សៀមរាប ៖ សមត្ថកិច្ចបានឲ្យដឹងថា រថយន្តម៉ាកធុនត្រា ដឹកឈើប្រណិតមួយគ្រឿង បានបើកបោះពួយក្នុងល្បឿនលឿនជ្រុលទៅបុកម៉ូតូពីក្រោយបណ្តាលឲ្យក្មេងស្រីម្នាក់ស្លាប់ និងម្នាក់ទៀតរបួសធ្ងន់។ ចំណែកអ្នកបើករថយន្តបានចុះរត់គេចខ្លួនបាត់។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោង១៧ ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៨ ស្ថិតនៅកំណាត់ផ្លូវលេខ៦៤ក្នុងភូមិព្រៃលាន ឃុំពពេល ស្រុកសូទ្រនិគម ខេត្តសៀមរាប។
សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញរថយន្តដឹកឈើម៉ាកធុនត្រា ពណ៌ខ្មៅ ពាក់ស្លាកលេខ២AI ៨០១៦ មិនស្គាល់អត្តសញ្ញាណអ្នកបើកបរ។ ចំណែកអ្នកបើកបរម៉ូតូម៉ាកសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០០៥ បានជិះឌុបគ្នា២នាក់ជិះស្របទិសគ្នា។
សមត្ថកិច្ចបានបន្តថា លុះមកដល់ចំណុចកើតហេតុស្រាប់តែរថយន្តដឹកឈើម៉ាកធុនត្រា បានបុកម៉ូតូពីក្រោយបណ្តាលឲ្យអ្នកបើកបរម៉ូតូបានស្លាប់ភ្លាម។ ចំណែកអ្នករួមដំណើរបានរងរបួសធ្ងន់។
អ្នកបើកបររថយន្តបានចុះរត់គេចខ្លួនបាត់បន្សល់ទុករថយន្តនៅចោលកន្លែងកើតហេតុ។ បន្ទាប់មកសមត្ថកិច្ចបានចុះមកដល់កន្លែងកើតហេតុ ហើយបានធ្វើការវាស់វែង រួចបញ្ជូនអ្នករងរបួសធ្ងន់ទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកសូទ្រនិគម។ សមត្ថកិច្ចបន្តថា ជនរងគ្រោះដែលស្លាប់មានឈ្មោះ ស្រី ណាក់ ភេទស្រី អាយុ១៧ឆ្នាំ រស់នៅភូមិរហាល ឃុំតាសៀម ស្រុកស្វាយលើ ខេត្តសៀមរាប។ ចំណែកអ្នករងរបួសមានឈ្មោះ ឆ លីន ភេទស្រី អាយុ១៦ឆ្នាំ រស់នៅភូមិជប់ ឃុំស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប។
បច្ចុប្បន្នសព ត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែកអ្នកបើកបរត្រូវបានសមត្ថកិច្ចកំពុងស្រាវជ្រាវយកមកផ្តន្ទាទោសទៅតាមផ្លូចច្បាប់៕
Source: Kampuchea Thmey Daily
0 Comments