ស្ត្រីវេជ្ជបណ្ឌិតម្នាក់ មកពីខេត្ត Zhejiang ប្រទេសចិន រងការផ្តន្ទាទោសជាប់ពន្ធនាគារ២ឆ្នាំនិង៦ខែ បន្ទាប់ពីអ្នកជំងឺ៥នាក់ឆ្លងវីរុសហ៊ីវដោយសារតែការខុសឆ្គងផ្នែកវេជ្ជសាស្ត្ររបស់ពេទ្យ។ នេះបើយោងតាមសាលក្រមមួយចេញផ្សាយកាលពីចុងខែឧសភា។
អ្នកស្រី Zhao Jinfang អាយុ៣៣ឆ្នាំជាវេជ្ជបណ្ឌិតម្នាក់បម្រើការនៅមន្ទីរពេទ្យ The Zhejiang Provincical Hospital TCM បានទទួលការផ្តន្ទាទោសពីបទឧក្រិដ្ឋបង្កគ្រោះថ្នាក់ផ្នែកវេជ្ជសាស្ត្រកាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំទៅមិញ។ នេះជាការលើកឡើងនៅក្នុងសេចក្តីសម្រេចវិនិច្ឆ័យទោសពីតុលាការប្រជាជនសង្កាត់ Shangcheng ក្នុងក្រុង Hangzhou នៃខេត្តខាងលើ។
ការសម្រេចសេចក្តីលើកឡើងថា អ្នកស្រី Zhao មិនបានគោរពទៅតាមតួនាទីដ៏សំខាន់របស់ខ្លួនក្នុងសភាពធ្ងន់ធ្ងរ ដោយសារម្ជុលដែលចាក់ថ្នាំព្រមទាំងស៊ឺរាំង មិនបានបោះចោលពេលប្រើម្តងរួចហើយ ពេលដែលអ្នកស្រីធ្វើការប្រមូលយក Lymphocytes នៅក្នុងមន្ទីរពេទ្យកាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៦។
ការសម្រេចសេចក្តីបានកត់ត្រាថា អ្នកស្រីជាវេជ្ជបណ្ឌិតរូបនេះប្រើម្ជុលចាក់បូមតែមួយពីអ្នកជំងឺមួយក្រុម ហើយក្រោយមកបានបញ្ជូន Lymphocytes ទាំងនោះទៅហើយ សមាជិកបុគ្គលិកពេទ្យផ្សេងទៀតយកទៅចាក់ឲ្យអ្នកជំងឺផ្សេងនៅក្នុងថ្ងៃតែមួយដដែល។
កាលពីខែមករា ឆ្នាំទៅមិញ ពេលដែលអ្នកស្រី Zhao ដឹងថា មានអ្នកជំងឺម្នាក់នៅក្នុងក្រុមអ្នកជំងឺទាំងនោះរងការឆ្លងវីរុសហ៊ីវ មុនពេលធ្វើការចាក់បូមប្រមូលយក Lymphocyte នោះទើបបានជាអ្នកស្រីរាយការណ៍អំពីកំហុសឆ្គងរបស់ខ្លួនប្រាប់ទៅមន្ទីរពេទ្យ។
នៅក្នុងខែកុម្ភៈ មានស្ត្រី៥នាក់នៅក្នុងក្រុមអ្នកជំងឺទាំងនោះក្នុងនោះក៏មានស្ត្រី២នាក់មានផ្ទៃពោះទៅទៀតក៏ត្រូវបានរកឃើញផងដែរថា ឆ្លងវីរុសហ៊ីវ។ អ្នកស្រីត្រូវទទួលរងការឃុំខ្លួននៅថ្ងៃទី៨ ខែវិច្ឆិកា។
យោងតាមការសវនាការរបស់តុលាការ រយៈពេលទទួលទោសពន្ធនាគាររបស់អ្នកស្រី Zhao ចាប់ផ្តើមនៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៧ ហើយត្រូវបញ្ចប់នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៩៕
អេ.អិន.អិន
Source: Kampuchea Thmey Daily
0 Comments