Ad Code

អូស្ត្រាលី​ នឹង​ធ្វើ​ការ​សុំ​ទោស​ថ្នាក់​ជាតិ​សម្រាប់​ការ​រំលោភបំពាន​ផ្លូវភេទ​កុមារ​តាម​ស្ថាប័ន



នាយករដ្ឋមន្ត្រី​អូស្ត្រាលី​លោក Malcolm Turnbull បាន​និយាយ​នៅ​ថ្ងៃ​ពុធ​ថា លោក​នឹង​ធ្វើការ​សុំទោស​ថ្នាក់​ជាតិ​ដល់​ជនរងគ្រោះ​នៃ​ការ​រំលោភបំពាន​ផ្លូវភេទ​កុមារ​តាម​ស្ថាប័ន​ និង​ក្រុម​គ្រួសារ​របស់​ពួកគេ​នៅ​ថ្ងៃទី​២២​ខែតុលា។

ការ​សុំទោស​នា​ពេល​ខាង​មុខ​នេះ ​ត្រូវ​បាន​បង្កឡើង​ដោយ​ការស៊ើបអង្កេត​រយៈពេល​៥​ឆ្នាំ​លើ​ការរំលោភបំពាន​ផ្លូវភេទ​លើ​កុមារ​ជាង​៨,០០០​ករណី​ដែល​បាន​ប្រព្រឹត្តឡើង​យ៉ាង​ធំធេង​នៅតាម​ស្ថាប័ន​សាសនា​និង​ស្ថាប័នរដ្ឋ​ដែល​ទទួលខុសត្រូវ​ចំពោះ​សុវត្ថិភាព​កុមារ​។​

លោក Turnbull បាន​ប្រាប់​ក្រុម​អ្នកយកព័ត៌មាន​នៅ​ទីក្រុង​កង់​បេ​រ៉ា​ថា “​ឥឡូវនេះ យើង​បាន​រកឃើញ​នូវ​ការពិត​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​។ យើង​ត្រូវតែ​ធ្វើ​អ្វី​គ្រប់យ៉ាង​នៅក្នុង​អំណាច​របស់​យើង​ដើម្បី​គោរព​ភាពក្លាហាន​របស់​មនុស្ស​រាប់ពាន់នាក់​ដែល​បាន​ចូលមក​តតាំង​”​។​

លោក Turnbull បាន​និយាយ​នៅ​ថ្ងៃ​ពុធ​ថា រដ្ឋាភិបាល​នឹង​អនុម័ត​អនុសាសន៍​ចំនួន​១០៤​ក្នុងចំណោម​អនុសាសន៍​១២២​ដែល​ស្នើឡើង​ដោយ​ការស៊ើបអង្កេត​ដែល​គេ​ហៅថា “Royal Commission” ដោយ​រួមបញ្ចូល​នូវ​គម្រោង​ដោះស្រាយ​សំណង​ជាតិ​ដែល​ផ្តល់​សេវា​ហិរញ្ញវត្ថុ​និង​ច្បាប់​ដល់​ជនរងគ្រោះ​។​
​រដ្ឋាភិបាល​នៅតែ​ពិចារណា​លើ​អនុសាសន៍​នៅ​សេសសល់​ចំនួន​១៨​ដោយ​រួមទាំង​សំណើ​មួយ​ដែល​អូស្ត្រាលី​ដាក់ចេញ​នូវ​ច្បាប់​មួយ​ដែល​ជំរុញ​ឲ្យ​មេដឹកនាំ​សាសនា​ត្រូវ​រាយការណ៍​អំពី​ការ​រំលោភបំពាន​លើ​កុមារ​ផងដែរ​។​

វា​ជា​រឿង​កម្រ​ណាស់​សម្រាប់​រដ្ឋា​ភិ​បាល​អូស្ត្រាលី​ក្នុង​ការចេញ​ការ​សុំទោស​ថ្នាក់ជាតិ​មួយ​ដែល​ត្រូវបាន​រក្សាទុក​សម្រាប់តែ​កំហុស​ខុសឆ្គង​ធ្ងន់ធ្ងរ​ប៉ុណ្ណោះ​។​

ក្នុង​ឆ្នាំ​២០០៨, នាយករដ្ឋមន្ដ្រី Kevin Rudd បាន​សុំទោស​សមាជិក Stolen Generations នៃ​ជនជាតិដើម​ភាគតិច​អូស្ត្រាលី​ដែល​ត្រូវបាន​គេ​លួច​យក​ទាំង​បង្ខំ​ចេញពី​ក្រុមគ្រួសារ​និង​សហគមន៍​របស់​ពួកគេ​នៅពេល​ពួកគេ​ជា​កូនក្មេង​ក្រោម​គោលនយោបាយ​គ្រប់គ្រង​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu