ភ្នំពេញ ៖ លោក ចេង មុនីរ៉ា អភិបាលនៃគណៈអភិបាលខណ្ឌច្បារអំពៅរួមជាមួយលោក លោកស្រីអភិបាលរងខណ្ឌ លោកនាយរងសាលាខណ្ឌកាលពីព្រឹកថ្ងៃទី៥ ខែមិថុនានេះ បាននាំយកអំណោយផ្តល់ដល់កម្លាំងប្រជាការពារសាលាខណ្ឌ ដើម្បីជាការលើកទឹកចិត្ត និងដោះស្រាយជីវភាពរបស់បងប្អូន ដែលខិតខំបំពេញការងារជូនដល់អង្គភាពមិនខ្លាចនឿយហត់នោះឡើយ។
លោក ចេង មុនីរ៉ា បានមានប្រសាសន៍ទៅកាន់បងប្អូនប្រជាការពារសាលាខណ្ឌទាំង៥០រូបថា ជារៀងរាល់ថ្ងៃបងប្អូនប្រជាការពារសាលាខណ្ឌ របស់យើងបានខិតខំបំពេញការងារជូនសាលាខណ្ឌដោយមិនខ្លាចនឿយហត់ ទោះបីមានភ្លៀងផ្គររងាយ៉ាងណាក៏បងប្អូនបានបំពេញតួនាទីចំពោះមុខគឺចុះស្តារសំរាមចេញពីមុខលូ កុំឲ្យស្ទះនៅក្នុងមូលដ្ឋានខណ្ឌ។
លើសពីនេះទៀត កម្លាំងប្រជាការពារយើងបានចុះរៀបចំសណ្តាប់តាមដងផ្លូវនិងធ្វើអនាម័យព្រមទាំងចូលរួមរក្សាសន្តិសុខសណ្តាប់ធ្នាប់ជាមួយសមត្ថកិច្ចមូលដ្ឋាន ដូចជាសហការចុះត្រួតពិនិត្យអាវុធជាតិផ្ទុះនិងការងារផ្សេងៗជាច្រើនឲ្យតែគណៈអភិបាលខណ្ឌមានតម្រូវការចាំបាច់។
លោកអភិបាលខណ្ឌក៏បានធ្វើការណែនាំដល់បងប្អូនប្រជាការពារយើងទាំងអស់នៅពេលចុះបំពេញការងារ ត្រូវមានពាក្យសំដីសមរម្យទៅកាន់ប្រជាពលរដ្ឋហាមប្រើប្រាស់ពាក្យសំដីប្រមាថមើលងាយបើទោះជាដឹងថា បងប្អូនប្រជាពលរដ្ឋខ្លះលោកមានកំហុសក៏ដោយ។ អ្វីដែលលោកចង់បាន គឺពេលចុះបំពេញការងារត្រូវប្រើចរិតទន់ភ្លន់ សុភាពរាបសារតែម៉ឺងម៉ាត់។ ចំពោះមិត្តរួមការងារត្រូវមានស្មារតីសាមគ្គីភាពមិនត្រូវដាក់កំហុស ឬ លាបពណ៌ឲ្យគ្នាទៅវិញទៅមកនោះទេ។
និយាយរួមត្រូវចេះយោគយល់គ្នាទើបអង្គភាពសាលាខណ្ឌច្បារអំពៅទទួលបានការគាំទ្រពីសំណាក់បងប្អូនប្រជាពលរដ្ឋទាំងក្នុងក្រៅមូលដ្ឋាន។ ក្នុងឱកាសនោះលោកអភិបាលខណ្ឌច្បារអំពៅបានសន្យាផ្តល់ឯកសណ្ឋានថ្មីជូនដល់កម្លាំងប្រជាការពារទាំងអស់នឹងចាត់ចែងកាត់សក់ឲ្យបានខ្លីៗហើយស្អាតគ្រប់ៗគ្នាមុនពេលចុះបំពេញការងារហើយចំពោះថវិកាចំណាយគឺលោកអភិបាលខណ្ឌជាអ្នកចេញទាំងអស់។
បន្ទាប់ពីបញ្ចប់ការសំណេះសំណាលរួចមកលោកចេង មុនីរ៉ា បានផ្តល់អំណោយដល់កម្លាំងប្រជាការពារទាំង៥០នាក់ដោយក្នុងម្នាក់ៗទទួលបានអង្ករចំនួន៣០គីឡូក្រាមនឹងថវិកា២០,០០០រៀល៕
Source: Kampuchea Thmey Daily
0 Comments