Ad Code

ពលរដ្ឋ​ខ្មែរ​អ៊ីស្លាម ៧០០​គ្រួសារ មក​ទទួល​អំណោយ​សប្បុរស​ធ​ម៏ ម៉ាឡេស៊ី សម្រាប់​ខែ​បួស​រ៉ា​ម៉ា​ឌន



ភ្នំពេញ ៖ ​លោក​អូស្មាន ហាស្សាន់ រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី បាន​នាំយក​អំណោយ សប្បុរស​ធម៌ ជា​គ្រឿង​ឧបភោគ បរិភោគ​មួយចំនួន ប្រគល់​ជូន លោកតា លោក យាយ និង​ប្រជាពលរដ្ឋ​ខ្មែរ​អ៊ីស្លាម​ចំនួន ៧០០​គ្រួសារ នៅ​សង្កាត់​ច្រាំង​ចំរេះ​១ និង ច្រាំង​ចំរេះ​២ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ ដោយ​ក្នុង​នោះ ៥០០ គ្រួសារ ជា​អំណោយ​របស់លោក​ផ្ទាល់ និង​២០០​គ្រួសារ ជា​អំណោយ សប្បុរស​ធ​ម៌​របស់​អង្គការ​ដៃគូរ​មកពី​ប្រទេស​ម៉ាឡេស៊ី ដែល ក្នុង​កញ្ចប់​អំណោយ នីមួយៗ មានតម្លៃ​២០ ដុល្លារ។



អំណោយ​ទាំងនេះ​ សម្រាប់​បងប្អូន​ពលរដ្ឋ​ខ្មែរ​អ៊ីស្លាម យកទៅ​ដោះស្រាយ​ក្នុង​ជីវភាព​បាន​មួយកំរិត​តូច ក្នុង​ខែ​បួស​រ៉ា​ម៉ា​ឌន។ ពិធី​ចែក​អំណោយ​សប្បុរស​ធម៌​នេះ បាន​ប្រព្រឹត្ត​ទៅ​កាលពី​ថ្ងៃ អង្គារ ៧​រោច ខែ​ជេ​ស្ឋ ឆ្នាំច​សំរឹទ្ធិស័ក​ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃទី​៥ មិថុនា ឆ្នាំ​២០១៨ នៅ​វិហារ​អ៊ីស្លាម​គីឡូម៉ែត្រ​លេខ​៨ ឫស្សី​កែវ។



លោក អូស្មាន ហាស្សាន់ បាន​លើក​ឡើង​ថា ការ​ចែក​រម្លែក អំណោយ​និង​ម្ហូបអាហារ​គឺជា​អំពើ​កុស​ល​ផល​បុណ្យ​មួយ​យ៉ាង​សំខាន់ និង​ចាំបាច់ ដល់​បុគ្គល​មុ​ស្លិ​ម​គ្រប់រូប ជាពិសេស​នៅក្នុង​ខែ​បួស​រ៉ា​ម៉ា​ឌន គឺជា​ឱកាស​ដ៏​ប្រពៃ អ្នក​កាន់សាសនា អ៊ីស្លាម​ប្រកួតប្រជែង​សាង​អំពើ​ល្អ ការ​បរិច្ចាគ​ទាន តាម​លទ្ធភាព សូម្បីតែ​ការ​ចែករំលែក​សម្ល​មួយ​ចាន ដល់​អ្នកជិតខាង​ក៏​មាន​ន័យ​បំផុត ហើយ​ក៏បាន​ក្លាយទៅជា​ប្រពៃណី​ល្អ​មួយ នៅ​តាម​សហគមន៍​ខ្មែរ​អ៊ីស្លាម រួម​ទាំង​សហគមន៍​អ៊ីស្លាម​លើ​សកលលោក​ផងដែរ។



លោក​រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី ក៏បាន​រំលឹក ដល់​បងប្អូន ប្រជាពលរដ្ឋ គ្រប់រូប​កុំ​ភ្លេច ត្រៀមខ្លួន​ទៅ ចូលរួម​បំពេញ​កាតព្វកិច្ច នៅ​ថ្ងៃ​២៩ ខែ​កក្កដា ឆ្នាំ​២០១៨ ដែល​ជា​ថ្ងៃ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦ ដែល​នៅ​មិនយូរ​ទៀត​ទេ គឺ​នៅ​សល់​តែ ៥៤​ថ្ងៃ​ប៉ុណ្ណោះ ហេតុនេះ ការចូលរួម​ទៅ​បោះឆ្នោត គឺជា​កាតព្វកិច្ច​របស់​យើង​ទាំងអស់​គ្នា ហើយ​សន្លឹកឆ្នោត​១​សន្លឹក របស់​បងប្អូន គឺជា​ដើមទុន យ៉ាង​សំខាន់ ក្នុង​ការ​រួម​ចំណែក​រក្សា​សុខ​សន្តិភាព បងប្អូន​រស់នៅ​ដោយ​សុខដុមរមនា ជូន​ខ្លួនឯង សហគមន៍ និង ប្រជាជាតិ​កម្ពុជា​ទាំងមូល៕

 



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu