៏បានសំដែងនូវការរីករាយដែលបានឃើញការរីកចម្រើននៃវិស័យកីឡានៅកម្ពុជា។ សម្តេចតេជោនាយករដ្ឋមន្ត្រីក៏បានសង្ឃឹមផងដែរថា ការបើកកីឡាជាតិលើក ទី ៣ នឹងមានប្រតិបត្ដិការកាន់តែធំជាងនេះទៅទៀត។ សម្ដេចតេជោហ៊ុន សែន ក៏បានអំពាវនាវឲ្យមានមូលដ្ឋានកីឡានៅតាមគ្រឹះស្ថានសិក្សាទាំងអស់តាំងពីបឋមសិក្សា មធ្យមសិក្សា ឧត្តមសិក្សា ដើម្បីឲ្យយុវជននិងកុមាររបស់យើងមានឱកាស អភិវឌ្ឍន៍ខ្លួនជា ពិសេសការអភិវឌ្ឍសមត្ថភាពនិងកាយសម្បទានរបស់កុមារ អានយុវជនរបស់យើង ខ្ញុំសង្ឃឹមថាភូមិ ឃុំ នឹងខិតខំរៀបចំកីឡា ឲ្យប្រែក្លាយទៅជាចលនាកីឡាជាតិ។
គួររំលឹកថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចតែជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់បិទការប្រកួតកីឡាជាតិលើកទី ២ ឆ្នាំ២០១៨នៅល្ងាច ថ្ងៃទី ៤ មិថុនា នេះ នៅឯពហុកីឡាដ្ឋានជាតិអូឡាំពិក។
ពិធីបិទនេះនឹងរៀប ចំឡើងយ៉ាងអស្ចារ្យមិនចាញ់ពិធីបើកការប្រកួតកាលពីថ្ងៃទី ២៥ ឧសភា នោះទេនឹងមានការបង្ហាញនូវផ្ទាំងទស្សនីយភាពប្លែកៗការសម្តែងកាំជ្រួច និង ជាពិសេសគឺការសម្តែងរួមគ្នានូវទស្សនីយភាពវប្បធម៌ កីឡា សន្តិភាព និង ការអភិវឌ្ឍ ដែលបង្ហាញពីតម្លៃ និងការរីកចម្រើននៃវិស័យកីឡានៅកម្ពុជា។
លោក ថោក ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានមានប្រសាសន៍ថា អស់រយៈពេល ១១ ថ្ងៃកន្លងមក ត្រូវបានអ្នកឯកទេសសហព័ន្ធកីឡាអាស៊ីវាតម្លៃថា មានការរៀបចំបានល្អ តាមស្តង់ដារ អន្តរជាតិ ។ ការប្រកួតបានប្រព្រឹត្តទៅបានទទួលលទ្ធផលល្អប្រសើលើគ្រប់វិញ្ញាសាកីឡា ដោយកីឡាករ កីឡាការិនី មានវិន័យ និងគោរពនូវក្រមសីលធម៌កីឡាបានល្អ។
រយៈពេលជិត១១ថ្ងៃ គណៈកម្មាធិការរៀបចំការប្រកួតបានកត់សំគាល់ថា ការប្រកួតកីឡាជាតិលើកនេះមានទាំងចំណុចវិជ្ជមានផងនិអវិជ្ជមានផង។ នោះគឺកីឡា ករប្រមាណជា ២០ ភាគរយបានបោះបង់ចោលការប្រកួតដោយសារតែគម្លាតនៃសមត្ថភាពរបស់កីឡាមកពីតាមបណ្តាខេត្តដែលមិនអាចប្រៀបផ្ទឹមបានជាមួយកីឡានៅរាជធានី និង ក្រសួងស្ថាប័នរដ្ឋបាន។
យ៉ាងណាក៏ដោយចំណុចអវិជ្ជមាននេះនឹងត្រូវកែប្រែនៅឆ្នាំបន្តបន្ទាប់ដើម្បីធ្វើយ៉ាងណាឲ្យសមត្ថភាពរបស់កីឡាករកម្ពុជាកើនឡើងព្រមៗគ្នា។
លោកបន្តថា ការប្រកួតកីឡាជាតិរយៈពេល ២ ឆ្នាំម្តងនេះ គឺជាអ្វីដែលរដ្ឋាភិបាលកម្ពុជាធ្វើឡើង ដើម្បីត្រៀមខ្លួនឆ្ពោះទៅធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ នៅឆ្នាំ២០២៣ខាងមុខ ។ រាប់ចាប់តាំងពីពេលនេះតទៅ កម្ពុជានៅមានពេលពីរដងទៀត ដើម្បីត្រៀមខ្លួន គឺនៅឆ្នាំ២០២០ម្តង និងឆ្នាំ២០២២ម្តងទៀត។
លោកបណ្ឌិត ហង់ ជួន ណារុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និង កីឡា បានថ្លែងថា ការប្រកួតកីឡាជាតិនេះបានយកគំរូតាម ការប្រកួតកីឡាអាស៊ាន យោងតាមលទ្ធផលនៃការប្រកួតរយៈពេល ១១ ថ្ងៃកន្លងមកនេះក្លិបក្រសួងមហាផ្ទៃនៅតែឈកំពូលតារាងមេដាយ ក្នុងចំណោមក្លិបកីឡាមកពីក្រសួងនិងរាជធានីខេត្ត ចំនួន ២៨ លើវិញ្ញាសាចំនួន ២៧ នៅទូទាំងប្រទេសដោយប្រមូលបានមេដាយសរុប ១៤៩គ្រឿងមានមេដាយមាស ៨៣។ រាជធានីភ្នំពេញដែលធ្លាប់ឈ្នះមេដាយច្រើនជាងគេកាលពីកីឡាជាតិលើកទី១ឈរលេខរៀងទី២មានមេដាយមាស ៤២សរុប១២៤គ្រឿង ។ ចំណែកក្រសួងការពារជាតិឈរលេខ៣ ដណ្ដើមបានមេដាយមាស ៣៣ សរុប ៦១ គ្រឿង។ ខេត្កកណ្តាលចំណាត់ថ្នាក់លេខ ៤ ទទួលបានមេដាយ ៤៨ ក្នុងនោះ មេដាយមាស ១២។
សូមបញ្ជាក់ដែរថា ការប្រកួតកីឡាជាតិលើកទី២ឆ្នាំ ២០១៨ នេះ កម្ពុជាបានប្រើប្រាស់កីឡដ្ឋានធំៗចំនួនពីរ គឺពហុកីឡដ្ឋានជាតិអូឡាំពិក និងកីឡដ្ឋានជាតិមរតកតេជោ ដែលជាជំនួយរបស់រដ្ឋាភិបាលចិន។ ក្រៅពីនេះការប្រកួតក៏មានរៀបចំនៅតាមបណ្តាខេត្តមួយចំនួនដែរ។ ការប្រកួតកីឡាជាតិលើកទី២ឆ្នាំ២០១៨នេះ មានអត្តពលិកជាង ៤ ពាន់នាក់ចូលរួមលើ២៧ប្រភេទកីឡា ដោយចំណាយថវិកាអស់ជាង១លានដុល្លារអាមេរិក៕
Source: Kampuchea Thmey Daily
0 Comments