Ad Code

សមិទ្ធផល ​មានតម្លៃ​ជាង​៦០​ម៉ឺន​ដុល្លារ នៅក្នុង​វត្ត​ចំការ​ខ្សាច់ ត្រូវ​បាន​​​សម្ពោធ​ដាក់​ឲ្យ​​​ប្រើប្រាស់​ជា​ផ្លូវការ



ភ្នំពេញ​ ៖ ឧបដ្ឋានសាលា និង​សាលា​ពុទ្ធិកបឋមសិក្សា ព្រមទាំង​សមិទ្ធផល​ជាច្រើន​ទៀត ដែល​មាន​តម្លៃ ៦០៣ ១៩០ ដុល្លារ ដែល​ជា​ការ​ជួយឧបត្ថម្ភ​របស់​លោក​បណ្ឌិត លី ឆេង អ្នកតំណាងរាស្ត្រ​មណ្ឌល​ភ្នំពេញ អគ្គនាយក​ប៊ែ​ល​ធី​គ្រុប និង​ជា​សាកលវិទ្យាធិការ​សាកល​វិទ្យាល័យ​ប៊ែ​ល​ធី​អន្តរជាតិ ព្រមទាំង​ភរិយា នៅក្នុង​វត្ត​ចំការ​ខ្សាច់ ត្រូវបាន​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែមិថុនា ឆ្នាំ​២០១៨ ក្រោម​អធិបតីភាព​សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

តាម​របាយការណ៍​របស់​ប្រធាន​គណៈកម្មការ​វត្ត​បាន​ឲ្យ​ដឹងថា វត្ត​ចំការ​ខ្សាច់ ជា​អារាម​មួយ​ស្ថិតនៅតាម​សណ្តរ​ស្ទឹង​ព្រែក​ត្នោត ស្ថិតនៅ​ក្នុងភូមិ​ម៉ឺ​ន្ត្រា សង្កាត់​ស្ពានថ្ម ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ហើយ​ឈ្មោះ​ដែល​នាំ​ឲ្យ​អ្នកស្រុក​ហៅថា វត្ត​ចំការ​ខ្សាច់​នេះ ដោយសារតែ​វត្ត​នេះ​បាន​កសាងឡើង​នៅលើ​ទីវាល​ខ្សាច់​ដ៏​ធំធេង ដែល​ត្រូវបាន​ចាក់គរ​ជា​រៀងរាល់ឆ្នាំ ដោយ​ខ្សែ​ទឹកស្ទឹង​ព្រែក​ត្នោត ហើយ​មកដល់ពេលនេះ ដីខ្សាច់​នៅតែ​បន្ត​ចាក់​បង្គរ​ដោយ​ខ្សែទឹក​ភាគ​ខាងលិច​វត្ត​ដដែល​។ វត្ត​នេះ​ផ្តើមកសាង​ដំបូង​នៅ​ឆ្នាំ​១៥០៤ ហើយ​ព្រះគ្រូ​ចៅអធិការ​ពីមួយ​ជំនាន់ ទៅមួយ​ជំនាន់​បាន​ខំ​កសាង​វត្ត​នេះ​ជា​បន្តបន្ទាប់​រហូតមក តែ​វត្ត​ចំការ​ខ្សាច់​ត្រូវបាន​បំផ្លាញ​ស្ទើ​គ្មាន​សល់​នៅក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​។​

របាយការណ៍​ដដែល​បាន​បញ្ជាក់ថា ក្រោយ​ថ្ងៃ​រំដោះ​ឆ្នាំ​១៩៧៩ សាសនា​ត្រូវបាន​បង្កើត​ឡើងវិញ ហើយ​សមិទ្ធផល​ត្រូវបាន​កសាងឡើង​វិញ​ជា​បន្តបន្ទាប់​ផងដែរ​។ រហូតមកដល់​បច្ចុប្បន្ន​នេះ លោក​បណ្ឌិត លី ឆេង អ្នកតំណាងរាស្ត្រ​មណ្ឌល​ភ្នំពេញ អគ្គនាយក​ប៊ែ​ល​ធី​គ្រុប និង​ជា​សាកលវិទ្យាធិការ​សាកល​វិទ្យាល័យ​ប៊ែ​ល​ធី​អន្តរជាតិ និង​ជា​ប្រធាន​ក្រុមការងារ​ចុះជួយ​សង្កាត់​ស្ពានថ្ម ព្រមទាំង​ភរិយា លោកស្រី ប៊ូ អ៊ា រួមជាមួយ​ព្រះសង្ឃ គណៈកម្មការ​អាចារ្យវត្ត និង​ពុទ្ធបរិស័ទ បានរួម​គ្នា​កសាង​សំណង់​សមិទ្ធផល​នានា ដែល​ត្រូវដាក់​សម្ពោធ​នាពេលនេះ​។

លោក ឃួ​ង ស្រេង អភិបាល រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹងថា វត្ត​ចំការ​ខ្សាច់ នេះ​ត្រូវបាន​ព្រះសង្ឃ ពុទ្ធបរិស័ទ រួមគ្នា​អភិវឌ្ឍន៍​ឲ្យ​មានការ​រីកចម្រើន គួរ​ឲ្យ​គត់​សម្គាល់ គឺមាន​លក្ខណៈ​សមជា​ទី​សក្ការបូជា​រហូតមក​។ ប៉ុន្តែ​នៅ​ចន្លោះ​ឆ្នាំ​១៩៧២ ដល់​១៩៧៩ ទី​វត្ត​នេះ បានក្លាយ​ទៅជា​ទីតាំង​សមរភូមិ​រវាង​កងទ័ព ដែល​ដឹកនាំ​ដោយ​សេនាប្រមុខ​លន់នល់ និង​ចលនា​រំដោះជាតិ​ខ្មែរក្រហម បាន​បំផ្លាញ​សមិទ្ធផល​នានា ក្នុង​វត្ត​ទាំងស្រុង​។ វត្ត​ចំការ​ខ្សាច់ ត្រូវបាន​បើក​ឲ្យ​ប្រជាពលរដ្ឋ​ចូល​គោរពបូជា​ឡើងវិញ នៅក្នុង​ឆ្នាំ​១៩៨២​។ ចាប់ពី​ឆ្នាំ​១៩៨២ រហូតមក ដល់ពេលនេះ មាន​ព្រះចៅអធិការ​ចំនួន​១០​អង្គ​ហើយ​។ បច្ចុប្បន្ននេះ ព្រះ​តេជគុណ ឈឿន ឈូក ជា​ព្រះចៅអធិការ និង​មាន​ព្រះសង្ឃ​គង់​អាស្រ័យ​ចំនួន​២០​អង្គ ហើយ​សមិទ្ធផល​នានា​ជាច្រើន​ត្រូវបាន​កសាង​សង់ និង​ជួលជុល​ជា​បន្តបន្ទាប់ ក្នុងនោះ​រួមមាន រោង​ភត្ត បូជណីយដ្ឋាន ព្រះពុទ្ធ​បដិមា​ស្ពាន់ ឆព្វណ្ណរង្សី រូបសំណាក​ព្រះបាទ​ជយ​វរ្ម័នទី​៧ កសាង​កុដិ​ថ្មី​១​ខ្នង ចាក់ដី​បំពេញ​ទីធ្លា​វត្ត ចាក់សាប បន្ទប់ទឹក រៀបចំ​សួនច្បារ បង្គោល​ភ្លើង ជីក​អណ្តូងទឹក​៣​កន្លែង ប្រព័ន្ធ​ទឹក​ប្រើប្រាស់​ក្នុង​វត្ត និង​កសាង​ឧបដ្ឋានសាលា សាលា​ពុទ្ធិកបឋមសិក្សា ដែលមាន​ទំហំ​បណ្តោយ ប្រវែង​៣០​ម៉ែត្រ ទទឹង​ប្រវែង​២២​ម៉ែត្រ កម្ពស់​២៤​ម៉ែត្រ ចាប់ផ្តើម​កសាង​ចាប់ពី​ថ្ងៃទី​១០ ខែធ្នូ​ឆ្នាំ​២០១៤ និង​បានបញ្ចប់​ជា​ស្ថាពរ​នៅ​ថ្ងៃទី​៣០​ខែឧសភា ឆ្នាំ​២០១៨​។

សមិទ្ធផល​ទាំងអស់នេះ គឺ​បានកើត​ចេញពី​មនុញ្ញផល នៃ​ការអភិវឌ្ឍ​ជាតិ​មាតុភូមិ ដើម្បី​ទ្រទ្រង់​លើកស្ទួយ​វិស័យ​ព្រះពុទ្ធសាសនា និង​ផ្តើមចេញពី​កម្លាំង​មហា​សាមគ្គី​របស់​រាជរដ្ឋាភិបាល អាជ្ញាធរ​ដែនដី ព្រះសង្ឃ លោកយាយ លោកតា ពុទ្ធបរិស័ទ​ចំណុះជើងវត្ត បងប្អូន​ប្រជាពលរដ្ឋ ព្រមទាំង​សប្បុរជន​ទាំង​ក្នុង និង​ក្រៅប្រទេស ជាពិសេស​លោក​បណ្ឌិត លី ឆេង អ្នកតំណាងរាស្ត្រ​មណ្ឌល​ភ្នំពេញ និង​ជា​ប្រធាន​ក្រុមការងារ​ចុះជួយ​សង្កាត់​ស្ពានថ្ម ព្រមទាំង​ភរិយា លោកស្រី ប៊ូ អ៊ា ដែល​បាន​ចំណាយ​ថវិកា​សរុប​ចំនួន​៦០៣.១៩០​ដុល្លារ ហើយ​សមិទ្ធផល​នេះ នឹង​ក្លាយជា​ប្រយោជន៍​សម្រាប់​ព្រះ​ថេរ​នុ​ថេ​ត្ថេ​រៈ​គ្រប់​ព្រះអង្គ បំពេញ​សង្ឃកម្ម​តាម​ពុទ្ធោវាទ និង​ជាទី​សេនាសនៈ​ដ៏​គត់មត់ សម្រាប់​សីលវន្ត សីលវតី និង​បងប្អូន​ពុទ្ធបរិស័ទ​ទាំងអស់ ប្រណិប័តន៍​ព្រះធម៌ ព្រះ​វិន័យ ទុកជា​ធម្មទាន​ដ៏​ល្អ​ក្នុង​វិស័យ​ព្រះពុទ្ធសាសនា​។​

មាន​ប្រសាសន៍​ទៅកាន់​ពុទ្ធបរិស័ទ ក៏ដូចជា​អ្នកចូលរួម សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ បាន​មាន​ប្រសា​ស​ន៍​ថា សម្រាប់​ប្រជាពលរដ្ឋ​ដែល​កាន់​ភ្ជាប់​នូវ​ព្រះពុទ្ធសាសនា ក្នុង​មួយជីវិត គឺ​នៅ​ជាមួយ​វត្ត និង​ព្រះសង្ឃ​មិនអាច​ឃ្លាតឆ្ងាយ​ឡើយ ពោលគឺ​កាល​នៅ​តូច កាលពី​ជំនាន់​មុននេះ ពេល​នៅ​ជា​កុមារភាព​ត្រូវ​បា​ឪពុកម្តាយ​យកទៅ​ផ្ញើ​នៅ​វត្ត លុះ​ធំ​បន្តិច​ត្រូវ​បួស​រៀន​ជា​សាមណេរ បន្ត​ជា​ភិក្ខុ ។ ក្រោយពី​បញ្ចប់​ការសិក្សា​នៅ​វត្ត​ហើយ​នោះ ត្រូវ​ចេញទៅ​បម្រើការ​ងារ​វិញ។ បន្ត​មក​ទៀត ចាស់​ទៅ​ក៏​ត្រូវ​ការ​ចូល​វត្ត​អារាម​វិញ ហើយ​ពេល​ស្លាប់​ទៅ​ក៏ត្រូវ​និមន្ត​ព្រះសង្ឃ​ដើម្បី​សូត្រមន្ត​តាម​ទំនៀមទម្លាប់​សាសនា​ផងដែរ។ ដូច្នេះហើយ សម្តេច​វិបុល​សេនា​ភក្តី សូមអោយ​ព្រះចៅអធិការ​វត្ត ពុទ្ធបរិស័ទ​ជិត​ឆ្ងាយ​ទាំងអស់ បន្ត​ជួយ​កសាង​វត្ត​អោយបាន​រីកចម្រើន​ថែមទៀត។ ពង្រឹង​លើ​វិស័យ​សាសនា ជៀសវាង យក​សាសនា​មក​ធ្វើជា​ឈ្នាន់ ដើម្បី​បំរើ​ផលប្រយោជន៍​ខ្លួនឯង​នាំអោយ​ខូច​សាសនា​របស់​យើង​។​

សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ បានលើកឡើង​ទៀតថា ដូនតា​យើង​បាន​បន្សល់ទុក​នូវ​វប្បធម៌​ដ៏​ល្អៗ សម្រាប់​កូនចៅ​ខ្មែរ​យើង​រហូតមក​ដល់ពេល​បច្ចុប្បន្ននេះ ដូច្នេះ​យើង​ត្រូវ​រក្សា​អោយបាន​ល្អ​បន្ថែមទៀត​សម្រាប់​កូនចៅ​ជំនន់​ក្រោយ៕


Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu