Ad Code

សម្ដេចនាយក​រដ្ឋមន្ដ្រី រំលឹក​ដល់​មន្ត្រី ឲ្យ​ធ្វើជា​ខ្ញុំបំរើ​របស់​ប្រជាជន កុំ​ធ្វើ​ចៅហ្វាយ​របស់​ប្រជាជន



ភ្នំពេញ ៖ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នៅតែ​ធ្វើការ​ផ្តាំផ្ញើ​ទៅកាន់​មន្ត្រី​ថា មិនត្រូវ​ភ្លេច​ទេ​ថា​ ខ្លួន​ជា​អ្នក​បម្រើប្រជាជន មិនមែនជា​ចៅហ្វាយ​របស់​ប្រជាជន​ទេ​។ សម្តេច​តេ​ជោ​បន្តថា ​ប្រទេស​របស់​យើង​គឺ​ប្រជាជន​ជាធំ​ដូចនេះ​ត្រូវ​ចាំ​ចំណុច​នេះ​ឲ្យ​ច្បាស់​។ សម្តេច​បន្តថា​ គ្មាន​មន្ត្រី​ណាមួយ​ទទួលបាន​ជោគជ័យ​នៅពេលដែល​គ្មាន​ការ​គាំទ្រ​ពី​ប្រជាជន​នោះទេ ។​ភាព​ក្រ​អើត​ក្រ​ទម​មិនមែនជា​ឥរិយាបទ​របស់​មន្ត្រី​នោះទេ​។

ប្រមុខ​រាជរដ្ឋាភិបាល​បាន​បែបនេះ​នៅ​ចំពោះមុខ​សិស្ស​មន្ត្រីជាន់ខ្ពស់ និង​មធ្យម ជាង​១​ពាន់​នាក់​នៃ​សាលា​ភូមិន្ទ​រដ្ឋបាល​នៅក្នុង​ពិធី​បិទ​វគ្គ​ប្រគល់​សញ្ញាបត្រ វិញ្ញាបនបត្រ​ជូន​សិស្ស​មន្ត្រី ជាន់ខ្ពស់ សិស្ស​មន្ត្រី​ក្រមការ កម្មសិក្សាការី ឆ្នាំ ២០១៧ និង ពិធី​បើក​វគ្គ​បណ្តុះបណ្តាល ឆ្នាំ ២០១៨ របស់​សាល​ភូមិន្ទ​រដ្ឋបាល នៅ​វិទ្យា​ស្ថាន​ជាតិ អប់រំ​នា​ព្រឹក​ថ្ងៃទី ៥ ខែ មិថុនា នេះ​។



សម្តេច​តេ​ជោ​បាន​មានប្រសាសន៍ថា​៖ “​ធ្វើជា​មន្ត្រី​គឺជា​ខ្ញុំបំរើ​របស់​ប្រជាជន​មិនមែនជា​ចៅហ្វាយ​ប្រជាជន​ទេ ប្រទេស​របស់​យើង​គឺ​ប្រជាជន​ជាធំ ដូចនេះ​ត្រូវ​ចាំ​ចំណុច​នេះ​ឲ្យ​ច្បាស់ ។ ពាក្យ​ខ្មែរ​ងើយ​ស្ក​ត អោន​ដាក់​គ្រាប់ ជា​សុភាសិត​មួយ​ត្រឹមត្រូវ​ណាស់ ត្រូវតែ​អោនលំទោន​ចំពោះ​ប្រជាជន​ទើប​យើង​អាច​រក្សាបាន​នូវ​តួនាទី​របស់​យើង។ បើ​អ្នក​មិន​ប្រកាន់​ជំហរ​នេះ​ទេ​អ្នក​គ្មាន​ទទួលបាន​ជោគជ័យ​នោះទេ។ គ្មាន​មន្ត្រី​ណាមួយ​ទទួល​បាន​ជោគជ័យ​នៅពេលដែល​គ្មាន​ការគាំទ្រ​ពី​ប្រជាជន​នោះទេ​។​ ភាព​ក្រអឺតក្រទម​មិនមែនជា​ឥរិយាបថ​របស់​មន្ត្រី នោះទេ​”។

ជាមួយនេះ​សម្ដេច​តេ​ជោ ហ៊ុន សែន ក៏បាន​លើកឡើង​អំពី​ការតែងតាំង​មន្ត្រី​ដោយ​សម្តេច​បានលើកឡើង​ថា​ មន្ត្រី​ដែល​ល្អ គឺជា​មន្ត្រី​ដែល​ចេះ​ដោះស្រាយ​បញ្ហា​កើតឡើង​ដោយ​ចៃដន្យ​នៅនឹងកន្លែង​ផ្ទាល់។ ចំណែក​មន្ត្រី​ដែល​ពូកែ​រាយការណ៍​មក​ថ្នាក់លើ​ហើយ​ទម្លាក់កំហុស​ទៅ​ថ្នាក់ក្រោម​គឺជា​មន្ត្រី​អាក្រក់ ដែល​មិន​ត្រូវ​ឲ្យ​មានមុខ​តំណែង​ខ្ពស់​ក្នុង​រដ្ឋាភិបាល​ឡើយ​។ ដោយ​សម្ដេច​ចាត់ទុកថា​ មន្ត្រី​របៀប​នេះ​គឺជា​មន្ត្រី​ពូកែ​អែបអប ឡេមឡឺម ហើយ​ខ្វះ​ការទទួលខុសត្រូវ​លើ​ការងារ​ប៉ុន្តែ​រង់ចាំ​តែ​ទទួលផល​ប្រយោជន៍​។

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍ថា «​មន្ត្រី​ដែល​យកជាគ្នា​បាន គឺ​មន្ត្រី​ដែល​ស្រវាស្រទេញ​ដោះស្រាយ​បញ្ហា​នៅ​ហ្នឹង​កន្លែង ហើយដោយ​ប្រមូលផ្ដុំ​នូវ​ការ​ឈ្លាសវៃ​របស់​ខ្លួន ដោះស្រាយ​បញ្ហា​នៅ​ហ្នឹង​កន្លែង​។ នេះ​គឺជា​មន្ត្រី​ដែល​យើង​ត្រូវ​បង្កលក្ខណៈ​យកចិត្តទុកដាក់​ហើយ​រៀបចំ​ឲ្យ​ទៅជា​មន្ត្រី​ដឹកនាំ​កាន់តែ​ខ្ពស់​កាន់តែ​ល្អ​។ ​ប៉ុន្តែ​មន្ត្រី​ដែល​មិនបាន​ការដែល​គួរតែ​ជៀសវាង​គឺ​គាត់​ធ្វើការ​ងារ​ពីរ​ដែល​សំខាន់​គឺ​ទី​១. រាយការណ៍​ទៅ​ថ្នាក់លើ និង ទី​២. ស្តីបន្ទោស​ថ្នាក់ក្រោម។ មន្ត្រី​បែបនេះ​ត្រូវ​ចងចាំ​ចំណាំទុក មិនគួរ​តែងតាំង​ឲ្យ​កាន់​ការងារ​បន្ត​ទេ​»។

ជា​មួយ​គ្នា​នេះ​ សម្ដេច ហ៊ុន សែន ក៏បាន​ដាស់តឿន​មន្ត្រី​ឲ្យ​ចេះ​សាមគ្គី​គ្នា មិន​ត្រូវ​ក្ដិចត្រួយ ឬ​មូល​បង្កាច់​មន្ត្រី​ដទៃ​ ដើម្បី​អំណាច​ខ្លួន​ទេ​ក្នុងនាម​ជា​អ្នក​បំពេញការងារ​បម្រើ​ផលប្រយោជន៍​ប្រជាពលរដ្ឋ​ដូចគ្នា​។ ប៉ុន្តែ​មន្ត្រី​ទាំងអស់​ត្រូវ​រួមគ្នា​ដោះស្រាយ​រាល់​បញ្ហា​ជាតិ​ទើប​ជា​រឿង​ប្រសើរ​។

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ក៏បាន​លើកឡើង​ផង​ដែរ ​ពាក់ព័ន្ធ​វិធីសាស្ត្រ​ក្នុង​ការ​ដឹកនាំ​ថា វិធីសាស្ត្រ​ដឹកនាំ​និង​ធ្វើ​ការងារ ត្រូវ​បែងចែក​ឲ្យ​ច្បាស់​ជា​បី​ដំណាក់កាល ១.​ត្រូវ​រៀបចំ​ផែនការ​ឲ្យ​ច្បាស់លាស់ មិនអាច​ធ្វើ​ដោយ​គ្មាន​ផែនការ​នោះ​ទេ​ក្នុង​បរិបទ​នៃ​ការរៀបចំ​ផែនការ ត្រូវធ្វើ​ឲ្យ​ត្រូវ​ទៅ​និង​សភាពការណ៍​ជាក់ស្តែង។ ធ្វើ​ផែនការ​បាន​ហើយ​សម្រេចបាន ៣០ ភាគរយ ។ ទី​២.​គឺ​ចាត់តាំង​អនុវត្ត សម្រាប់​បាន ៣០ ភាគរយ ទៀត ។ នៅ ៤០ ភាគរយ​ទៀត​គឺ​សម្រាប់​វាស់​ស្ទង់​សម​ត្តភាព​របស់​មន្ត្រី​គឺ​កត្តា​ចៃដន្យ​កើតឡើង ទើប​ជាការ​សាកល្បង​សម​ត្តភាព​របស់​មន្ត្រី​ពិត​ប្រាក​ដ៏ ទើប​សម្រេចបាន ១០០ ភាគរយ​។

ជា​មួយ​នេះ​ ប្រមុខ​រាជរដ្ឋាភិបាល​ក៏បាន​និទានរឿង​មន្ត្រី​គ្រប់​ល្ពៅ ដោយ​សម្តេច​តេ​ជោ​បាន​ចាត់ទុកថា​រឿង​មន្ត្រី​គ្រាប់​ល្ពៅ​គឺជា​គតិ​លោក​មួយ​អប់រំ​មន្ត្រី​ឲ្យ​ប្រកាន់យក​អំពើ​សុចរិត​ទៀងត្រង់​។

​លោក ពេជ្រ ប៊ុនធិន រដ្ឋមន្ត្រីក្រសួង​មុខងារសាធារណៈ​បាន​ឲ្យ​ដឹង​ថា សិស្ស​មន្ត្រីជាន់ខ្ពស់ សិស្ស​មន្ត្រី​ក្រមការ កម្មសិក្សាការី​ជាន់ខ្ពស់ និង មធ្យម ឆ្នាំ ២០១៧ ចំនួន ៥៦៧ នាក់ និង ពិធី​បើក​វគ្គ​បណ្តុះបណ្តាល​សិស្ស​មន្ត្រីជាន់ខ្ពស់​ជំនា​ន់ទី​១០ វគ្គ​វិក្រិត្យ​ការ​កម្មសិក្សាការី​មន្ត្រីជាន់ខ្ពស់ មន្ត្រី​មធ្យម​ឆ្នាំ​២០១៨ ចំនួន ៤៦១ នាក់​។

​តាម​សុន្ទរកថា ​ស្វាគមន៍​និង​របាយការណ៍​សង្ខេប​របស់​លោក​កិត្តិ​បណ្ឌិត ពេជ្រ ប៊ុនធិន រដ្ឋមន្ត្រីក្រសួង​មុខងារសាធារណៈ​បាន​ឲ្យ​ដឹងថា​ ការបណ្ដុះបណ្ដាល​ដំបូង​សម្រាប់​វគ្គ​សិស្ស​មន្ត្រីជាន់ខ្ពស់​និង​សិស្ស​មន្ត្រី​ក្រមការ​ត្រូវបានធ្វើ​ការជ្រើសរើស​តាមរយៈ​ការប្រឡងប្រជែង​យ៉ាង​សម្រិតសម្រាំង​។​



​ការចុះឈ្មោះ​ចូលរួម​ប្រលង​តាម​ប្រព័ន្ធ​ព័ត៌មានវិទ្យា​ត្រូវ​បានដាក់​អនុវត្ត​ជា​លើកដំបូង​ក្នុង​ឆ្នាំ​២០១៧ សម្រាប់​បេក្ខជន​សិស្ស​មន្ត្រីជាន់ខ្ពស់​។ ក្នុង​ឆ្នាំ ២០១៨​សិស្ស មន្ត្រី​ជាន់ ខ្ពស់​ចំនួន ៥៦​នាក់ បានបញ្ចប់​ការសិក្សា​រយៈពេល ២ ឆ្នាំ​ដោយ​ជោគជ័យ ប្រកបដោយ​សមត្ថភាព​ជំនាញ​ខ្ពស់ លើ​ផ្នែក​រដ្ឋបាល​សាធារណៈ សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ និង​ទំនាក់ទំនង​អន្តរជាតិ ហើយ​ត្រូវបាន​ចាត់​ឲ្យ​ទៅ​បំពេញការងារ នៅតាម​ក្រសួង​ស្ថាប័ន​រួចហើយ​។ សិស្ស​មន្ត្រី​ក្រមការ​ចំនួន ១០១ នាក់​ក៏បាន​បញ្ចប់​ការសិក្សា​រយៈពេល ១ ឆ្នាំ​ដោយ​ជោគជ័យ​លើ​ប្រតិបត្តិការ​ទូទៅ ក្នុង​រដ្ឋបាល​សាធារណៈ​ដែល​នឹងត្រូវ​បែងចែក ទៅ​បំពេញការងារ​នៅតាម​ក្រសួង ស្ថាប័ន​នាពេល​ខាងមុខនេះ​។ លើសពីនេះ​ក្នុង ឆ្នាំ ២០១៧ សាលា​បានដាក់​ឲ្យ​ដំណើរការ​ជា​លើកដំបូង​វគ្គ​បណ្ដុះបណ្ដាល​តម្រង់ទិស​ដំបូង​រយៈពេល​១០៨​ម៉ោង​ដល់​មន្ត្រី​ដែល​ត្រូវបាន​ជ្រើសរើស​ថ្មី​នៅតាម​ក្រសួង ស្ថាប័ន ដែល​បានផ្ដល់​ការបណ្ដុះបណ្ដាល​រួចហើយ​បាន​ចំនួន ៧៨៨​នាក់​។ បច្ចុប្បន្ន​សាលា​កំពុង បណ្ដុះបណ្ដាល​សិស្ស​មន្ត្រីជាន់ខ្ពស់ ជំនា​ន់ទី​១០ សរុប​ចំនួន​៦០​នាក់​និង​វគ្គប​ណ្ដុះ បណ្ដាល​តម្រង់ទិស​ដំបូង​ដល់​មន្ត្រី​ក្របខ័ណ្ឌ​ថ្មី មកពី​ក្រសួង​ស្ថាប័ន​ចំនួន ១០៦៧ នាក់​ផងដែរ​។​

ទន្ទឹម​នឹង​វគ្គ​បណ្ដុះបណ្ដាល​ដំបូង សាលា​ភូមិន្ទ​រដ្ឋបាល ក៏បាន​រៀបចំ​ការបណ្ដុះ​បណ្ដាល​បន្ត​ដល់​មន្ត្រីរាជការ​ដែល​អាច​មាន​រយៈពេល​សិក្សា ៩​ខែ និង​ការបណ្ដុះ បណ្ដាល​ដែលមាន​រយៈពេល​ខ្លីៗ​ផងដែរ ។ ចំពោះមុខ​សេចក្ដីត្រូវការ​កាន់តែ​ខ្ពស់​នូវ​ធនធានមនុស្ស​ប្រកបដោយ​គុណភាព ,​ការ​រីកចម្រើន​នៃ​បច្ចេកវិទ្យា​បរិក្ខារ​នៃ​ការប្រកួត ប្រជែង​ក្នុង​តំបន់ នឹង​សេចក្ដី ត្រូវការ​នៃ​ការកសាង​រដ្ឋបាល​ទំនើប​ដ៏​រឹងមាំ​និង​មាន​ប្រសិទ្ធភាព​ដើម្បី​ផ្ដល់​សេវា​ដល់​ប្រជាពលរដ្ឋ​កាន់តែ​ប្រសើរ​សាលា​ភូមិន្ទ រដ្ឋបាល​បាន​ខិត ខំ​ដោយ​មិន​សំចៃ​កម្លាំងកាយ​ចិត្ត​ក្នុងការ​អភិវឌ្ឍ​ខ្លួន​ជា​លំដាប់​។

ក្នុងន័យនេះ​សាលា​ភូមិន្ទ រដ្ឋបាល​នឹង​អភិវឌ្ឍន៍​ខ្លួន​ឈរលើ​បាវចនា​" វិន័យ គុណភាព គុណធម៌ ន​វា​នុ​វត្ត​" ឱ្យនៅតែ​ជា​គ្រឹះស្ថាន​បណ្ដុះបណ្ដាល​សាធារណៈ ឈានមុខ នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​និង​មាន​សមត្ថភាព​កាន់តែ​ខ្ពស់ ក្នុង​សហគមន៍​អាស៊ាន​ព្រមទាំង​សម្រេច​ឲ្យ​បាន​នូវ​គោលដៅ​របស់ខ្លួន​ក្នុងការ​បណ្ដុះបណ្ដាល​មន្ត្រី​ឲ្យ​បាន​ចំនួន​២​ម៉ឺន​នាក់​ក្នុង​មួយឆ្នាំ​នៅ​ឆ្នាំ ២០២៣៕

 



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu