Ad Code

រឿង​ម្ចាស់​អាហារដ្ឋាន​មួយ រំលោភ​យក​ដី​សាលា​បុណ្យ​នៅ ភ្នំ​ព្រះរាជ​ទ្រព្យ មេភូមិ​ និង​ មេឃុំ ដោះស្រាយ​មិន​ចេញ ​ដោយសារ​ជ្រុល​ស៊ីញេ​ប្លង់ដី​ឲ្យ​គេ​រួច​?



កណ្ដាល​ ៖ ​ករណី​ទំនាស់​ដីធ្លី រវាង​ម្ចាស់​អាហារដ្ឋាន​ស្រី​ម៉ុ​ច​999 រំលោភ​យក​ដី​សាលា​បុណ្យ​របស់​អ្នកភូមិ​ជ័យ ឧ​ត្ត​ម ឃុំ​ផ្សារ​ដែក ស្រុក​ពញាឮ ខេត្តកណ្តាល ចាប់តាំងពី​ដើមខែ​កុ​ម្ភៈ ឆ្នាំ​២០១៨ រហូតដល់​​ ខែមិថុនា ឆ្នាំ​២០១៨​នេះ​ នៅ​មិនទាន់​ដោះស្រាយ​ចេញ​នៅឡើយ​ទេ ដោយសារតែ​ភាគី​ខាងចុង​ចោទ​បាន​អះអាង​ថា ​គាត់​មាន​ឯកសារ​ប្លង់ដី​ ដែល​លោក​មេភូមិ​និង​មេឃុំ​បាន​ស៊ីញេ​ឲ្យ​គាត់។

ទំនាស់​នេះ​ធ្វើ​ឲ្យ​ប្រជាជន​ចំនួន​ជាង​៣០០​គ្រួសារ ​បាន​នាំ​គ្នា​ប្រឆាំង​ចំពោះ​ការ​រំលោភបំពាន​នេះ ទប់ទល់​ជាមួយ​ម្ចាស់​អាហារដ្ឋាន ស្រី​ម៉ុ​ច​999 ដែល​មាន​ទីតាំង​កន្ទុយ​ដីឡូត៍​នៅជាប់​សាលា​បុណ្យ​នោះ​។



​ម្ចាស់​អាហា​រដ្ឋា​ន​មួយ​នេះ ឈ្មោះ ថន ភេទ​ស្រី ​អាយុ​ជាង​៥០​ឆ្នាំ ​(​មេម៉ាយ​) តែងតែ​បដិសេធ​ចំពោះ​ការ​ទាមទារ​របស់​អ្នកភូមិ​ថា​នឹង​មិន​ប្រគល់​ដី​នេះ​ឲ្យ​ទៅ​អ្នកភូមិ​​ ឬ​ ខាង​សាលា​បុណ្យ​នេះ​ឡើយ​ដោយ​គាត់​បាន​លើក​បង្ហាញ​ឯកសារ​ជា​សាធារណៈ នៅ​ចំពោះមុខ​អ្នក​តវ៉ា​ថា មូលហេតុ​ដែល​គាត់​រុះរើ​របង​ចាស់​មក​ក្រោយ​បន្ថែមទៀត​ មកដល់​សាលា​បុណ្យ​នេះ គឺ​គាត់​បាន​ធ្វើ​ការវាស់វែង​ផ្ទៀងផ្ទាត់​ទៅតាម​ប្លង់ដី​ ដែល​លោក​មេភូមិ​ឈ្មោះ ជិន សំអឿន និង​មេឃុំ​ផ្សារ​ដែក ឈ្មោះ ញឹ​ប ចាន់ ជា​អ្នក​បាន​ស៊ី​ញ៉េ ឯកសារ​ប្លង់ដី​នេះ ឲ្យ​គាត់​ជា​ផ្លូវការ​រួចរាល់​ហើយ​ធ្វើជា​ភស្តុតាង​។

​លោក ញឹ​ប ចាន់ មេឃុំ​ផ្សារ​ដែក បាន​មានប្រសាសន៍​បកស្រាយ​ប្រាប់​ភ្នាក់ងារ​កម្ពុជា​ថ្មី នៅ​រសៀល​ថ្ងៃទី​២០​ខែមិថុនា ឆ្នាំ​២០១៨ នេះ​ថា ករណីនេះ​ លោក​ដោះស្រាយ​មិន​ចេញ​ទេ ព្រោះ​ភាគី​ខាង​រំលោភ​យក​ដី​សាលា​បុណ្យ គេ​មិន​ព្រម​ប្រគល់​ដី​នោះ​មក​ឲ្យ​ខាង​សាលា​បុណ្យ​ជា​អចលនទ្រព្យ​របស់​រដ្ឋ​នោះ​ទេ​ដូច្នេះ​លោក​បាន​បញ្ជូន​រឿង​នេះ​ទៅកាន់​សាលាស្រុក​ឲ្យ​ដោះស្រាយ​ម្តង​។

​ពាក់​ព័​ន្ធ​ដល់​ការ​ចោទ​សួរ​ថា តើ​លោក​ជា​អ្នក​ស៊ី​ញេ​ប្លង់ដី​នោះ​ ឲ្យ​ទៅ​ឈ្មោះ ថន ម្ចាស់​អាហារដ្ឋាន​999 ដែល​មាន​ឯកសារ​បញ្ជាក់​ដី​នោះ​ មាន​ប្រវែង​ជាង​៩០​ម៉ែត្រ រហូតដល់​សាលា​បុណ្យ​នោះ មែន​ឬទេ​? លោក​បាន​ឆ្លើយ​ដោយ​មិន​ច្បាស់​លាស់​ថា គ្រាន់តែ​ធ្វើ​ឲ្យ​ដើម្បី​សុំ​ខ្ចី​លុយ​ពី​ធនាគារ​តែប៉ុណ្ណោះ ដោយ​មិន​នឹក​ស្មានថា វា​មានរឿង​ចឹ​ង​កើតឡើង​។

ទំនាស់​នេះ បាន​ធ្វើ​ឲ្យ​អ្នកភូមិ​មានការ​ខឹងសម្បា ហៀបនឹង​ផ្ទុះ​កំហឹង​ដោយ​អំពើ​ហិង្សា​ដាក់គ្នា ចំនួន​២​ដង​មក​ហើយ​, លើក​ទី​១ នៅ​ដើមខែ​កុម្ភៈ ខណៈ​ឃើញ​ស្ត្រី​ឈ្មោះ ថន បាន​រុះរើ​របង​ចាស់​មក​បោះ​បង្គោលរបង​ថ្មី ដល់​ដី​ផ្លូវ​សាធារណៈ​និង ជា​ដី​ទីធ្លា​របស់ សាលា​បុណ្យ​ភូមិ​។ លើក​ទី​២ នៅ​ល្ងាច​ថ្ងៃទី​៣០ ខែមេសា​ឆ្នាំ​២០១៨ ជា​ថ្ងៃបុណ្យ​ដារ​ភូមិ​ប្រចាំឆ្នាំ ដែល​ស្ត្រី​ម្ចាស់​ហាង​នេះ​បាន​បញ្ជា​កូន​ចៅ​ឲ្យ​យក​ពោះវៀន​មាន់​ទារ ស្អុយៗ​រួម​នឹង​សំរាម​ផង មក​ចាក់​គរ​នៅជាប់​សា​លា​បុណ្យ ក្នុង​គោលបំណង​មិន​ឲ្យ​ចាស់ៗ​និង​ព្រះសង្ឃ​អាច​អង្គុយ​សូត្រធម៌​ធ្វើបុណ្យ​បាន​ដូច​សព្វមួយដង​។

នៅ​ពេល​នោះ​ អ្នកភូមិ​នាំគ្នា​ចោមរោម​ជេរ​រិះគន់​ចំពោះ​អំពើ​មិន​គប្បី​នេះ រហូត​អ្នក​ខ្លះ​នាំគ្នា​កាន់ដំបង​និង​កាំបិត​ប៉ង​ប្រយុទ្ធ​គ្នា រហូត​ផ្អើល​ដល់​ប៉ូលិស​និង​មេភូមិ អន្តរាគមន៍​យ៉ាង​តក់ក្រហល់​។

​នៅពេល​ទំនាស់​នោះ​ មេភូមិ​បាន​មក​សម្របសម្រួល​អង្វរ​ប្រជាជន​មិន​ឲ្យប្រើ​អំពើ​ហិង្សា​ដាក់​អ្នក​រំលោភ​បំពាន​យក​ដី​សាលា​បុណ្យ​នោះ​ទេ ដោយ​បាន​ពាំនាំ​នូវ​ពាក្យសំដី​របស់​លោក​មេ​ឃុំ​ថា នឹង​ដោះស្រាយ​ជូន​ឲ្យ​បាន​វិញ​ក្នុងពេល​ឆាប់ៗ​នេះ​។

​រហូតមកដល់​ពេលនេះ​ រយៈពេល​ជិត​៤​ខែ​ហើយ លោក​មេឃុំ មិន​មាន​លទ្ធភាព​ដោះស្រាយ​ដោយសារ​កំហុស​របស់​ខ្លួន​ឯង​ជាមួយ​នឹង​លោក​មេភូមិ ហើយ​បាន​រុញ​ឲ្យ​ប្រជាជន​នាំគ្នា​ទៅ​តវ៉ា នៅ​សាលាស្រុក​ពញា ដោយ​លោក​បាន​ប្រាប់ថា ​រឿង​នេះ​ប្រគល់​ឲ្យ ខាង​សាលាស្រុក​ជា​អ្នក​ដោះស្រាយ​ម្តង​។

​លោក ថន សុ​វណ្ណា អភិបាលស្រុក ពញាឮ ខេត្តកណ្តាល បាន​មានប្រសាសន៍ថា​ លោក​មិនទាន់​បានដឹង​និង​ទទួល​ឯកសារ​នេះ​នៅឡើយ​ទេ ​ហើយ​ថា លោក​នឹង​ចាត់ចែង​ឲ្យ​មន្ត្រី​ជំនាញ​របស់​លោក​ធ្វើការ​ទាក់ទង​ស្រាវជ្រាវ​រឿងនេះ​។

ចំណែក​ប្រជាពលរដ្ឋ​នៅ​ភូមិ​ជ័យ​ឧ​ត្ត​ម​វិញ បាន​នាំ​គ្នា​ខឹងសម្បា​ចំពោះ​លោក​មេ​ភូមិ​និង​មេឃុំ​ក្រោយ​ដឹង​រឿង​ថា មកពី​ស៊ី​ញេ​ដី​ឲ្យ​គេ​ដល់​សាលា​បុណ្យ​ចឹ​ង ​ទើប​បានជា​មិន​ហ៊ាន​ចេញមុខ​ដោះស្រាយ​ផ្ទាល់​នៅ​សាលា​បុណ្យ មិន​ចេញមុខ​សោះ​ហើយ​ថា បើ​មិន​ដោះស្រាយ​ឲ្យ​ប្រជាជន​ទេ លោក​មេភូមិ​និង​លោក​មេឃុំ នឹង​ត្រូវ​ធ្លាក់​ឆ្នោត ឬ​អាច​នឹង​នាំគ្នា​ធ្វើបាតុកម្ម​ទម្លាក់​ចេញពី​តំណែង​៕

 



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu