ភ្នំពេញ ៖ ព្រះករុណាព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវឲ្យប្រជាពលរដ្ឋគ្រប់រូបអញ្ជើញទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខ នេះបើយោងតាមព្រះរាជសារ ដែលការិយាល័យរបស់យើងទើបទទួលបាននៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៨។
ព្រះរាជសាររបស់ព្រះមហាក្សត្របានលើកឡើងថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ និងប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ មកនេះ។ ក្នុងឱកាសនេះ ខ្ញុំសូមអំពាវនាវជាឱឡារិកជូនជនរួមជាតិ អ្នកមានសិទ្ធិបោះឆ្នោតទាំងអស់ សូមអញ្ជើញទៅបោះឆ្នោតឲ្យបានគ្រប់គ្រប់គ្នាជ្រើសរើសអ្នកដឹកនាំប្រទេសជាតិ ដើម្បីអភិវឌ្ឍ និងការរីកចម្រើនរុងរឿងថ្កើងថ្កានលើគ្រប់វិស័យ។
ព្រះរាជសាររបស់ព្រះមហាក្សត្របានលើកឡើងទៀតថា ការបោះឆ្នោតនៅថ្ងៃអាទិត្យទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខ គឺជាការបោះឆ្នោតជាទូទៅ ជាសកលដោយសេរី ត្រឹមត្រូវ យុត្តិធម៌ តម្លាភាព និងដោយសម្ងាត់ ស្របតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស។ ដូចនេះសូមកុំឲ្យមានការព្រួយបារម្ភពីការគាបសង្កត់ការគំរាមកំហែង ឬសម្លុតពីជនណាម្នាក់ឬបក្សនយោបាយណាមួយឲ្យសោះ។ ខ្ញុំសូមជនរួមជាតិទាំងអស់មេត្តាប្រើសិទ្ធិសេរីភាពបោះឆ្នោតទៅតាមសតិសម្បជញ្ញៈរបស់ខ្លួនម្នាក់ៗតើមានទំនុកចិត្តទៅលើបេក្ខជនណាម្នាក់គណបក្សនយោបាយណាមួយដោយសេរី៕
Source: Kampuchea Thmey Daily
0 Comments