កីឡាករវ័យក្មេងមួយគឺ សាន គឹមហេង បានសម្រេចចិត្តរួមជាមួយក្រុមបាល់ទាត់វិសាខាអែហ្វស៊ី សមាជិកថ្មីក្នុងពានរង្វាន់លីគកំពូលកម្ពុជា រដូវកាលឆ្នាំ២០១៨ (Metfone Cambodian League 2018) កាលពីដើមរដូវកាលកន្លងទៅ ខណៈកីឡាកររូបនេះរកគ្រាប់បាល់ប៉ុន្មានប្រកួតចុងក្រោយឲ្យក្រុម។
ជ័យជម្នះកាលពីចុងសប្ដាហ៍កន្លងទៅនេះបានរុញឲ្យក្រុមវិសាខា ឡើងឈរចំណាត់ថ្នាក់លេខ៣ក្នុងចំណោមសមាជិកទាំង១២ ក្រុមក្រោយប្រកួតបាន៨លើក ឈ្នះ៥លើកស្មើ១លើកនិងចាញ់២លើកមាន១៦ពិន្ទុក្នុងដៃ។ ចំណែកកីឡាករ សាន គឹមហេង វិញរកបានគ្រាប់បាល់៥គ្រាប់ម្នាក់ឯងនៅប៉ុន្មានប្រកួតជាប់ៗគ្នានេះក្នុងនោះរូបគេបានទាត់ចូលក្រុមវេស្ទើន១គ្រាប់ អគ្គស្នងការដ្ឋាននគរបាលជាតិ ១គ្រាប់ ក្រសួងការពារជាតិ២គ្រាប់និងចុងក្រោយទាត់ចូលក្រុមណាហ្គាវើល១គ្រាប់។
កីឡាករវ័យ១៨ឆ្នាំរូបនេះ ធ្លាប់បានលើកឡើងថា «នៅពេលទទួលបានឱកាសចូលលេងពីលោកគ្រូបង្វឹក ខ្ញុំប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីក្រុម។ ខ្ញុំនឹងខិតខំប្រឹងប្រែងពង្រឹងសមត្ថភាពឲ្យកាន់តែប្រសើរឡើងថែមទៀតដើម្បីរកគ្រាប់បាល់ឲ្យបានច្រើនសម្រាប់ក្រុមវិសាខា»។ កីឡាករ សាន គីមហេង ធ្លាប់ជាយុវជននៅសាលាបាល់ទាត់ជាតិបាទី ព្រមទាំងធ្លាប់ជាប់ឈ្មោះក្នុងក្រុមជម្រើសជាតិកម្ពុជាតាំងពីយុវជនក្រោមអាយុ១៣ឆ្នាំ (U13) ដល់ U18 កាលពីឆ្នាំ២០១៧កន្លងទៅផងដែរ។
យ៉ាងណាក្តីតំណាងក្លិបមួយនេះបញ្ជាក់ថា កីឡាករ សាន គឹមហេង នៅមិនទាន់អាចដាក់ឲ្យប្រកួតក្នុងលីគកំពូលកម្ពុជា បានគ្រប់ប្រកួតនោះទេ ដោយទុកឲ្យហ្វឹកហាត់ជាមួយក្រុមមួយរយៈពេលសិនទើបអាចលេងបានព្រោះគេសុទ្ធតែនៅក្មេងខ្ចីនៅឡើយ។ កីឡាករ សាន គឹមហេង ធ្លាប់បានរំលឹកថា រូបគេមានក្តីប្រាថ្នាទៅបន្តអាជីពនៅប្រទេសជប៉ុន នៅថ្ងៃអនាគតផងដែរ។
មុនរដូវកាលឆ្នាំ២០១៨ ចាប់ផ្តើមក្រុមវិសាខា បានបង្ហាញមុខកីឡាករទាំងអស់ក្នុងការត្រៀមប្រកួតដោយក្នុងនោះមានអ្នកចាំទី កែវ សុខសិលា ពីភ្នំពេញក្រោន, រស់ សំអឿន ពីបឹងកេត, ង៉យ ស្រ៊ីន ពីណាហ្គាវើល ព្រមទាំងកីឡាករកូរ៉េខាងជើង៤ មានខ្សែប្រយុទ្ធ Choe Myong-ho ខ្សែបម្រើ Kim Kyong-hun ខ្សែការពារកណ្ដាល Jang Song-hyokខ្សែប្រយុទ្ធ Ri Hyok-chol និងខ្សែបម្រើ Pak Song Chol។ ចំណែកកីឡាករចាស់មាន ជា វ៉ាន់សាក់, ស៊ិន សុផាន់ណាត, ទៀង ទីនី, ធឿន ស៊ុនហួរ, នុត ស៊ីនួន. ម៉ែន សីហា, សុះ ហាំប៉ាន់, មាឃ ឆដារ៉ាវុធ, ចិន វណ្ណៈ, សាន្ត បូរ៉ា, ម៉ាត់ សាក់រើ, សេន ឡេះ, នៅ សុសិលា, ខុន រស្មី, អ៊ីវ វិមាណ, សួន ឈុនឆេង, អ៊ិន វិច្ឆ័យ, នួន សុថាន។ ថ្មីនេះក្លិបបាននាំយកកីឡាករឆ្នើមៗ២រូបទៀតគឺ កែវ សុខផេង និង សុខ សុវណ្ណ ចូលក្នុងក្រុមផងដែរ។
ក្រុមវិសាខា បានបង្កើតឡើងតាំងពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៧ ក្រោមការឧបត្ថម្ភគាំទ្រពីសំណាក់ឯកឧត្ដម ស សុខា តំណាងរាស្ដ្រខេត្តព្រៃវែង និងជាអនុប្រធានសហព័ន្ធសហភាពយុវជនកម្ពុជា។បច្ចុប្បន្នក្លឹបមានកីឡាករបាន ២៥នាក់សម្រាប់ចូលរួមលីគលំដាប់ទី២របស់កម្ពុជាឆ្នាំនេះ។ លោក ហុក សុចិត្រា អតីតគ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា ដើរតួធ្វើជាអ្នកចាត់ការទូទៅរបស់ក្រុម ខណៈលោក ហុក សុជីវ័ន ជាប្អូនប្រុសបង្កើតធ្វើជាគ្រូបង្វឹក៕
Source: Kampuchea Thmey Daily
0 Comments