ស្វាយរៀង ៖ នៅព្រឹកថ្ងៃពុធ ០៨រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៨នេះ រដ្ឋបាលខេត្ដស្វាយរៀងបានរៀបចំពិធីទទួលនិងដង្ហែអបអរសាទរប្រតិភូកីឡា គ្រូបង្វឹក កីឡាករកីឡាការិនីខេត្តស្វាយរៀងដែលទើបត្រឡប់ពីការចូលរួមប្រកួតព្រឹត្តិការណ៍កីឡាជាតិលើកទី២ ឆ្នាំ២០១៨ នៅរាជធានីភ្នំពេញ។
ពិធីទទួល និងដង្ហែនេះប្រព្រឹត្តិទៅចាប់ពីឃុំក្រោលគោ ត្រង់ចំណុចព្រំប្រទល់ខេត្តស្វាយរៀង-ព្រៃវែង រហូតដល់ក្រុងស្វាយរៀងដោយមានការចូលរួមពីលោក ហែម ពិសិដ្ឋ អភិបាលរង នៃគណៈអភិបាលខេត្តស្វាយរៀង តំណាងលោក ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្ត ថ្នាក់ដឹកនាំមន្ទីរអប់រំ យុវជន និងកីឡាខេត្ត ប្អូនៗយុវជនសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ព្រមទាំងមានការចូលរួមអបអរសាទរ ទទួលស្វាគមន៍ ឈរជារបងអមសងខាងផ្លូវពីប្អូនៗនិស្សិតសាកលវិទ្យាល័យស្វាយរៀង ប្អូនៗសិស្សានុសិស្សវិទ្យាល័យហ៊ុនសែនស្វាយជ្រំ វិទ្យាល័យហ៊ុនសែនចេក សាលាបឋមសិក្សាព្រះសីហនុ និងប្អូនៗសិស្សានុសិស្សវិទ្យាល័យស្វាយរៀង យ៉ាងច្រើនកុះករ។
សូមបញ្ជាក់ថា នៅក្នុងព្រឹត្តិការណ៍កីឡាជាតិលើកទី២ ចាប់ផ្ដើមពីថ្ងៃទី២៥ ខែឧសភា និងបានបិទបញ្ចប់កាលពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៨ ខេត្តស្វាយរៀងបានបញ្ជូនកីឡាទៅចូលរួមប្រកួត ចំនួន ១២ប្រភេទកីឡា ទទួលបានមេដាយសរុប ២១គ្រឿង ក្នុងនោះមេដាយមាស ចំនួន ០៣គ្រឿង មេដាយប្រាក់ ចំនួន ០៨គ្រឿង និងមេដាយសំរឹទ្ធិ ចំនួន ១០គ្រឿង ដែលមេដាយមាស បានទៅលើប្រភេទកីឡាបាល់ទាត់បុរស ១គ្រឿង វាយសីគូ(បុរស-នារី) ១គ្រឿង និងវ៉ូវីណាម ១គ្រឿង មេដាយប្រាក់ បានទៅលើប្រភេទកីឡាវាយសីគូ(នារី) ១គ្រឿង វ៉ូវីណាម ៤គ្រឿង និងតេក្វាន់ដូ ៣គ្រឿង និងមេដាយសំរឹទ្ធិ បានទៅលើប្រភេទកីឡាបាល់ទាត់នារី ១គ្រឿង វាយសី(នារីទោល) ១គ្រឿង វាយសីជាក្រុម ១គ្រឿង បាល់បោះបុរស ១គ្រឿង និងតេក្វាន់ដូ ៦គ្រឿង៕
Source: Kampuchea Thmey Daily
0 Comments