Ad Code

អាយ​ស៊ី ស៊ី​អង្គរ ​៖ ការងារ​ថែរក្សា​និង​អភិវឌ្ឍន៍​រមណីយដ្ឋាន​អង្គរ​កាន់តែ​ទទួល​បាន​ជោគជ័យ​



សៀមរាប ​៖ ​រយៈពេល​២៥​ឆ្នាំ​មកនេះ ពិភពលោក​ទាំងមូល​មាន​ភាព​រំជើបរំជួល​ចំពោះ​សំណង់​ស្ថាបត្យកម្ម​នៃ​ប្រាសាទអង្គរវត្ត​កាន់​តែច្បាស់ ហើយ​ពី​មួយ​ឆ្នាំទៅ​មួយឆ្នាំ ភ្ញៀវ​ទេសចរ ​ដែល​មក​ទស្សនា​រមណីយដ្ឋាន​អង្គរ​មានការ​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់​។

ថ្លែង​ក្នុង​កិច្ចប្រជុំ​បច្ចេកទេស​លើក​ទី​៣០នាទី ​ស្នាក់​ការ​អាជ្ញាធរ​ជាតិ​អប្សរា ថ្ងៃទី​៥ ខែមិថុនា ឆ្នាំ​២០១៨ សហប្រធាន​បារាំង​នៃ​កិច្ចប្រជុំ​អាយ​ស៊ី ស៊ី អង្គរ លោក Guillaun NARJOLLET បាន​បង្ហាញ​ពី​ភាព​រីករាយ​ចំពោះ​ការ​ខិតខំ​ប្រឹងប្រែង​របស់​អ្នកជំនាញការ​ជាតិ និង​អន្ដរជាតិ ដែល​ធ្វើ​ឲ្យ​រមណីយដ្ឋាន​អង្គរ​មាន​ភាព​លេចធ្លោ​មកដល់​សព្វថ្ងៃ​។ ទន្ទឹម​នឹង​ការ​អបអរសាទរ លោក Guillaun NARJOLLET ក៏បាន​រំលឹក​ដែរ​ថា ការ​រីករាយ​ជាមួយនឹង​ភាព​ជោគជ័យ នឹង​អាច​នាំ​ឲ្យ​យើង​បរាជ័យ​ដែរ បើ​យើង​ធ្វេស​ប្រហែល​នៅ​ចំណុច​ណាមួយ​នៅក្នុង​តំបន់​អង្គរ​។



សហប្រធាន​បារាំង​រូប​នេះ បាន​ពន្យល់​ថា អាយ​ស៊ី ស៊ី​-​អង្គរ​ទទួល​បាន​ជោគជ័យ​យ៉ាង​ខ្លាំង​ជា​បន្ដ​បន្ទាប់​នៅក្នុង​រមណីយដ្ឋាន​អង្គរ​តាំងពី​ឆ្នាំ​១៩៩៣​មក ធ្វើ​ឲ្យ​រមណីយដ្ឋាន​អង្គរ​ប្រែក្លាយ​ពី​សម្បត្តិ​បេតិកភណ្ឌ​ប្រឈម​នឹង​គ្រោះថ្នាក់ ក្លាយជា​សម្បត្តិ​បេតិកភណ្ឌ​មួយ​ដ៏​ពេញលេញ និង​ជា​គោលដៅ​ទេសចរណ៍​ដ៏​លេចធ្លោ​ក្នុង​ពិភពលោក ហើយ​ភ្ញៀវ​ទេសចរណ៍​មានការ​កើនឡើង​ជា​រៀងរាល់​ឆ្នាំ​។ ប៉ុន្តែ​កំណើន​នេះ​ក៏​ជា​ការ​គំរាមកំហែង​ដល់​អង្គរ​ដែរ ដូច្នេះ​យើង​មិន​ត្រូវ​រីករាយ​ជាមួយនឹង​ភាព​ជោគជ័យ​នេះ​ទេ​។ យើង​ត្រូវ​ផ្តោត​សំខាន់​នូវ​ការរៀបចំ​គោលនយោបាយ​និង​អនុវត្ត​នូវ​វិធានការ​ផ្សេងៗ​ដែល​អាច​ឲ្យ​យើង​ធានា​បាន​នូវ​តុល្យភាព​រវាង​កំណើន​វិស័យ​ទេសចរណ៍​និង​កិច្ចការ​អភិរក្ស​។



ដូចគ្នា​ដែរ លោកស្រី Ann LEMEISTRS តំណាង​អង្គការ​យូណេស្កូ​ប្រចាំ​កម្ពុជា ក៏បាន​បង្ហាញ​ការ​ពេញ​ចិត្ត​ជា​ខ្លាំង​ពេល​ឃើញ​រមណីយដ្ឋាន​អង្គរ​មានការ​អភិវឌ្ឍ ហើយ​អាជ្ញាធរ​ជាតិ​អប្សរា​បាន​គិតគូរ​ហ្មត់ចត់​ជាមុន​ពី​ផល​លំបាក​និង​ចំណុច​ប្រឈម​នានា​ដែល​អាច​នឹង​កើតឡើង​ក្នុង​រមណីយដ្ឋាន​អង្គរ​ផង​ដែរ​។



លោកស្រី​ក៏បាន​អរគុណ​ដល់​អ្នកចូលរួម​ទាំងអស់​ក្នុង​រយៈពេល​២៥​ឆ្នាំ​មកនេះ ដែល​បាន​ធ្វើ​ឲ្យ​រមណីយដ្ឋាន​អង្គរ​មាន​ភាព​លេចធ្លោ​រហូត​មក​ដល់​សព្វថ្ងៃ ហើយ​សង្ឃឹមថា អ្នក​នោះ​នឹង​បន្តការងារ​ដើម្បី​បុព្វហេតុ​រមណីយដ្ឋាន​អង្គរ​បន្តទៀត។



គួរ​បញ្ជាក់​ថា គណៈកម្មាធិការ​អន្ដរជាតិ​ដើម្បី​សម្របសម្រួល​កិច្ច​គាំពារ និង​អភិវឌ្ឍន៍​រមណីយដ្ឋាន​អង្គរ ហៅ​កាត់​ថា អាយ​ស៊ី ស៊ី​-​អង្គរ បាន​បើក​កិច្ចប្រជុំ​បច្ចេកទេស​លើក​ទី​៣០​របស់​ខ្លួន នៅ​ថ្ងៃទី​៥ និង​ទី​៦ មិថុនា ឆ្នាំ​២០១៨ នៅ​ស្នាក់​ការ​អាជ្ញាធរ​ជាតិ​អប្សរា​។ សហប្រធាន​នៃ​កិច្ចប្រជុំ​នេះ គឺ​ប្រទេស​បារាំង និង​ជប៉ុន ដោយមាន​ការចូលរួម​ពី​លោកជំទាវ ភឿង ស​កុ​ណា រដ្ឋមន្ដ្រី​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ និង​ជា​ប្រធាន​អាជ្ញាធរ​ជាតិ​អប្សរា តំណាង​ស្ថានទូត​នានា ក្រុម​អ្នកជំនាញការ​ជាតិ និង​អន្ដរជាតិ​៕​

    



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu