Ad Code

លោក​ពេជ្រ កែវ​មុនី ៖ សុខទុក្ខ​របស់​ប្រជាពលរដ្ឋ​គឺជា​សុខទុក្ខ​របស់ខ្ញុំ



ភ្នំ​ពេ​ញ ៖ លោក​ពេជ្រ កែវ​មុនី អភិបាល​នៃ​គ​ណៈ​អភិបាលខណ្ឌ​មានជ័យ ​តែងតែមាន​ប្រសាសន៍​ ពេល​ដែល​លោក​បាន​ចុះ​សាកសួរ​សុខទុក្ខ​​ ​បងប្អូន​ប្រជាពលរដ្ឋ​តាម​ខ្នង​ផ្ទះ​ថា សុខទុក្ខ​របស់​ប្រជាពលរដ្ឋ​គឺជា​សុខ ទុក្ខ​របស់លោក។

ជួប​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ​តាម​បណ្តា​សង្កាត់​ទាំង​៧​ ក្នុង​ខណ្ឌមានជ័យ​ជា​រៀងរាល់ថ្ងៃ​គឺ​លោក​ពេជ្រ ​កែវ​មុនី បាន​បញ្ជាក់​ជូន​ប្រជាពលរដ្ឋ​ថា លោក​តែង​គិតគូរ​ពី​សុខទុក្ខ​របស់​បងប្អូន​ប្រជាពលរដ្ឋ​មិនដែល​លោះ​ពេល​ឡើយ​។ ហើយ​នៅ​ពេល​ដែល​បានឃើញ​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ជួប​ការ​លំបាក​ក្នុង​ជីវភាព ​គឺ​ចាំបាច់​លោក​ត្រូវ​រួសរាន់​នាំ​យក​អំណោយ​មក​ផ្តល់​ជូន​ភ្លាមៗ​ដោយ​ពុំ​ពន្យារពេល​ឡើយ។

លោក​ពេជ្រ កែវ​មុនី បាន​ប្រាប់​កម្ពុ​ជាថ្មី​ថា​ ជា​រៀងរាល់ថ្ងៃ​បន្ទាប់ពី​បញ្ចប់​ការងារ​ចំពោះមុខ​រួចមក​លោក​តែង​យក​ពេល​ចុះ​ជួប​ជួប​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ​ដល់​លំនៅឋាន​ផ្ទាល់​ដើម្បី​ចង់​ដឹង​ពី​សុខទុក្ខ​និង​ជីវភាព​នៃ​ការរស់នៅ​របស់​ពួកគាត់​ហើយ​ពេល​ចុះ​ជួប​ផ្ទាល់ ​ទើប​លោក​បានដឹង​ច្បាស់​ពី​សកម្មភាព​របស់​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​។



ក្នុង​នោះ ​គឺ​បងប្អូន​ប្រជាពលរដ្ឋ​លោក​ហ៊ាន​និយាយ​ថា ​មេភូមិ​ ឬ ​ចៅសង្កាត់​និង​នគរបាល​មណ្ឌល​នាយ​នគរបាល​ប៉ុស្តិ៍​យ៉ាង​មិច​ ខ​ណៈ​ដែល​ពេល​លោក​ចុះ​ទៅដល់​មូលដ្ឋាន​ណា​គឺ​លោក​មិនដែល​ផ្តល់ដំណឹង​ឲ្យ​មន្ត្រី​មូលដ្ឋាន​ចុះ​មក​ហែហម​នោះ​ឡើយ​បើ​មិន​ដូច្នោះ​ធ្វើ​ម្តេច​នឹង​បាន​ដឹង​រឿងរ៉ាវ​ក្នុង​មូលដ្ឋាន​។

លោក​ពេជ្រ ​កែវ​មុនី បាន​មានប្រសាសន៍​ទៀត​ថា ​រាល់​របាយការណ៍​ដែល​មន្ត្រី​អាជ្ញាធរ​តាម​បណ្តា​សង្កាត់​ដែល​រាយការណ៍​ប្រចាំថ្ងៃ​ពី​បញ្ហា​មួយចំនួន​ក្នុង​មូលដ្ឋាន ​គឺ​លោក​តែងតែ​ចុះ​ទៅដល់​ចំណុច​ដែល​មាន​បញ្ហា​ធ្វើ​យ៉ាង​ណា​ដោះស្រាយ​ឲ្យ​បាន​ឆាប់​តាម​សំណូមពរ​របស់​ប្រជាពលរដ្ឋ​ព្រោះ​បើ​ពុំ​ដូច្នោះ​ទេ​ គឺ​បងប្អូន​ប្រជាពលរដ្ឋ​លោក​មិន​ជឿជាក់​លើ​អាជ្ញាធរ​មូលដ្ឋាន​ឡើយ។

លោក​អភិបាលខណ្ឌ​បាន​បញ្ជាក់​ថា ​ការ​ចុះ​ជួប​សំណេះសំណាល​ដោយ​ផ្ទាល់​បែបនេះ​បាន​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​បាន​ស្គាល់​ហើយ​យល់​ច្បាស់​រួច​ហ៊ាន​និយាយ​ការពិត​ដោយ​មិន​លាក់លៀម​ព្រោះ​ពួកគាត់​បាន​រាយការណ៍​ផ្ទាល់​មិន​ចាំ​បាច់​ធ្វើ​សំណើ​សុំ​ជួប​នោះ​ឡើយ​។

ខ​ណៈ​ពេល​ដែល​មាន​វត្តមាន​លោក​ពេជ្រ កែវ​មុនី អភិបាល​នៃ​គ​ណៈ​អភិបាលខណ្ឌ​មានជ័យ​ចុះ​ជួប​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ​ដោយ​ផ្ទាល់​បែបនេះ​ គឺ​ប្រជាពលរដ្ឋ​លោក​គាំទ្រ​យ៉ាងខ្លាំង​ ព្រោះ​ធ្វើ​ឲ្យ​ថ្នាក់ដឹកនាំ​នឹង​ប្រជាពលរដ្ឋ​នៅ​ខិត​ជិត​គ្នា​បែបនេះ​ជា​រៀង​រហូត​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu