Ad Code

គ្រូ​ភ្នំពេញ​ក្រោ​ន រីករាយ ​ដែល​ដណ្តើមបាន​ជ័យជម្នះ​ពី​វេ​ស្ទើ​ន ទោះ​រក​គ្រាប់​បាល់​បាន​តិច​ក៏ដោយ



ក្រុម​ភ្នំពេញ​ក្រោ​ន ជើងឯក​៦​សម័យកាល​បាន​យកឈ្នះ​លើ​ក្រុម​បាត​តារាង​វេ​ស្ទើ​ន​ភ្នំពេញ ដោយ​លទ្ធផល​១​ទល់​០ ក្នុង​សប្ដាហ៍​ទី​៨ នៃ​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា Metfone Cambodian League 2018 ខណៈ​លោក Sean Sainsbury គ្រូ​បង្គោល​ភ្នំពេញ​ក្រោ​ន ពេញ​ចិត្តនឹង​ទម្រង់​លេង​របស់​កូនក្រុម​ទោះបីជា​រក​គ្រាប់​បាល់​បាន​តិច​ក៏ដោយ​។

បុរស​ជនជាតិ​អង់គ្លេស​រូបនេះ​បាន​បន្ត​ថា ​ក្រុម​លោក​មានការ​ភ្លាត់ស្នៀត​មួយចំនួន ប៉ុន្តែ​កីឡាករ​របស់​លោក​បាន​ធ្វើ​ទៅតាម​គម្រោង​យ៉ាង​ល្អ ដោយ​អាច​បង្កើត​ឱកាស​យ៉ាងច្រើន ទាំង​ការគ្រប់គ្រង​បាល់ ជាដើម​។ គ្រូបង្វឹក​ខាងលើ​បន្តថា «​ខ្ញុំ​គិតថា​យើង​លេង​បាន​យ៉ាង​ល្អ ដោយមាន​ការរៀបចំ​ល្អ​ក្នុងការ​ប្រកួត​នេះ​។ ទីលាន​ទីនេះ​មិន​ងាយស្រួល​លេង​ប៉ុន្មាន​ទេ ប៉ុន្តែ​យើង​អាច​លេង​យ៉ាង​គួរ​ឲ្យ​ចាប់អារម្មណ៍​មានការ​លេង​ជា​ក្រុម​យ៉ាង​ល្អ បូក​រួម​ទាំង​ឱកាសល្អៗ​យ៉ាងច្រើន​ទៀត​។

កីឡាករ​ទាំងអស់​ប្រឹងប្រែង​យ៉ាង​ខ្លាំង ​ក្នុង​ការ​ស្វែងរក​គ្រាប់​បាល់​បន្ថែមទៀត ប៉ុន្តែ​ខ្ញុំ​សប្បាយចិត្ត ព្រោះ​យើង​បាន​៣​ពិន្ទុ​"​។ គ្រាប់​បាល់​ជ័យជម្នះ​របស់​ភ្នំពេញ​ក្រោ​ន កើតឡើង​ដោយ​ការ​ភ្លាត់ស្នៀត​ធ្វើ​ឲ្យ​ចូល​ទី​ខ្លួនឯង​ពី​សំណាក់​កីឡាករ ចន្ថា ធនធាន របស់​វេ​ស្ទើ​ន នៅ​នាទី​៣៥ តាមរយៈ​ការលើក​ហ្វ្រី​ឃី​ក ដោយ​ស៊ិន កក្កដា របស់​ភ្នំពេញ​ក្រោ​ន​។



ក្រុម​ភ្នំពេញ​ក្រោ​ន កំពុង​ឈរ​ចំណាត់ថ្នាក់​លេខ​៤ បណ្តោះអាសន្ន​ក្នុង​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា ក្នុងចំណោម​សមាជិក​ទាំង​១២​នៃ​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា ក្រោយ​ប្រកួត​បាន​៨​លើក ឈ្នះ​៤ លើក​ស្មើ​២ លើក​និង​ចាញ់​២​លើក​មាន​១៤​ពិន្ទុ​ក្នុង​ដៃ​។ ក្រុម​នេះ​ក្រោម​ការដឹកនាំ​របស់លោក Sean Sainsbury ជា​គ្រូបង្វឹក​ជនជាតិ​អង់គ្លេស សំបូរ​ទៅដោយ​កីឡាករ​វ័យក្មេង​ច្រើន​អមដោយ​កីឡាករ​បរទេស​ដែលមាន​សមត្ថភាព​។ ក្រុម​នេះ​នៅតែ​ជា​បេក្ខភាព​មួយ​ក្នុងការ​ប្រជែង​យកពាន​នៅ​រដូវ​កាល​នេះ​និង​ជា​ពាន​លើក​ទី​៧​ប្រចាំ​ក្លិប​របស់ខ្លួន​ផងដែរ​។

សូម​បញ្ជាក់​ថា ​ក្រុម​ភ្នំពេញ​ក្រោ​ន នឹង​បើកទ្វា​កីឡដ្ឋាន RSN Stadium របស់ខ្លួន​ទទួល​ស្វាគមន៍​ក្រុម​បឹងកេត ក្នុង​សប្ដាហ៍​ទី​០៩ នៃ​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា ថ្ងៃ​សៅរ៍ ទី​០៩ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង៦ល្ងាច​៕

 



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu