Ad Code

មន្ត្រី​FIFA ចុះមក​បង្រៀន​ពី​របៀប​ចុះបញ្ជី​កីឡាករ​តាម​អន​ឡាញ​ដល់​ក្លិប​ជា​សមាជិក​លី​គ​កំពូល​កម្ពុជា



សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា (​ស​.​ប​.​ក​) បាន​សហការ​ជាមួយ​សហព័ន្ធ​កីឡាបាល់ទាត់​អន្តរជាតិ​ហៅ​កាត់​ថា FIFA បាន​បើក​វគ្គ​សិក្សា​មួយ​ស្តី​ពី​របៀប​ចុះឈ្មោះ​កីឡាករ​របស់ខ្លួន​នីមួយៗ​តាមរយៈ​ប្រព័ន្ធ​អ៊ី​ន​ធើ​ណែ​ត ឬ​អន​ឡាញ (FIFA Connect) ដល់​ក្លិប​បាល់ទាត់​ទាំង​១២​ជា​សមាជិក​ក្នុង​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា Metfone Cambodian League 2018​។

សិក្ខាសាលា​ស្ដី​អំពី​ការចុះបញ្ជី​កីឡាករ​តាម​អន​ឡាញ ដល់​បណ្ដា​ក្លិប​ទាំង​១២​ក្នុង​ក្របខ័ណ្ឌ​លី​គ​កំពូល​កម្ពុជា នេះ​ធ្វើឡើង​ពេញ​មួយថ្ងៃ​គឺ​នៅ​ថ្ងៃ​ពុធ ទី​១៣​ខែមិថុនា ដែលមាន​លោក ម៉ា​ទីន សេម ជា​ប្រធាន​ផ្នែក Connect Platform មកពី​សហព័ន្ធ​កីឡាបាល់ទាត់​អន្តរជាតិ​។ ​វគ្គ​សិក្សា​នេះ ធ្វើឡើង​នៅក្នុង​បន្ទប់​ប្រជុំ​ការិយាល័យ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ ចាប់ពី​ម៉ោង​៨:៣០​ព្រឹក​ដល់​ម៉ោង​៥​ល្ងាច ខណៈ​អ្នកចូលរួម​ទាំងអស់​ជា​មន្ត្រី​រដ្ឋបាល​ទទួលបន្ទុក​ផ្នែក​ចុះបញ្ជី​កីឡាករ​របស់​ក្លិប​នីមួយៗ​។

ក្រោយ​បញ្ចប់​សិក្ខាសាលា​នេះ​តំណាង​គ្រប់គ្រង​វគ្គ​បាន​លើក​ឡើង​ថា ​វគ្គ​នេះ​គឺ​ផ្ដោត​ជា​ចម្បង​លើ​ចំណុច​សំខាន់ៗ​ជាច្រើន​ដូចជា​របៀប​ចុះឈ្មោះ​គណនី​, ការ​ពន្យល់​អំពី​មុខងារ​នីមួយៗ​, ការចុះបញ្ជី​ក្លិប​, ការ​បញ្ចូល​តួនាទី​បុគ្គលិក​របស់​ក្លិប​, ការចុះបញ្ជី​កីឡាករ​, ការ​អនុម័ត​យល់ព្រម​ផ្ទេរ​កីឡាករ​, ការបន្ត​កិច្ចសន្យា​ថ្មី​, ការចុះបញ្ជី​គ្រូបង្វឹក​, ការធ្វើ​របាយការណ៍​, ការចុះបញ្ជី​ទីតាំង​ប្រកួត និង​អ្នកគាំទ្រ តាម​ប្រព័ន្ធ​អ៊ី​ន​ធើ​ណិ​ត តាម​ស្តង់ដារ​របស់​សហព័ន្ធ​កីឡាបាល់ទាត់​អន្តរជាតិ​។

សូម​រំលឹក​ថា ​កាលពី​ចុងខែ​ឧសភា ឆ្នាំ​២០១៨ កន្លងទៅ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា ធ្លាប់បាន​សហការ​ជាមួយ​មន្ត្រី​ជំនាញ​ពី​សហព័ន្ធ​កីឡាបាល់ទាត់​ទ្វីបអាស៊ី (AFC) បង្កើត​វគ្គ​សិក្សា​ផ្នែក​«​អាជ្ញា​ប័ណ្ណ​ក្លិប ឬ Club Licensing » ដល់​ក្លិប​ទាំង​១២​ជា​សមាជិក​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា ម្តង​រួចមកហើយ​ដើម្បី​ទទួលបាន​ការ​ទទួលស្គាល់​ពី AFC ថា​តើ​ក្លិប​នោះ​ត្រូវ​មាន​លក្ខខណ្ឌ​អ្វីខ្លះ​មាន​លក្ខណៈវិនិច្ឆ័យអ្វី​ខ្លះ​ដើម្បី​ក្លាយ​ជា​ក្លិប​អាជីព​មួយ​អាច​លេខ​ក្នុង ពានរង្វាន់​AFC Cup បាន​៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu